មូលហេតុចម្បង! ដែលធ្វើឲ្យលោតភ្លើង ABS ក្នុងរថយន្តឡើង

  • 2022-02-23 06:37:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រព័ន្ធ ABS មកពីពាក្យពេញថា Anti-lock Braking System គឺជាប្រព័ន្ធជំនួយរបស់ហ្វ្រាំង ដោយវានឹងជួយបញ្ជាចង្កូតបាននៅពេលជាន់ហ្វ្រាំង មិនធ្វើឲ្យកង់រថយន្តអូសឡើយ។ ប៉ុន្តែ នៅពេលដែលរថយន្តលោតភ្លើងសញ្ញា ABS បានន័យថា ប្រព័ន្ធ ABS មាន​បញ្ហា​ហើយ។

នៅពេលដែលប្រព័ន្ធ ABS លែងដំណើរការ ការចាប់ហ្វ្រាំងនៅតែស៊ីដដែល គ្រាន់តែថាបើចាប់ហ្វ្រាំងភ្លាមៗតក់ក្រហល់ កង់រថយន្តអាចនឹងអូសទៅមុខ ហើយអ្នកបើកបរ​ពិបាកបញ្ជាចង្កូត ព្រោះថា Sensor សម្រាប់ដំណើរការប្រព័ន្ធ ABS បានបិទ​ដំណើរការ។ មិនត្រឹមតែប៉ុណ្ណោះ ប្រសិនបើរថយន្តមានទាំងប្រព័ន្ធរក្សាលំនឹង និងការពាររអិលទៀតនោះ ប្រព័ន្ធទាំង ២ នេះក៏លែងដំណើរការដូចគ្នា ព្រោះវាពឹងផ្អែកទៅលើ Sensor ចាប់ល្បឿនកង់របស់ប្រព័ន្ធ ABS ដូចនឹងហ្វ្រាំងដែរ ព្រោះចាប់តាំងតែពីឆ្នាំ ២០១២ មក គ្រប់រថយន្តដែលផលិតចេញ តម្រូវឲ្យមានប្រព័ន្ធទប់លំនឹងរថយន្ត ដូចនេះហើយ ប្រព័ន្ធការពារភាពរអិល និងប្រព័ន្ធហ្វ្រាំង ABS ក៏មកជាមួយគ្នា ហើយប្រើ Sensor តែមួយ។

ជាធម្មតា នៅពេលដែលអ្នកបញ្ឆេះរថយន្ត គ្រប់ភ្លើងសញ្ញាទាំងអស់នឹងលោតឡើងមក ដើម្បីឆែកមើលបញ្ហានានារបស់រថយន្ត ហើយបើគ្មានបញ្ហាទេ វានឹងបាត់ទៅវិញក្នុងរយៈពេលខ្លីមួយ។ ដូច្នេះហើយ បើសិនជាភ្លើង ABS មិនរលត់ទៅវិញទេនោះ បានន័យថា ប្រព័ន្ធ ABS ក្នុងរថយន្តប្រាកដ​ជា​មានបញ្ហា​។ រឿងប្រឈម ៤ សំខាន់ជាមូលហេតុបណ្ដាលឲ្យប្រព័ន្ធ ABS លែងដំណើរការមានដូចជា៖

  • ការឆ្លងភ្លើងក្នុងប្រព័ន្ធ ABS
  • Sensor ចាប់ល្បឿនកង់ខូច ឬត្រូវបានជិតដោយភក់ ធូលីនានា
  • ដាច់ខ្សែចម្លងរបស់ Sensor និងប្រព័ន្ធបញ្ជា ABS
  • ប្រព័ន្ធបញ្ជា ABS លែងដំណើរការ

ក្នុងករណីមួយទៀត ប្រសិនបើទុយោ និងវ៉ាល់បាញ់ប្រេងហ្វ្រាំងសម្រាប់ប្រើប្រាស់ដោយប្រព័ន្ធ ABS នោះ ចាស់ពេក សឹករេចរឹល ឬក៏លេចធ្លាយ ក៏អាចឲ្យប្រព័ន្ធ ABS របស់រថយន្តលែងដំណើរការដែរ។ បញ្ហាប្រឈមមួយទៀត ដែលខ្លាំងជាង ABS មិនដំណើរការទៅទៀតនោះ គឺហ្វ្រាំងផ្ទាល់តែម្ដង។ នៅពេលដែលភ្លើងក្រហម BRAKE ឬក៏សញ្ញា (!) លោតឡើង ទោះបីជាអ្នកដោះហ្វ្រាំងដៃទៅហើយនោះ មានន័យថាប្រព័ន្ធហ្វ្រាំងរបស់អ្នកមានបញ្ហាហើយ ដោយអាចខ្វះប្រេងហ្វ្រាំង ឬក៏ស្បែកហ្វ្រាំងសឹករេចរឹលចាប់លែងស៊ី។

បើសិនជាចេញបញ្ហានេះហើយ ទោះបីជា ABS នៅដំណើរការក៏ដោយ ក៏ហ្វ្រាំងលែងមានប្រសិទ្ធភាពដែរ ព្រោះនេះបញ្ហាមកពីដុំហ្វ្រាំង និងប្រេងផ្ទាល់តែម្ដង ហើយគួរតែរកការជួសជុលភ្លាមៗ ព្រោះវាអាចបណ្ដាលឲ្យមានគ្រោះថ្នាក់បានពេលបើកបរ។

ប្រភព៖ cars