មក​ដឹង​ច្បាប់ប្រកួត​ថ្មី​កាត់ពិសេសរវាង មនុស្សដែក Rodtang ប៉ះខ្លាចាស់ Johnson

  • 2022-02-02 08:28:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើងឯកគុនចម្រុះពិភពលោករបស់អាមេរិក Demetrious Johnson ត្រូវប្រឈមមុខនឹងជើងខ្លាំងមនុស្សដែកជើងឯកមួយថៃពិភពលោក Rodtang Jitmuangnon នាថ្ងៃសៅរ៍ ទី២៦ ខែមីនា ឆ្នាំ២០២២ ក្នុងព្រឹត្តិការណ៍ប្រកួត ONE X ដែលជាខួប១០ឆ្នាំនៃការបង្កើតស្ថាប័ន ONE។

សម្រាប់កេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិវិញ Johnson ល្បីទូទាំងពិភពលោកច្រើនឆ្នាំមកហើយនៅពេលរូបគេជាជើងឯកពិភពលោកនៅស្ថាប័ន UFC ខណៈកីឡាករថៃទើបតែលេចធ្លោខ្លាំងនៅពេលក្លាយជាជើងឯកពិភពលោកនៅស្ថាប័ន ONE Championship នៅឆ្នាំ២០១៩។ ជំនួបជើងខ្លាំងខុសជំនាញគ្នាទាំងពីរត្រូវបានប្រសិទ្ធនាមថា«ការប្រកួតកូនកាន់» ពីព្រោះកីឡាករអាមេរិកមានជំនាញគុនចម្រុះ (MMA) ខណៈ Rodtang មានជំនាញមួយថៃ ប៉ុន្តែអ្នកទាំងពីរជាជើងឯកពិភពលោកដូចគ្នា។

ការប្រកួតកូនកាត់ពិសេសសម្រាប់អ្នកទាំងពីរនេះគឺត្រូវប្រើពេល៤ទឹកដែលលាយចម្រុះគ្នារវាងជំនាញគុនចម្រុះ និងមួយថៃ។ ការប្រកួតនៅទឹកទី១ និងទី៣ គឺជំនាញមួយថៃ ខណៈទឹកទី២ និងទី៤ប្រកួតជំនាញគុនចម្រុះ។ វានឹងក្លាយជាការសាកល្បងសមត្ថភាពដ៏តឹងតែងសម្រាប់ជើងឯកពិភពលោកទាំងពីរ ដោយសារពួកគេសុទ្ធតែមានឆន្ទៈផ្លាស់ប្តូរជំនាញដូចគ្នា បន្ទាប់ពួកគេទទួលបានជោគជ័យលើអាជីពរៀងៗខ្លួន។

ជើងខ្លាំងរហស្សនាម«មនុស្សដែក» Rodtang ដែលមានប្រវត្តិប្រកួតមួយថៃឈ្នះ២៦៧ដងចង់ចូលប្រឡូកក្នុងអាជីពប្រដាល់គុនចម្រុះ និងកំណត់គោលដៅក្លាយជាជើងឯកគុនចម្រុះពិភពលោក។ ជាមួយគ្នានេះ វីរបុរសអាមេរិក Johnson ហាក់ដូចឆ្អែតឆ្អន់នឹងអាជីពគុនចម្រុះរបស់ខ្លួនហើយ បន្ទាប់ពីចូលប្រឡូកតាំងពីឆ្នាំ២០០៧ ហើយក៏ឈ្នះជើងឯកពិភពលោកជាច្រើនឆ្នាំដែរ។

បើនិយាយពីសមត្ថភាពវិញ អ្នកគាំទ្រដឹងច្បាស់ហើយថា ខ្លាចាស់អាមេរិកពូកែក្បាច់ក្រោមណាស់។ រូបគេរាល់ពេលអោបរឹតនៅលើក្តារសង្វៀនគឺមានចលនាលឿនរមូលស្ទើរដូចពស់ទៅហើយ។ ចំណែកជើងខ្លាំងថៃត្រូវបានគេស្គាល់ច្បាស់គឺមុខរឹងដូចថ្ម កណ្តាប់ដៃវ៉ៃសន្ធាប់ដូចម៉ាស៊ីន និងទឹកចិត្តក្លាហានមុះមុតខ្លាំងណាស់។

ជារួម Rodtang និង Johnson មានឱកាសយកឈ្នះរៀងៗខ្លួននៅពេលចូលទឹកជំនាញរបស់ខ្លួន ដូច្នេះជំនួបនេះមិនមែនជាការឡើងសម្តែងនោះទេ ហើយនឹងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រទូទាំងពិភពលោក៕

ការប្រកួត៤ទឹក

  • ទឹកទី១៖ ប្រកួតមួយថៃ

  • ទឹកទី២៖ ប្រកួតគុនចម្រុះ

  • ទឹកទី៣៖ ប្រកួតមួយថៃ

  • ទឹកទី៤៖ ប្រកួតគុនចម្រុះ

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​