ក្ដៅទាំងព្រឹក! ហ៊ិន ច័ន្ទនីរ័ត្ន បញ្ជាក់ថាខ្លួនមិនបានទទួលលុយជាង១៥០០០ដុល្លារ ដូចជនអនាមិកអះអាង

  • 2022-02-25 02:13:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងស្រី ហ៊ិន ច័ន្ទនីរ័ត្ន ចេញមុខប្រកាសដំណឹងបន្ទាន់មួយទៅកាន់មហាជន ក្រោយពីដឹងថាមានជនអនាមិកលួចបង្កើតតេឡេក្រាមដោយដាក់ឈ្មោះ និងរូបថតនាងក្នុងចេតនាមិនល្អ។ កញ្ញា ព្រមានថានឹងមិនទទួលខុសត្រូវលើទង្វើខុសឆ្គងណាមួយដែលនឹងកើតចេញពីគណនីតេឡេក្រាមដែលគេបានលួចបង្កើតនេះឡើយ។

នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ នេះ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន និយាយថា៖ “សួស្តីបងប្អូនទាំងអស់គ្នា មានជនខិលខូចបានក្លែងបន្លំឈ្មោះរបស់ខ្ញុំយកទៅប្រើប្រាស់ក្នុងន័យឆបោកតាមប្រព័ន្ធតេលេក្រាម។ នាងខ្ញុំ ហុិន ច័ន្ទនីរ័ត្ន សូមបដិសេធថានេះមិនមែនជាតេលេក្រាមពិតរបស់នាងខ្ញុំទេ ដូចច្នេះសូមបងប្អូនកុំយល់ច្រឡំថានាងឲ្យសោះ បើមានបញ្ហាណាមួយកើតឡើងនាងខ្ញុំសូមមិនទទួលខុសត្រូវឡើយ”។

នៅក្នុងការប្រកាសរបស់តារាស្រីរូបនេះ ក៏មានភ្ជាប់រូបថតដែលផ្ដិតចេញទូរស័ព្ទចំនួនបីផ្ទាំងផងដែរ។ រូបទាំងនោះបង្ហាញពីសកម្មភាពចាប់ផ្ដើមលេងរបស់ជនខិលខូចទៅកាន់ជនដទៃក្នុងចេតនាឆបោកប្រាក់ ខណៈរូបមួយផ្ទាំងទៀតជនខិលខូចបានយកគណនីតេឡេក្រាមនោះ ទៅឆាតជាមួយបុគ្គលផ្សេងទៀតដោយអះអាងថា ខ្លួនជាកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ទើបតែដកប្រាក់បានពីកម្មវិធីមួយជាង១៥០០០ដុល្លារ។

ប៉ុន្ដែតាមពិតទៅសារទាំងនេះ ត្រូវបានកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បដិសេធថាមិនមែនជារបស់ខ្លួន ហើយនាង​យល់​ថា​នេះគឺជាការចាប់ផ្ដើមល្បិចឆបោករបស់ជនខិលខូចទៅកាន់បុគ្គលណាម្នាក់ដែលអាចនឹងស្គាល់រូបកញ្ញាតែប៉ុណ្ណោះ៕

ជិន សុភ័ក្ដ្រ