រតនា​ មាន​ឱកាស​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត​៥​ម៉ឺន​ដុល្លារ ឲ្យ​តែ​ធ្វើ​រឿង​នេះ​បាន

  • 2022-03-11 04:22:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​គុន​ចម្រុះ​កម្ពុជា​ចាន់ រតនា​ នឹង​មាន​ឱកាស​​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត​​​​ចំនួន​៥​ម៉ឺន​ដុល្លារ ប្រសិន​បើ​រូប​គេ​​ប្រកួត​ល្អ​ឥតខ្ចោះ​​ទាក់​ចិត្ត​មេ ONE Championship។

ជើង​ខ្លាំង​របស់​កម្ពុជា​រតនា នឹង​ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ឥណ្ឌូណេស៊ី Eko Roni Saputra នៅ​រាត្រី​នេះ ដែល​កម្មវិធី​រៀបចំ​នៅ​ប្រទេស​សិង្ហបុរី។ រតនា​​មាន​កំណត់ត្រា​ល្អ​ណាស់​រាល់​ពេល​ប៉ះ​កីឡាករ​ឥណ្ឌូណេស៊ី ពោល​ធ្លាប់​ឈ្នះ​​២ដង​ពេល​​ប៉ះ​​កីឡាករ Abrou Fernandes និង Rudy Agustian។

មុន​ការ​ប្រកួត​មក​ដល់​​ទាំង​​រតនា​និង Eko សុទ្ធតែ​បាន​បោះពាក្យ​មិន​ខ្លាច​ដូច​គ្នា ហើយ​កីឡាករ​កម្ពុជា​ថែម​ទាំង​​បបួល​វាយ​ប្ដូរ​គ្នា​ទៀត​ផង។ ចាប់​តាំង​ពី​ដើម​​ឆ្នាំ​២០២២ លោក Chatri Sityodtong ដែល​ជា​មេ​របស់ ONE បាន​ប្រកាស​ថា ចំពោះ​កីឡាករ​រូប​ណា​​បង្ហាញ​ការ​វាយ​ទាក់​ទាញ​និង​ល្អ​ឥតខ្ចោះ​ក្នុង​កម្មវិធី​នីមួយ​ៗ លោក​នឹង​ផ្ដល់​លុយ​លើក​ទឹក​ចិត្ត​ចំនួន​៥​ម៉ឺន​ដុល្លារ។

ដូច្នេះ​ទាំង​រតនា​និង Eko កំពុង​តែ​មាន​ឱកាស​មាស​ក្នុង​ដៃ​​ដើម្បី​ក្ដោប​ប្រាក់​៥​ម៉ឺន​ដុល្លារ ប្រសិន​បើ​បង្ហាញ​ការ​ប្រកួត​ជក់ចិត្ត។ កីឡាករ​ជា​ច្រើន​រូប​មក​ហើយ​ធ្លាប់​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត​នេះ ក្នុង​នោះ​មាន​ Reinier de Ridder, Roamn Kryklia និង Senzo Ikeda ជា​ដើម៕

​​

អត្ថបទ៖ ហេង សុធារិទ្ធិ