រំភើបណាស់! ជួយអភិរក្សផង កូនផ្សោតគួរឲ្យស្រឡាញ់មួយក្បាលទើបតែកើតបានប៉ុន្មានថ្ងៃ ជាកាដូដើមឆ្នាំ២០២២
- 2022-03-09 06:33:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រំភើបណាស់! ជួយអភិរក្សផង កូនផ្សោតគួរឲ្យស្រឡាញ់មួយក្បាលទើបតែកើតបានប៉ុន្មានថ្ងៃ ជាកាដូដើមឆ្នាំ២០២២
ចន្លោះមិនឃើញ
កូនផ្សោតដែលទើបតែនឹងកើតថ្មីដ៏គួរឲ្យស្រឡាញ់មួយក្បាល មានអាយុប្រមាណទើបតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ត្រូវបានប្រទះឃើញ ខណ:ដែលកូនផ្សោតមួយនេះកំពុងតែហែលប្រឡែងលេងជាមួយក្រុមហ្វូងផ្សោតធំ៨ក្បាលទៀត នៅក្នុងអន្លង់កោះផ្តៅ ក្នុងស្រុកសំបូរ នៃខេត្តក្រចេះ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២។នេះបើយោងទៅតាមប្រភពពីអង្គការWWF ប្រចាំខេត្តក្រចេះ។
កូនផ្សោតដែលទើបតែនឹងកើតនេះគឺជាទីមួយដែលបានកត់ត្រាក្នុងរយៈពេលបីខែដើមឆ្នាំ២០២២នេះ ហើយក៏ជាដំណឹងដ៏សែនរីករាយពោពេញដោយក្តីរំភើបបំផុតសម្រាប់ដើមឆ្នាំ ជាពិសេសសម្រាប់ហ្វូងសត្វផ្សោតអ៊ីរ៉ាវាឌី និងប្រព័ន្ធទន្លេមេគង្គទាំងមូល ដោយពពួកផ្សោតនៅអន្លង់កាំពីជាទូទៅត្រូវទទួលការគំរាមកំហែងយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ។
ក្រុមអ្នកស្រាវជ្រាវបានប៉ាន់ប្រមាណថាកូនផ្សោតថ្មីនេះមានអាយុប្រមាណទើបតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ហើយរាល់កំណើតរបស់កូនផ្សោតថ្មីមួយក្បាលៗ មានសារៈសំខាន់ណាស់សម្រាប់ការរស់រានរបស់សត្វផ្សោតទន្លេមេគង្គដែលមានចំនួននៅសេសសល់តិចតួចកំពុងរស់នៅក្នុងទីជម្រកធម្មជាតិ រីឯការការពារសត្វផ្សោតពេញវ័យឲ្យជៀសផុតពីកត្តាគំរាមកំហែងដោយសកម្មភាពមនុស្ស រឹតតែមានភាពចាំបាច់ខ្លាំងថែមទៀត ដែលចាំបាច់ទៀមទារឲ្យបង្កើនការល្បាតជាប្រចាំ និងការពង្រឹងការអនុវត្តច្បាប់ជលផលបន្ថែមទៀត ដើម្បីកាត់បន្ថយអត្រាស្លាប់របស់ថនិកសត្វទឹកសាបដ៏សំខាន់ជាសកលមួយប្រភេទនេះ។
សូមជម្រាបថា ដើម្បីធានាបានថា កូនផ្សោតនេះបន្តរស់រានមានជីវិត និងវិវត្តទៅជាផ្សោតពេញវ័យនៅក្នុងចំនួនសរុប រដ្ឋបាលជលផលសូមអំពាវនាវដល់បងប្អូនប្រជានេសាទមេត្តាចូលរួមការពារ និងបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ ពិសេសការនេសាទដោយប្រើឧបករណ៍មង និងឆក់ ខណ:កាលពីឆ្នាំ២០២១កន្លងទៅ កូនផ្សោតចំនួន៦ក្បាលត្រូវបានធ្វើការកត់ត្រា ពោលវាជាចំនួនមួយដ៏តិចតួចបំផុត។