សម្តេចតេជោ ហ៊ុន សែន កំណត់យកថ្ងៃមួយនេះ ដើម្បីជួបជសិស្សនិន្ទេស Aជាមួយនឹងរង្វាន់ធំ

  • 2022-02-07 04:34:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៩៣,៥៦គីឡូម៉ែត្រ ក្រោមជំនួយឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ថា សម្តេចនឹងជួបជាមួយនឹងសិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ដែលជាប់និន្ទេសA ចំនួន ១ ៧៥៣ នាក់ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ។

សម្តេចតេជោបានមានប្រសាសន៍ថា «ដំបូងឡើយខ្ញុំគិតថាយកតែសិស្សនិន្ទេស A តែអ្នកខេត្តកណ្តាល និងភ្នំពេញទេ ដើម្បីជួបគ្នានៅរាជធានីភ្នំពេញ ឯសិស្សនៅតាមបណ្តាខេត្តគឺត្រូវធ្វើតាមអនឡាញ ប៉ុន្តែខ្ញុំគិតថា ត្រឹមតែសិស្ស និងម្តាយឪពុក ឬអាណាព្យាបាលត្រឹម ១ ៨០០ នាក់ ថែមទាំងក្រុមគ្រួសារអាចទទួលនៅរាជធានីភ្នំពេញបាន បើទោះបីនៅភ្នំពេញមានអូមីក្រុង កើនឡើងបន្តិចក្តី។ ខ្ញុំរង់ចាំជួបយូរហើយ ខ្ញុំកំណត់យកថ្ងៃទី២៨ ខែកុម្ភៈតែម្តង។

សម្តេចតេជោក៏មានប្រសាសន៍បន្ថែមទៀតថា «យើងមិននឹកស្មានថាក្នុងដំណាក់កាលរៀនតាមអនឡាញ ស្ថានភាពកូវីដរាតត្បាត ប៉ុន្តែបែរជាក្មួយៗ ប្រឡងជាប់និន្ទេស A រហូតប្រមាណ ១ ៧០០ ឬ ១ ៨០០ នាក់ ។ កាលពីមុនមានតែ៤០០នាក់ ឬ៥០០នាក់ ដែលចាប់ដំបូងឡើងមានតែ១៦នាក់ប៉ុណ្ណោះ។ លើសពីនេះទៅទៀត សម្តេចតេជោបានបន្ដថា ក្រុមហ៊ុន ជីប ម៉ុង បានបញ្ជាទិញអាយផេត (iPad) ដើម្បីផ្តល់ជូនសិស្សនិន្ទេស A ដែលការកុំម្ម៉ង់បញ្ជាទិញនេះ នឹងមកដល់នៅថ្ងៃទី២២ ខែកុម្ភៈ ខាងមុខ អ៊ីចឹងខ្ញុំបញ្ជាក់ថា ខ្ញុំនឹងជួបសិស្សនិន្ទេស A នៅភ្នំពេញ។

សូមជម្រាបជូនថា សិស្សដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅក្នុងឆ្នាំសិក្សា២០២១-២០២២ ទទួលបាននិទ្ទេស A មានចំនួន រហូតដល់ ១ ៧៥៣ នាក់ ក្នុងនោះ មកពីរាជធានី ខេត្ត រួមមាន បេក្ខជនមកពី ភ្នំពេញ ចំនួន៥៦៥ នាក់, ខេត្តសៀមរាបចំនួន ១៥៣ នាក់, កណ្តាល ១២៧ នាក់, បាត់ដំបង ១២៣ នាក់, កំពង់ចាម ១១៨ នាក់, បន្ទាយមានជ័យ ៩៩ នាក់, តាកែវ ៩៩ នាក់, ព្រៃវែង ៨៧ នាក់, កំពត ៧៥ នាក់, ត្បូងឃ្មុំ ៥៤ នាក់, ក្រចេះ ៤៥ នាក់, កំពង់ធំ ៤១ នាក់, កំពង់ស្ពឺ ៣៣ នាក់, ពោធិ៍សាត់ ២៨ នាក់, ស្វាយរៀង ២៦ នាក់, កំពង់ឆ្នាំង ២២ នាក់, ព្រះសីហនុ ២០ នាក់, រតនគិរី ០៩ នាក់, ស្ទឹងត្រែង ០៦ នាក់, ប៉ៃលិន ០៦ នាក់, ឧត្តរមានជ័យ ០៥ នាក់, កោះកុង ០៤ នាក់, ព្រះវិហារ ០៤ នាក់, កែប ០៣ នាក់, និងខេត្តមណ្ឌលគិរី ០១ នាក់៕

អត្ថបទដោយ៖ សាន​ សុធារដ្ឋ