iPad Air 5 ថេប្លេតកម្លាំងខ្លាំង ប្រើឈីប M1 ដូចកុំព្យូទ័រក្នុងកញ្ចប់ទឹកលុយ ៥៩៩ដុល្លារ
- 2022-03-09 02:07:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPad Air 5 ថេប្លេតកម្លាំងខ្លាំង ប្រើឈីប M1 ដូចកុំព្យូទ័រក្នុងកញ្ចប់ទឹកលុយ ៥៩៩ដុល្លារ
ចន្លោះមិនឃើញ
មានព័ត៌មានជាច្រើន រួមទាំងអ្នកវិភាគល្បីៗ បានរំពឹងថាឆ្នាំនេះនឹងមានវត្តមាន Macbook ដែលប្រើឈីប M2 និង iPad Air 5 ដែលប្រើឈីប A15 ដូចនឹង iPad Mini ផងដែរ។ គួរឲ្យភ្ជាក់ផ្អើល កាលពីយប់មិញនេះគឺមិនមានវត្តមាន Macbook ចេញថ្មីឡើយ ដោយបែជាមាននូវវត្តមានរបស់ iPad Air 5 ដែលបំពាក់ដោយឈីប M1 ទៅវិញ។
មែនហើយ ឈីប M1 ជាចំណុចរសើប ដែលនឹងធ្វើឲ្យ iPad Air ទទួលបានការចាប់អារម្មណ៍ ពោលគឺដោយសារវាមានសមត្ថភាពខ្លាំង អាចទៅប្រៀបធៀបជាមួយនឹង iPad Pro M1 ដែលជាថេប្លេតកំពូល និង Macbook Pro 13 របស់ Apple។ ដូច្នេះហើយចំណុចខុសប្លែកធំៗ រវាង Pro និង Air គឺមានតែ២ប៉ុណ្ណោះគឺ Pro Motion 120Hz និងឧបករណ៍បំពងសំឡេង៤គ្រាប់ប៉ុណ្ណោះ។ បន្ថែមពីលើនេះ រន្ធ USB-C ដែលមាននៅលើ iPad Air គឺមិនមែនជាប្រភេទ Thunderbolt នោះទេ ប៉ុន្តែល្បឿនកូពីត្រូវបានតម្លើងដល់ពីរដង ពោលគឺ 10Gbps។
ចំណុចកែប្រែបន្ថែមធំមួយទៀតនោះគឺ iPad Air ត្រូវបានបំពាក់មកដោយកាមេរ៉ាមុខប្រភេទថ្មី Center Stage ដែលមានមុខាររំកិលរូបភាព ទៅតាមទីតាំងរបស់អ្នកប្រើប្រាស់ ដោយរក្សារទម្រង់មុខ ឲ្យនៅចំកណ្តាលជានិច្ច។ ចំពោះប្រព័ន្ធប្រតិបត្តិការវិញ វាដើរដោយ iPad OS 15.4 ចេញពីប្រអប់តែម្តង ហើយកំណែអាប់ឌែតមួយនេះនឹងបញ្ចេញទៅគ្រប់ iPad ផ្សេងៗនាអាទិត្យក្រោយ។
នៅផ្នែកខាងក្រៅ រូបរាងរបស់វាគឺនៅដដែល ប៉ុន្តែវត្ថុធាតុដើមដែលយកមកផលិតលើកនេះ គឺផ្តោតទៅលើផលប៉ះពាល់បរិស្ថានជាចំបង។ តួខ្លួនអាលុយមីញ៉ូម ជាប្រភេទអាលុយមីញ៉ូមកែឆ្នៃ ក៏ដូចគ្នាជាមួយនឹង Logic Board ដែលផលិតឡើងដោយសារធាតុសំណប៉ាហាំង រួមទាំងមេដែកនៅក្នុងឧបករណ៍បំពងសំឡេងក៏ជាលោហៈកម្រផងដែរ។
ក្រៅពីចំណុចសំខាន់ៗខាងលើនេះ iPad Air 5 នៅតែរក្សាអេក្រង់ដដែល ទំហំ ១០,៩អ៊ីញ Liquid Retina display អាចបញ្ចេញពន្លឺបានខ្ពស់បំផុត 500nits មានមុខងារ True Tone support និង an anti-reflective coating។ ចំណែកនៅឯផ្នែកខាងក្រោយវិញ កាមេរ៉ារបស់វាក៏មិនមានការផ្លាស់ប្តូរ ដោយនៅប្រើ Sensor 12MP ដដែល។
ចំពោះតម្លៃរបស់វាវិញ ក៏នៅរក្សាដដែលដូច iPad Air4 ដែរ ដោយម៉ូឌែល iPad Air 5 64GB Wifi មានតម្លៃខ្លួន ៥៩៩ដុល្លារ ក្នុងជម្រើស៥ពណ៌គឺ Space Gray, Starlight, ផ្កាឈូក, ស្វាយ និងពណ៌ខៀវថ្មី៕