ប្រផ្នូលមិនល្អ២ របស់ អៀង ចេនឡា មុនពេលស្លាប់

  • 2022-03-01 02:30:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាកំប្លែង និងចម្រៀងប្រុស អៀង ចេនឡា ធ្លាក់ខ្លួនឈឺធ្ងន់ចាប់តាំងអំឡុងខែសីហា ឆ្នាំ២០២១ ដោយសារជំងឺទឹកដក់ក្នុងសួត និងជំងឺរលាកស្រោមខួរក្បាល ហើយលោកទើបស្លាប់នៅយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

មុនពេលដែលលោក អៀង ចេនឡា លាមិត្ដរួមអាជីព និងអ្នកគាំទ្រទៅរហូតលែងវិលត្រឡប់ គេនៅនឹកឃើញហេតុការណ៍ ឬប្រផ្នូលមិនល្អចំនួន២។ ប្រផ្នូលទី១ គឺរូបថតរបស់លោក ត្រូវបានគេយកទៅដាក់នៅមុខមឈូស ក្បែរឈាបនដ្ឋានមួយ ទាំងដែលលោកនៅរស់ជ្រងោនៅឡើយ។

រូបថត និងវីដេអូខ្លីនោះ ត្រូវគេចែករំលែកយ៉ាងព្រោងព្រាតកាលពីចុងខែសីហា ឆ្នាំ២០២១ ធ្វើឲ្យអ្នកគាំទ្រ និងមិត្ដសិល្បៈខ្លះ ឹស្រឡាំងកាំង និងសោកស្ដាយជាពន់ពេក។ ប៉ុន្ដែភ្លាមនោះ សាមីខ្លួន គឺលោក អៀង ចេនឡា បានចេញមុខមកស្រាយថា នោះគឺជារូបភាពក្នុងឈុតខ្សែភាពយន្ដមួយប៉ុណ្ណោះ តែលោកទទួលស្គាល់ថា គ្រានោះលោកមានជំងឺសួត បណ្ដាលឲ្យក្អក និងស្រកទម្ងន់ជាលំដាប់មែន។

រីឯប្រផ្នូលទី២ គឺកើតឡើងចំពេលដែលលោកធ្លាក់ខ្លួនឈឺធ្ងន់ ដោយគ្រូពេទ្យរកឃើញថាលោកមានជំងឺថ្មីមួយទៀត គឺរលាស្រោមខួរក្បាល វីដេអូរាំបណ្ដើរ ក្រវីក្បាលបណ្ដើរ ហើយយូរៗម្ដងគេឃើញលោកគោះទ្រូងផងនោះ ត្រូវបានគេចែករំលែកយ៉ាងព្រោងព្រាតាមបណ្ដាញសង្គមនៅឆ្នាំ២០២២ នេះ។

តាមរយៈវីដេអូ បានបង្ហាញថាលោកមិនស្រួលខ្លួន ដើម្បីការងារសិល្បៈលោកត្រូវតែស៊ូទ្រាំ ទាំងខ្លួនឈឺ។ ចំណុចនេះហើយដែលធ្វើឲ្យអ្នកគាំទ្រ ខ្លោចចិត្ដចំពោះលោក រហូតដល់អ្នកលេងTik Tok ខ្លះបានយកវីដេអូនោះទៅបង្ហោះ ដោយដាក់ចំណងជើងថា៖ “ប្រាប់ថាមិនស្រួលខ្លួនហើយ នៅតែបង្ខំឲ្យរាំទៀត"។

លោក អៀង ចេនឡា ដែលត្រូវជាបងប្រុសបង្កើតរបស់ពិធីករ សុខ រ៉ាស៊ី បានធ្លាក់ខ្លួនឈឺដំបូងដោយជំងឺសួត និងស្រកទម្ងន់ជាលំដាប់ ហើយក្រោយមកត្រូវបានគ្រូពេទ្យជំនាញរកឃើញថាលោកមានជំងឺរលាកស្រោមខួរក្បាល និយាយរវើរវាយ។

លោក អៀង ចេនឡា ត្រូវបានគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត អស់រយៈពេលជាងកន្លះខែ ពោលគឺចាប់តាំងពីដើមខែកុម្ភៈ។ រយៈពេលនោះ អៀង ចេនឡា ទទួលបានការអាណិតអាសូរ និងឧបត្ថម្ភប្រាក់ជាបន្ដបន្ទាប់ពីមិត្ដសិល្បៈ ដើម្បីជួយសម្រួលដល់ថ្លៃព្យាបាល។ ប៉ុន្ដែជាអកុសល្យ ម្សិលមិញ គ្រួសារលោកទើបអំពាវនាវសុំឈាមពីសប្បុរសជន៦កំប្លោក ដើម្បីសង្គ្រោះ ស្រាប់តែលោកស្លាប់បានទៅ៕

ជិន សុភ័ក្ដ្រ