សរសើរ! បេន និង​គ្រួសារ ប្រើ​វិធី​ឆ្លាត​វៃ ដើម្បី​ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ​នៅ​ខេត្ត​ព្រះវិហារ

  • 2022-02-04 00:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការអនាគតរបស់យើង (OF) បានចាប់ផ្តើមកម្មវិធីមួយដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅក្នុងខេត្តព្រះវិហារនាឯប្រទេសកម្ពុជា តាមរយៈការចែកចាយកូនស្វាយចន្ទីជាង 60,000 ដល់ប្រជាកសិករ។ កម្មវិធីនេះព្យាយាមបង្ហាញដល់កសិករ និងអ្នកភូមិនូវវិធីផ្សេងៗគ្នា និងជួយពួកគេការពារបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីទាំងមូល។

លោក បេន ដាវីស ជនជាតិ​អាមេរិកាំង​អ្នកការពារ​ព្រៃ​ឈើ​កម្ពុជា ដែល​ទើប​ត្រូវ​បាន​ព្រះមហាក្សត្រ​កម្ពុជា ត្រាស់​បង្គាប់​ផ្ដល់​ជូនផ្ដល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មជាចង្កោមគ្រួសារ​ថ្មីៗ ប្រាប់​ថា បច្ចុប្បន្ន​លោក មាន​កម្មវិធី​មួយ​ចំនួន​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ ដើម្បី​ឲ្យ​ការងារ​ការពារ​ព្រៃ​ឈើ​របស់​លោក​មាន​ប្រសិទ្ធភាព។

“បច្ចុប្បន្នយើងមានកម្មវិធី៣សម្រាប់ការកាត់បន្ថយការរុករានព្រៃរបស់ប្រជាជនក្នុងតំបន់នេះ។កម្មវិធីទាំងបីនេះសំខាន់ណាស់ ប្រសិនអត់មួយណាក៏មិនអាចទទួលបានប្រសិទ្ធិភាពដែរ។”

កម្មវិធី​ទាំង​៣នោះ មាន៖ ទី១គឺផ្តល់ការអប់រំ ដើម្បីឱ្យពួកគេយល់ដឹងពីសារៈប្រយោជន៍ព្រៃឈើ។ ទី២គឺ កម្មវិធីអនុវត្តច្បាប់អោយមានប្រសិទ្ធិភាព។ ទី៣ គឺជួយឱ្យប្រជាជនមានចំណូលបន្ថែមតាមរយៈការប្រកបរបរផ្សេងៗ ដោយមិនកាប់បំផ្លាញព្រៃឈើ។

“យើងបានជួយឧបត្ថម្ភ កូនដើមស្វាយចន្ទីដល់ប្រជាជនព្រោះខ្ញុំយល់ថា ប្រសិនជាយើងមានដើមឈើច្រើនអាចនឹងល្អសម្រាប់បរិស្ថាន អាចជួយដល់ការបម្រែបម្រួលអាកាសធាតុ។ ទាំងឆ្នាំមុននិងឆ្នាំនេះយើងបានឧបត្ថម្ភកូនស្វាយចន្ទីចំនួន ៦០ ០០០ដល់ប្រជាជនក្នុងសហគមន៍ ដែលមាន៤ភូមិសម្រាប់ឆ្នាំមុន និង ៧ភូមិសម្រាប់ឆ្នាំនេះ។”

ចន្ទី គឺ​ជា​ប្រភេទ​ដំណាំ​តែ​មួយ ដែល​ត្រូវ​បាន​ផ្ដល់​ជូន​ទៅ​ប្រជាកសិករ​ក្នុង​តំបន់។ ហេតុផល​គឺ​ថា ចន្ទី ជា​ដំណាំ​ដែល​មាន​ដាំ​ច្រើននៅ​ទីនោះ​ស្រាប់។ "ដូច្នេះយើងក៏ឧបត្ថម្ភកូនស្វាយចន្ទីអោយពួកគាត់។ ប្រិសនជាយើងឧបត្ថម្ភអ្វីផ្សេង យើងត្រូវចំណាយពេលច្រើនដើម្បីបង្រៀនពួកគេ ហើយត្រូវរកទីផ្សារអោយពួកគេថែមទៀត។ ស្វាយចន្ទីមានទីផ្សាររួចហើយនៅទីនេះ ចឹងទើបយើងបន្តធ្វើវា។” លោក​ស្រី Sharyn Davis នាយក​អង្គការ OFO។

លោក​ស្រី​បន្ត​ថា៖ “សម្រាប់ប្រជាជនដែលរស់នៅទីនេះ ហើយជិតតំបន់ការពារ នៅពេលដែលពួកគេរវល់ច្រើនទៅលើការមើលថែចម្ការស្វាយចន្ទីរបស់ពួកគេ នោះពួកគេនឹងមិនទៅកាប់បំផ្លាញព្រៃដែលយើងការពារនោះទេ។”។

ដូច​នឹង​ការ​រំពឹង​ទុក្ខ តាម​រយៈ​កិច្ចការ​នេះ បាន​កែ​ប្រែ​ទម្លាប់​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខ្លះ​ៗ​របស់​ពលរដ្ឋ​ក្នុង​តំបន់។ អ្នក​ស្រី យ៉ាត វ៉ាន់ ជា​កសិករ បាន​ថ្លែង​ថា៖ “គាត់អោយធ្វើចម្ការចន្ទីតែក្នុងតំបន់ដែលក្រៅពីតំបន់ការពារតែប៉ុណ្ណោះ។ ក្រោយពីទទួលបានកូនស្វាយចន្ទីមក កសិករមានការរវល់ច្រើនក្នុងការដាំដុះ ដូច្នេះការកាប់បំផ្លាញព្រៃឈើក៏មានការថយចុះច្រើន។ ពីមុនមកខ្ញុំក៏ជាអ្នកកាប់បំផ្លាញព្រៃឈើផងដែរ តែបច្ចុប្បន្នគឺខ្ញុំបានឈប់ហើយ ព្រោះខ្ញុំរវល់ច្រើនជាមួយចម្ការរបស់ខ្ញុំ”។

ក្រៅ​ពី​បេសកកម្ម​ការពារ​ព្រៃឈើ កម្មវិធីខាង​លើ ក៏គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជាសាកលក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុផងដែរ ព្រោះវានឹងរារាំងការកាប់បំផ្លាញព្រៃឈើ។ ទោះជាយ៉ាងណាក្តីនាយកអង្គការ​ OFO នៅតែបង្ហាញក្តីបារម្ភថា ទោះបីជាមានការប្រឹងប្រែងដើម្បីបញ្ឈប់ការកាប់បំផ្លាញព្រៃឈើក៏ដោយ ក៏នៅមានមនុស្សមួយចំនួននៅតែងាកទៅរកការកាប់ដើមឈើដោយបំពានច្បាប់ដែរ៕

ផ្ដល់សិទ្ធិដោយ៖ A24

អត្ថបទ៖ ទារិកា