ប្រសើរណាស់! ជប៉ុន-កម្ពុជា លើក​គម្រោងកែច្នៃ សំរាមប្លាស្ទិកទៅជាបេតុងកៅស៊ូ (AC)សម្រាប់ធ្វើ​ផ្លូវនៅកម្ពុជា

  • 2022-01-26 05:05:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពី ថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២២ ជប៉ុននិងកម្ពុជាបានកំពុងនឹង ពិចារណាទៅលើការកែច្នៃ សំរាមប្លាស្ទិក ឱ្យទៅជាបេតុងកៅស៊ូ (AC)សម្រាប់ការសាងសង់ផ្លូវកម្ពុជានៅក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ ជាមួយគណៈប្រតិភូក្រុមហ៊ុនជប៉ុន ដឹកនាំដោយលោក Shu NISHIYAMA នាយកប្រតិបត្តិក្រុមហ៊ុន និងគណៈប្រតិភូ អមដំណើរដោយជំនាញការទីភ្នាក់ងារ JICA ប្រចាំក្រសួងសាធារណការ និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

នាឱកាសនោះលោក Shu NISHIYAMA បានណែនាំគ្រឿងចក្រប្រភេទថ្មី ដែលមានសមត្ថភាពអាចកែច្នៃសំរាមប្លាស្ទិកឱ្យទៅជាបេតុងកៅស៊ូ (AC) សម្រាប់ការសាងសង់ផ្លូវនៅកម្ពុជា និងស្នើសុំឱ្យ ក្រសួងពិចារណាលើការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ ដោយហេតុថាវាមានលក្ខណៈសមស្របអាចប្រើ ប្រាស់បាននៅកម្ពុជា ទោះបី ភ្លៀងធ្លាក់រយៈពេលយូរ ក៏អាចធានាបាននូវការជ្រាបទឹក និងធ្វើឱ្យផ្លូវជាប់រឹងមាំបានយូរអង្វែងផងដែរ។

ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រុមហ៊ុនពិនិត្យស្ថានភាពនៅកម្ពុជាឱ្យបានល្អិតល្អន់ មុននឹងសម្រេចលើការនាំចូលបច្ចេកវិទ្យាថ្មីនេះ ជាពិសេសពិនិត្យសំរាមនៅកម្ពុជា ដែលមិនមាន ការបែងចែកប្រភេទសំរាម អាចបង្កជាបញ្ហាស្មុគស្មាញក្នុងការផ្គត់ផ្គង់សម្រាប់ដំណើរការកែច្នៃ ប៉ុន្តែទោះយ៉ាងណា ឯកឧត្តម នៅតែបង្ហាញនូវការគាំទ្រលើ គំនិតផ្ដួចផ្ដើមនៃការនាំយកមកប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីនេះផងដែរ ដើម្បីចូលរួមថែរក្សាបរិស្ថានស្អាត។

ជាចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុនធ្វើការសិក្សាឱ្យបានលម្អិតទាក់ទងនឹង បរិមាណប្លាស្ទិកនៅកម្ពុជា ថាតើអាចផ្គត់ផ្គង់សម្រាប់ការកែច្នៃបានកម្រិតណា និងបានបញ្ជាក់ថា៖ តម្លៃ ផលិតផលនោះមិនត្រូវឱ្យលើសថ្លៃបេតុងកៅស៊ូ (AC) ដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្នទេ និងត្រូវសិក្សាអំពីបញ្ហាផលប៉ះពាល់បរិស្ថានដោយប្រៀបធៀបនឹងការប្រើប្រាស់បេតុងកៅស៊ូផងដែរ៕

ប្រភព៖ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទដោយ៖ សាន​ សុធារដ្ឋ