ក្រោយផលិតករ ប៉ាន់ រិទ្ធី កាន់ពានរង្វាន់ខ្លាឃ្មុំប្រាក់នៅប៊ែកឡាំង ស្រាប់តែ ម៉ា ច័ន្ទបញ្ញា លាន់មាត់

  • 2022-02-18 04:39:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ប៉ាន់ រិទ្ធី ផលិតករភាពយន្ដខ្មែរ សញ្ជាតិបារាំង និងជាសហស្ថាបនិកមជ្ឈមណ្ឌលបុប្ផាណា ត្រូវបានគេទទួលស្គាល់ថា ជាអ្នកផលិតខ្សែភាពយន្ដដ៏សំខាន់ម្នាក់សម្រាប់ប្រទេសកម្ពុជា ដើម្បីបង្ហាញកេរ្ដិ៍ឈ្មោះសិល្បៈខ្មែរនៅលើឆាកអន្ដរជាតិ។

ជាក់ស្ដែងផលិតកររូបនេះ ទើបទទួលបានពានរង្វាន់ខ្លាឃ្មុំប្រាក់ សម្រាប់ភាពយន្តថ្មីរបស់លោក គឺរឿង “Everything Will Be Ok” នៅក្នុងមហោស្រពភាពយន្តអន្តរជាតិលើកទី៧២ Berlinale 2022 កាលពីថ្ងៃពុធទី១៦ ខែកុម្ភៈ ២០២២ នាទីក្រុងប៊ែឡាំង ប្រទេសអាលឺម៉ង់។

ទាក់ទងនឹងការទទួលពានរង្វាន់នេះ តារាចម្រៀង និងជាអ្នកនិពន្ធខ្មែរមួយរូប គឺលោក ម៉ា ច័ន្ទបញ្ញា និយាយថា លោក ប៉ាន់ រិទ្ធី គួរតែជានិមិត្តរូបម្នាក់ដែលខ្មែរគ្រប់គ្នាចែករំលែក ព្រោះលោកបានសន្សំពានរង្វាន់ភាពយន្តសម្រាប់ខ្មែរជាច្រេីនណាស់នៅឆាកអន្តរជាតិ។

ម៉ា ច័ន្ទបញ្ញា៖ “សូមអបអរសាទរលោកពូ ប៉ាន់ រិទ្ធី សហស្ថាបនិកនៃមជ្ឈមណ្ឌលបុប្ផាណា ដែលបានទទួលរង្វាន់ខ្លាឃ្មុំប្រាក់ នៅមហោស្រពភាពយន្តអន្តរជាតិប៊ែរឡាំងលើកទី៧២”។

រូបថត៖ Facebook ម៉ា ច័ន្ទបញ្ញា

គេសង្កេតឃើញតារាចម្រៀង និងជាអ្នកនិពន្ធបទចម្រៀងលោក ម៉ា ច័ន្ទបញ្ញា តែងតែឈឺឆ្អាលរឿងសង្គមជាតិ ជាពិសេសលើវិស័យសិល្បៈ។ លោកធ្លាប់ប្រាប់Sabay ថា នៅថ្ងៃអនាគតរូបលោក និងក្រុមការងារ ក៏នឹងបង្ហាញស្នាដៃនិពន្ធចម្រៀងរបស់ខ្លួនទៅកាន់ឆាកអន្ដរជាតិដែរ ប៉ុន្ដែទាមទារឲ្យមានការគាំទ្រ និងលើកទឹកចិត្ដពីបងប្អូនខ្មែរគ្រប់រូប៕

ជិន សុភ័ក្ដ្រ