ឈឿង វីស៊ីនុ៖ ខ្ញុំចង់ជាប់ឈ្មោះ២៨នាក់ U23

  • 2022-02-09 07:48:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ ឈឿង វីស៊ីនុ បាន​បង្ហើប​ប្រាប់​ Sabay នៅ​ថ្ងៃ​នេះ​ថា​គេ​ចង់​ជាប់​ឈ្មោះ​នៅ​ក្នុង​បញ្ជី​​ U23 ជម្រើស​ជាតិ​កម្ពុជា២៨​នាក់​ចុង​ក្រោយ ដើម្បី​មាន​ឱកាស​​​ហ្វឹក​ហាត់​ និង​ជួយ​គោព្រៃ​ជំទង់​​​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ។

ខ្សែ​ការពារ​របស់​ក្លឹប​បាល់ទាត់​អគ្គិសនី​កម្ពុជា បាន​រៀប​រាប់​ថា ៖«​ក្ដីរំពឹង​ទី១ ចង់ជាប់​ឈ្មោះ២៨​នាក់ ហើយ​នឹង​ខំប្រឹង​ហាត់ឱ្យ​មាន​ឈ្មោះ​លេង ដើម្បីបាន​ជួយ​ជម្រើសជាតិ​ឱ្យ​មានលទ្ធផលល្អ»។

ការជម្រុះកីឡាករក្នុងចំណោមបេក្ខជន U23 កម្ពុជា ​ធ្វើឡើងចំនួន​២​ដំណាក់​កាល។ ដំណាក់កាលទី១ មានកីឡាករ៧៤នាក់មកពី១៨ក្លឹបនិង​សមាគម។ ដំណាក់កាល​ទី២ មានកីឡាករ៣៦នាក់ ហើយដំណាក់កាលទី២នេះ ត្រូវហ្វឹក​​ហាត់ និងធ្វើតេស្ដនៅពហុកីឡដ្ឋានមរតកតេជោ មុនចម្រាញ់​យក​២៨​នាក់​ចុង​ក្រោយ។

ការណ៍​មាន​ឈ្មោះ​ក្នុង​ការ​ធ្វើ​តេស្តនេះ​ កីឡាករ​មាន​ដើម​កំណើត​នៅ​ភ្នំពេញ បាន​ប្ដាជ្ញា​ខំប្រឹង​ឱ្យ​អស់​ពី​សមត្ថភាព ដើម្បី​ដណ្ដើម​ឱកាស​ជាប់​​ក្នុង​បញ្ជី​២៨​នាក់​ចុង​ក្រោយ​របស់​លោក Keisuke Honda ដែល​ជា​អ្នក​ដឹក​នាំ​ផ្ទាល់​។

ខ្សែ​ការបារ​ឆ្នើម​របស់​អគ្គិសនី​កម្ពុជា បញ្ជាក់​យ៉ាង​ខ្លី​ថា ៖«ការធ្វើតេស្តរបស់ខ្ញុំគឺប្រឹង១០០%»។

កីឡាករ​ដដែល​នេះ​ធ្លាប់​ធ្វើ​តេស្ត​ជម្រើស​ជាតិ​កម្ពុជា U15, U16, U18, U19 និង​​ចុងក្រោយនេះគឺ U23 ដែល​ត្រៀម​ការ​ប្រកួត​ពាន​រង្វាន់ AFF U23 Championship 2022។

កម្ពុជានឹងធ្វើម្ចាស់ផ្ទះ AFF U23 Championship 2022 ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ នៅពហុកីឡដ្ឋានមរតកតេជោ និងកីឡដ្ឋានព្រីនស៍។ ក្នុងនោះកម្ពុជា ស្ថិតនៅពូល A ​មានហ្វីលីពីន ទីម័រខាងកើត និងប្រ៊ុយណេ។

កម្ពុជាត្រូវបើកឆាកតទល់ប្រ៊ុយណេនៅថ្ងៃទី១៤ ខែកុម្ភៈ មុនប៉ះហ្វីលីពីន ថ្ងៃទី១៧ និងបិទវគ្គចែកពូលថ្ងៃទី២០ ជាមួយទីម័រខាងកើត នៅ​ខែកុម្ភៈ ឆ្នាំ​២០២២​ ហើយ​ការប្រកួតរបស់កម្ពុជានឹងធ្វើឡើងនៅទីលាននៃពហុកីឡដ្ឋានមរតកតេជោទាំងអស់តែម្ដង៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី