សមាគមចុង​ភៅកម្ពុជា មាន​មោទនភាពដែល​ខ្មែរយើង មានកសិដ្ឋានកែច្នៃ​ទឹកដោះគោដោយខ្លួន​ឯង

  • 2022-02-22 02:06:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រុក​បាទី៖ ប្រធាន​សមា​គមសហ​គមន៍ចុង​ភៅកម្ពុជា រួម​ទាំង​សមា​ជិក បាន​សម្តែង​នូវ​មោទ​ន​ភាព និងការ​កោតសរសើរ ក្រោយ​ពី​បាន​មើល​ឃើញ​ដោយផ្ទាល់ភ្នែក​ថា កម្ពុជា មាន​​កសិដ្ឋាន​ចិញ្ចឹម និង​កែច្នៃ​ទឹកដោះ​គោ ប្រកប​ដោយ​ស្តង់ដារ និងទំនើប ដោយខ្លួន​ឯង ដូច​ជា គិរីសួគ៌ ដែលមាន​ទី​តាំង​ស្ថិតនៅ​ជើង​ភ្នំ​តាម៉ៅ ស្រុក​បាទី ខេត្ត​តា​កែវ​។

មេ​ចុង​ភៅ សុង តេង ប្រធាន​សមា​គមសហ​គមន៍ចុង​ភៅកម្ពុជា ដែល​រួម​ដំណើរ​ជា​​សមា​ជិក​ចំនួន​៤៤​នាក់​ផ្សេង​ទៀត បាន​និយាយថា លោក​មានការ​ប្លែកអារម្មណ៍​យ៉ាង​ខ្លាំង នៅពេល​ធ្វើ​ដំណើរ​ទៅ​ដល់កសិដ្ឋាន​ចិញ្ចឹម និង​កែ​ច្នៃ​ទឹកដោះ​គោ គិរីសួគ៌ លើ​ផ្ទៃ​ដី​ដ៏​ធំ​ទូលាយ ដើម្បី​បំពេញ​ដំណើរ​ទស្ស​នា​កិច្ច​រយៈពេល​មួយ​ថ្ងៃ​ពេញ កាលពីថ្ងៃ​សៅរ៍ ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២២​។

មេ​ចុង​ភៅ​រូបនេះ បានប្រាប់​ Sabay ថា៖ «នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​សមា​គមសហ​គមន៍ចុង​ភៅកម្ពុជា បាន​មក​ធ្វើ​ទស្ស​ន​កិច្ច​​កសិដ្ឋាន​ចិញ្ចឹម​គោ និង​មើល​ឃើញ​ពី​ដំណើរការ​នៃ​ការ​ចិញ្ចឹម ការ​យក​ទឹក​ដោះ​គោ និងដំណើរ​ការ​នៃ​ការ​កែ​ច្នៃ​ទឹក​ដោះគោ​។ នេះ​គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​មាន​មោទ​នភាព​ដែល​ប្រទេស​ជាតិ​យើងមាន​កសិដ្ឋាន​ចិញ្ចឹម​គោយក​ទឹក​ដោះ​ប្រកបដោយ​ស្តង់​ដារ​បែបនេះ​»​។

លោក​បាន​បន្ថែម​ទៀត​ថា៖ «ទាំង​ខ្ញុំ​ផ្ទាល់ និង​សមា​ជិក​របស់​យើង ពិត​ជា​ប្លែកអារម្មណ៍​ពេលបានមក​មើល​ឃើញ​ដោយផ្ទាល់​ភ្នែក​ពី​របៀប​ចិញ្ចឹម​គោ​យក​ទឹកដោះ ក៏ដូចជា​ដំណើរការនៃការ​កែ​ច្នៃ​ ដែល​នេះ​គឺ​ជា​រឿង​គួរ​ជា​ទី​មោទ​នៈ​ដែលកម្ពុជាយើង មានកសិដ្ឋាន​ដ៏​ធំ​បែបនេះ​»​។

ក្នុង​ដំណើរ​ទស្ស​ន​កិច្ច​ប្រកប​ដោយភាព​រីក​រាយនេះ លោកគួច សុខលី ដែល​សហ​ស្ថាបនិកកសិដ្ឋាន​ចិញ្ចឹម និង​កែ​ច្នៃ​ទឹកដោះ​គោគិរីសួគ៌ បាន​ធ្វើ​បទ​បង្ហាញ​យ៉ាង​លម្អិត​ពី​ដំណើរ​ការ​នៃ​ការ​ចិញ្ចឹមគោយក​ទឹក​ដោះ ការ​ថែ​ទាំ ការ​ឲ្យ​ចំណី ការ​បង្កាត់​ពូជ ក៏ដូច​ជា​ដំណាក់កាល​នៃ​ការ​កែ​ច្នៃ ​ការ​ថែ​រក្សា​អនាម័យ និង​គុណ​ភាព​ដើម្បី​កែ​ច្នៃ​ទឹក​គោសុទ្ធ​ប្រក​បដោយគុណ​ភាព​១០០%​។

