គយគន់សម្រស់កោះសាមសិប ពីដែនអាកាសកោះខ្សាច់ល្វឹងល្វើយ ប្រៀបបានឋានសួគ៌លើដី!

  • 2022-03-01 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហគមន៍ អេកូទេសចរណ៍កោះសាមសិប ឬក៏គេច្រើនហៅថា កោះសាមសិប មានទីតាំងស្ថិតនៅភូមិកោះខ្ញែរ និងភូមិពន់តាជា ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះនិងមានចម្ងាយប្រហែល ៩៥គីឡូម៉ែត្រ ពីរង្វង់មូលក្រុងក្រចេះ។ សហគមន៍ អេកូទេសចរណ៍ កោះសាមសិប ស្ថិតនៅក្នុងប្រភេទ៖ កោះទេសចរណ៍ធម្មជាតិ។ រីឯចំណុចសំខាន់ៗនៅ សហគមន៍ អេកូទេសចរណ៍ កោះសាមសិប មានដូចជា៖ បោះជំរុំឬបោះតង់, រៀបចំអាហារដោយខ្លួនឯង, គយគន់ថ្ងៃលិច, លេងទឹកឬហែលទឹក, ដើរលេងដោយថ្មើរជើង, ជិះទូក, កន្លែងគេង និងចំណុចផ្សេងៗទៀត។

តំបន់ប្រជុំកោះសាមសិប លាតសន្ធឹងកាត់ភូមិសាស្រ្ដភូមិចំនួន ៣ គឺភូមិខ្សាច់លាវ ភូមិកោះខ្ញែរ និងភូមិពុនជា នៃឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។ ភ្ញៀវទេសចរដែលបានធ្វើដំណើរទៅដល់សហគមន៍អេកូទេសចរណ៍កោះសាមសិប នឹងបានប្លែកភ្នែកជាមួយជីវភាពរស់នៅបែបជនបទដ៏សាមញ្ញ និងស្ងប់សុខ។ ក្នុងគោលបំណងលើកដំកើងជីវិភាពប្រជាជនក្នុងតំបន់ សហគមន៍នៅទីនេះ ក៏បានរៀបចំឲ្យមានសេវាកម្មផ្ទះស្នាក់សម្រាប់ភ្ញៀវទេសចរផងដែរ។ ចេញពីភូមិស្ថានដ៏មនោរម្យ យើងបន្តដំណើរតាមទូកឆ្លងកាត់ទន្លេមេគង្គ គយគន់សត្វបក្សីជាង ២០០ប្រភេទ និងទេសភាពដ៏ស្រស់ស្អាតតាមដងទន្លេ។ ធ្វើដំណើរបានប្រមាណ ៥គីឡូម៉ែត្រ កោះខ្សាច់មួយយ៉ាងធំ ដែលមានឆ្នេរខ្សាច់សក្បុស នឹងលេចត្រដែតឡើងចំកណ្ដាលផ្ទៃទឹក នោះគឺកោះសាមសិប។

សក្តានុពលទេសចរណ៍ ៖ សហគមន៍អេកូទេសចរណ៍កោះសាមសិបបង្កើតឡើងដោយផ្អែកទៅលើធនធានសក្តានុពលរបស់សហគមន៍ព្រៃឈើ និងសហគមន៍នេសាទខ្សាច់លាវ កោះខ្ញែរ និងពន្ធជា។ សហគមន៍នេះ សំបូរទៅដោយព្រៃឈើជាច្រើនប្រភេទរជាប្រភេទ ដែលជាប្រភេទព្រៃរបោះ និងពាក់កណ្តាលស្រោង ដែលជាជម្រកសត្វព្រៃដ៍សំខាន់ដូចជា សត្វខ្ទីង ប្រើស ជ្រូកព្រៃ ក្ងោក ត្មាតត្រយ៉ងចំកំកស និងសម្បូរទៅដោយសត្វស្លាបរាប់រយប្រភេទ និងត្រីដ៏សម្បូរបែប។ល។ ចំណែកក្នុងដែនសហគមន៍នេសាទទាំងបីវិញ សំបូរដោយអន្លង់ទឹកជ្រៅ ទឹកជួរ សំបូរកោះ នឹងព្រៃលិចទឹកដែលជាជម្រកត្រីពងកូនដ៏សំខាន់។ ជារួមក្នុងក្នុងតំបន់នេះសំបូរ ទៅដោយធនធានធម្មជាតិដូចជា ព្រៃឈើ ទន្លេ ព្រែក អូរ សត្វព្រៃ សត្វស្លាប និងត្រីជាច្រើនប្រភេទដែលរស់នៅក្នុងទន្លេមេគង្គ។ ចំណែកឯធនធានវប្បធម៌វិញមានដូចជា ពិធីបុណ្យចូលឆ្នាំ ពិធីសែនព្រេន ឡើងអ្នកតា ភ្លេងបុរាណ មន្តអាគម និងអាពាហ៍ពិពាហ៍ជាដើម និងប្រពៃណីជនជានដើមភាគតិច។ ក្រៅពីនេះប្រជាជនក្នុងតំបន់នេះមានវប្បធម៌ដ៏ល្អ គឺការចេះជួយគ្នាទៅវិញទៅមក មិនប្រកាន់បក្សពួក រួសរាយរាក់ទាក់ភ្ញៀវ មានសុជីវធម៌ មិនកេងបន្លំគ្នាដែលជាគំរូដ៏ល្អផងដែរ៕

អត្ថបទដោយ៖ ស៊ូ អីន

អត្ថបទថ្មី