បំប៉ោង​សំណាញ់ទី​ប្រ៊ុយណេ១គ្រាប់ភ្លាម សារ ទី នឹក​ឃើញ​ដល់​បុគ្គល​៣​នាក់​នេះ​ភ្លែត

  • 2022-02-17 02:47:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​១៤ កុម្ភៈ នៅពហុ​កីឡដ្ឋាន​មរតកតេជា ​ខ្សែ​ប្រយុទ្ធ​ U23 កម្ពុជា សារ ទី បាន​ស៊ុត​បំប៉ោង​សំណាញ​ទីក្រុម​ជម្រើស​ជាតិ​ U23 ប្រ៊ុយណេ ១ គ្រាប់ ជួយ​ឱ្យ​កម្ពុជា​នាំ​មុខ​ ៣-០ នៅ​តង់​ទី​១​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ AFF U23 Championship 2022។

មួយ​គ្រាប់​នេះ​ជា​គ្រាប់​ទី​១​របស់​គេតាំង​ពី​ជាប់​ជម្រើស​ជាតិ​២លើក​មក។ ស៊ុត​បញ្ចូល​​ទី​ភ្លាម​ ខ្សែ​ប្រយុទ្ធ​មក​ពី​ក្លឹប​បាល់ទាត់​វិសាខា​បាន​នឹក​ឃើញ​ដល់​បុគ្គល​បី​រូប​​ភ្លែត​មាន​ឪពុកម្ដាយ​​របស់​គេ​ ដែល​ទៅ​គាំទ្រ​​ដល់​កីឡដ្ឋាន​ផ្ទាល់ និង​ជីតា​ដែល​ទើប​តែ​ចែក​ឋាន​ទៅ។

អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​អគ្គិសនី​កម្ពុជា និង​សាលា​បាល់ទាត់​ជាតិ​បាទី បាន​ពន្យល់​ថា ៖«ពេល​ខ្ញុំ​ស៊ុត​ចូល​ភ្លាម​ខ្ញុំ​នឹក​ដល់​ម៉ាក់​ប៉ា​ខ្ញុំ ហើយ​ពួកគាត់​ក៏​មក​មើល​ដែរ​ បន្ទាប់​ពី​ខ្ញុំ​គិត​ពី​ម៉ាក់​ប៉ា​ខ្ញុំ ខ្ញុំ​គិត​​ពី​លោកតា​ខ្ញុំ​ដែល​បាន​ចែក​ឋាន​ទៅ ខ្ញុំ​គិត​ថា​បើ​គាត់​នៅ​គាត់​នឹងសប្បាយ​ចិត្ត​ខ្លាំង ពេល​ដែលខ្ញុំ​លេង​បាល់​គាត់​តែង​តែ​មើល​ខ្ញុំ​លេង​រហូត ចឹង​ខ្ញុំ​គិត​ដល់​លោកតា​ខ្ញុំ​ដែល​​គាត់ចែក​ឋាន​ទៅ»។

គិត​មក​ទល់​នឹង​ពេល​នេះ​លោក​តា​របស់​ សារ ទី ចែក​ឋាន​បាន​ជិត​មួយ​ឆ្នាំ​ហើយ។ ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ដដែល​​ក៏​បាន​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ​ជា​ខ្លាំង​ដែល​រក​បាន​១​គ្រាប់​ជួយ​ឱ្យ​គោព្រៃ​ជំទង់​កម្ពុជា​នាំ​មុខ​ប្រ៊ុយណេ ៣-០ នៅ​តង់​ទី​១ និង​ឈ្នះ​ ៦-០ សរុប​ទាំង​ពីរ​តង់។

ខ្សែ​ប្រយុទ្ធ​មក​ពី​ខេត្ត​កំពង់​ឆ្នាំង បាន​បញ្ជាក់​ថា ៖«ចំពោះ​គ្រាប់​ទី​១គឺថា​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ខ្លាំង​ ព្រោះ​អី​វា​ជា​គ្រាប់​ដំបូង​សម្រាប់​ខ្ញុំ​នៅ​ជម្រើស​ជាតិ​ ហើយ​ណា​មួយ​នៅ​ពហុកីឡដ្ឋាន​ថ្មី ខ្ញុំ​មាន​មោទនភាព​ជា​ខ្លាំង​សម្រាប់​ខ្លួន​ឯង»។

គួរ​បញ្ជាក់​ថា នៅវេលា​ម៉ោង ៧:០០ យប់​​ថ្ងៃ​១៧ កុម្ភៈ ឆ្នាំ២០២២​នេះ ក្រុម​គោព្រៃ​ជំទង់​ U23 កម្ពុជា នឹង​ត្រូវ​ប​្រកកួត​ជាមួយ​ U23 ហ្វីលីពីន​នៅ​ពហុកីឡដ្ឋាន​មរតក​តេជោ ដូច្នេះ​កុំ​ភ្លេច​ចូល​រួម​ទស្សនា​ឱ្យ​បាន​ច្រើន​កុះករ៕

អត្ថបទ៖ អ៊ុំ សុភក្តិ