លោក​បាន​បញ្ជាក់​ប្រាប់​ថា៖ «យើង​ចង់​បង្ហាញ​ថា យើងមានកសិដ្ឋាន​ចិញ្ចឹម និង​កែ​ច្នៃ​ទឹកដោះ​គោ​ដ៏ទំនើប​ដោយ​ខ្លួន​ឯង ដោយមិន​ចាំ​បាច់​នាំ​ចូល​ពី​ស្រុក​ក្រៅ​ ព្រោះ​យើង​អាច​គ្រប់គ្រងគុណ​ភាព​តាំងពី​ដើម​ដល់ចប់ មិន​ថា ដំណាក់​កាល​ចិញ្ចឹម ថែទាំ និង​កែ​ច្នៃ​ ជា​ដើម​។ យើង​បង្កើត​កសិដ្ឋាន​មួយនេះ ដើម្បី​ផ្តល់​ជូន​ឲ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​យើង​នូវ​ផលិត​ផល​ទឹក​គោ​ស្រស់​សុទ្ធ១០០%​ ពី​កន្លែង​កែ​ច្នៃ​ទឹក​ដោះគោ​ដោយខ្លួន​ឯង​ ដែលមានការ​ធានា និង​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ទាំង​គុណ​ភាព និង​អនាម័យ​»។

ក្រោយពី​បាន​ស្តាប់​ពីការ​ធ្វើ​បទ​បង្ហាញ​នានា និង​ចង្វាក់ផលិត​កម្មទាំងមូល នៅ​កសិដ្ឋាន​គិរីសួគ៌ មេចុង​ភៅ​ជើង​ចាស់ សុង តេង ក៏​បាន​បង្ហាញ​ថ្វី​ដៃ​ និង​ទេពកោសល្យ​ធ្វើ​ម្ហូប​របស់​លោក ផង​ដែរ ដោយ​​យក​ទឹក​ដោះ​គោ​ស្រស់គិរីសួគ៌ មក​ធ្វើ​ជា​គ្រឿង​​ផ្សំ ដើម្បី​ធ្វើ​ឲ្យ​មុខ​ម្ហូប​កាន់​តែ​មាន​រស​ជាតិ​ឆ្ងាញ់​ពិសា​មួយកម្រិត​ទៀត​។

សូម​បញ្ជាក់​ថា កសិដ្ឋាន​គិរីសួគ៌ គឺ​ជា​កសិដ្ឋាន​ទឹក​ដោះ​គោ​ធំ​ជាង​គេ​បំផុត​នៅ​កម្ពុជា ដោយបច្ចុប្បន្ន ​កសិដ្ឋាន មាន​គោ​ចិញ្ចឹម​យក​ទឹក​ដោះ​ជាង៩០០​ក្បាល ដែល​ត្រូវ​បាន​នាំ​ចូល​មក​ពីប្រទេស​អូស្ត្រាលី ស្ថិត​លើ​លើផ្ទៃ​ដី​៣០០ហិកតា ក្បែរ​​ជើង​ភ្នំតា​ម៉ៅ ស្រុក​បាទី ខេត្ត​តា​កែវ​។

ជាមួយ​គ្នា​នេះ លោក គួច សុខលី បាន​បញ្ជាក់ថា កសិដ្ឋាន​របស់​លោក ដែល​បច្ចុប្បន្នមាន​រោង​ចក្រកែច្នៃទឹក​ដោះគោ​ប្រកបដោយ​បច្ចេក​វិទ្យា​ទំនើប​ដោយខ្លួន​ឯង និង​មាន​សមត្ថភាព​​​ផលិត​ទឹកដោះគោ​បាន​១២០០០លីត្រ​​ជា​រៀង​រាល់ថ្ងៃនោះ​ គ្រោងកែ​ច្នៃ​ទឹក​ដោះ​គោ​ឲ្យ​បាន​២​ម៉ឺន​លីត្រ​ក្នុង​១​ថ្ងៃ និង​ពង្រីក​ផ្ទៃ​ដី​ឲ្យ​បាន​ពី​៥ ទៅ​៦ហិកតា ក្នុង​ឆ្នាំ​២០២២ ដើម្បីឆ្លើយ​តប​ទៅនឹង​តម្រូវ​ការ​ទីផ្សារ​។

កសិដ្ឋាន​គិរីសួគ៌ បានដំណើរ​ការ​លក់​យ៉ាង​ជោគ​ជ័យ​​នូវ​ផលិត​ផលទឹកដោះ​គោ​២​ប្រភេទ​បន្ថែមទៀត​នៅ​ឆ្នាំនេះ គឺ​ KRISU Barista សម្រាប់​ទីផ្សារ​កាហ្វេ​ដែលកំពុង​រីក​ចម្រើន​យ៉ាប់​ឆាប់​រហ័សនៅកម្ពុជា និង​ KIRISU 0% Fat សម្រាប់​អ្នក​ដែលផ្តោត​លើ​សុខភាព​។

គិរីសួគ៌ ក៏​បាន​ក្លាយ​ជា​កសិដ្ឋាន​ដំបូង​គេ​​ក្នុងការឈ្នះ «ពានមាសឧស្សា​ហកម្ម​បៃ​តងកម្ពុជា ឬ Cambodia Green Industry Awards» ផង​ដែរ ក្នុង​កម្មវិធីចែក​វិញ្ញាបនបត្រ និង​ប្រគល់​ពានរង្វាន់ ដែលត្រូវ​បាន​រៀប​ចំ​ជាលើក​ទី​១ដោយ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពី​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២១​៕

អត្ថបទ៖ In Sopheng