សុខ រ៉ាស៊ី និងម្ដាយ ប្រាប់ពីស្ថានភាពជំងឺរបស់ អៀង ចេនឡា ថ្ងៃនេះ
- 2022-02-17 04:51:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុខ រ៉ាស៊ី និងម្ដាយ ប្រាប់ពីស្ថានភាពជំងឺរបស់ អៀង ចេនឡា ថ្ងៃនេះ
ចន្លោះមិនឃើញ
គិតត្រឹមម៉ោង១១កន្លះព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ នេះ ស្ថានភាពជំងឺរបស់តារាកំប្លែង អៀង ចេនឡា កាន់តែធ្ងន់ធ្ងរ ខណៈគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យកាលម៉ែតបង្ហើបថាមានសង្ឃឹមតិចបំផុត។ បច្ចុប្បន្នលោក សុខ រ៉ាស៊ី និងម្ដាយ ជាអ្នកផ្លាស់ប្ដូរវេនគ្នាថែទាំលោក អៀង ចេនឡា ប៉ុន្ដែលោកក៏ថាបារម្ភពីបងប្រុសដែរ។
លោក សុខ រ៉ាស៊ី បានប្រាប់Sabay នៅមុននេះបន្ដិចថា បងប្រុសរបស់លោក គឺលោក អៀង ចេនឡា នៅតែរវើរវាយ បញ្ចុកចំណីអ្វីក៏មិនចូល ហើយពេលខ្លះបញ្ចុកចូលហើយក្អួតមកវិញទាំងអស់។ លោកថា តាមពិតបងប្រុសរបស់លោកធ្លាក់ខ្លួនឈឺធ្ងន់ប្រហែល១ខែហើយ ហើយទើបបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបានប្រហែល១សប្ដាហ៍។
សុខ រ៉ាស៊ី៖ “យើងអត់មានគម្រោងបញ្ជូនគាត់ទៅព្យាបាលណាទៀតទេ ព្រោះមិនដឹងនៅណាល្អជាងនេះទៀត ហើយម្យ៉ាងប្រទេសជិតខាងយើងក៏កំពុងយ៉ាប់ដោយសារបញ្ហាជំងឺកូវីដ។ ខ្ញុំបារម្ភពីគាត់ ឥឡូវដាក់អីក្អួតៗ ហើយពេទ្យក៏គេថាសង្ឃឹមតិចដែរ”។
ដំណឹងទាក់ទងនឹងស្ថានភាពជំងឺរលាកស្រោមខួរក្បាលតរបស់តារាសម្ដែង អៀង ចេនឡា ធ្វើឲ្យមហាជនភ្ញាក់ផ្អើល បន្ទាប់ពីប្អូនប្រុសតារារូបនេះ គឺលោក សុខ រ៉ាស៊ី ទម្លាយដំណឹងនេះតាមបណ្ដាញសង្គមFacebook កាលពីម្សិលម្ង៉ៃ។ ចាប់តាំងពីពេលធ្លាយដំណឹងនេះ មានមិត្ដរួមអាជីព និងសប្បុរសជនជាច្រើនសម្ដែងការអាណិតអាសូរចំពោះលោក ហើយក៏មានអ្នកបរិច្ចាគថវិការដើម្បីជួយសម្រួលដល់ថ្លៃព្យាបាលជំងឺរបស់លោកដែរ៕