ស្រាយ​ចម្ងល់ឲ្យ​អស់​ រឿង​ឡាន​ចេះ​តែ​ស៊ី​សាំង​ គឺ​មាន​មូលហេតុ​របស់វា​

  • 2022-03-14 06:11:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​សឹង​តែ ៩០ ភាគរយ​នៅ​ក្នុង​ពិភព​លោក​ដែល​ដើរ​ដោយ​ថាមពល​ឥន្ធនៈ ដូច​ជា​ប្រេង​សាំង និង​ប្រេង​ម៉ាស៊ូត​ជា​ដើម។ ចំណែក​ឯ​កត្តា​ស៊ី​សាំង​វិញ វា​អាស្រ័យ​ទៅ​លើ​ទំហំ​ម៉ាស៊ីន ដែល​រថយន្ត​មាន​ម៉ាស៊ីន​ធំ តែង​តែ​ស៊ី​សាំង​ច្រើន​ជាង​រថយន្ត ដែល​មាន​ម៉ាស៊ីន​ទំហំ​តូច តែ​វា​ផ្ដល់​ថាមពល​ខ្លាំង​ជាង។

យ៉ាងណាមិញ មាន​កត្តា​ផ្សេងៗ​ ដែល​នាំ​ឲ្យ​រថយន្ត​ស៊ី​សាំង​ជាង​កម្រិត​ធម្មតា​របស់​វា​ទៅ​ទៀត។ ហេតុផល​ទាំង ១៣ ដែល​នាំ​ឲ្យ​រថយន្ត​ស៊ីសាំង​ខ្លាំង​ជាង​ធម្មតា​ទាំង​ប្រភេទ​លេខ​ដៃ និង​លេខ​អូតូ៖

១. កំហុស​បច្ចេកទេស​របស់​ម៉ាស៊ីន

ភាព​ខូចខាត​នៃ​ម៉ាស៊ីន ដូច​ជា ក្បាល​ប៊ូស៊ី​ចាស់ តម្រង​ខ្យល់​កខ្វក់ និង​ស៊ូប៉ាប់ដែល​គាំង​ខូច​ សុទ្ធ​តែ​ជា​ដើម​ហេតុ​ធ្វើ​ឲ្យ​រថយន្ត​ពិបាក​បញ្ឆេះ ខ្យល់​ក្នុង​ម៉ាស៊ីន​មិន​ស្អាត​ល្អ និង​រត់​មិន​ស្មើ។ កត្តា​ទាំង​នេះ នាំ​ឲ្យ​អត្រា​ស៊ី​សាំង​កើន​ឡើង​ខ្លាំង​ជាង​មុន។

២. ប្រេង​ម៉ាស៊ីន​មាន​គុណភាព​អន់

ការ​ជ្រើស​រើស​ប្រេង​ម៉ាស៊ីន ដែល​មាន​មាន​កម្រិត​ជាតិ​រំអិល​ទាប អាច​ជួយ​សន្សំ​សំចៃ​ថវិកា​មួយ​ពេល ប៉ុន្តែ​អ្នក​មិន​ដឹង​ទេ​ថា វា​ជា​ការ​ខាត​បង់​យូរ​អង្វែង ព្រោះ​ប្រេង​ម៉ាស៊ីន​ដែល​មាន​កម្រិត​រំអិល​ទាប ពេល​ដែល​ម៉ាស៊ីន​ឡើង​ក្ដៅ​ខ្លាំង វា​នឹង​ឡើង​ស្អិត​ជា​ហេតុ​ធ្វើ​ឲ្យ​ពីស្តុង​ពិបាក​ដំណើរ​ការ​ជាង​មុន ធ្វើ​ឲ្យ​រថយន្ត​ស៊ីសាំង​លើស​ដើម។

៣. ឥន្ធនៈ​មាន​គុណភាព​អន់

ការ​ចាក់​ប្រេង ដែល​មាន​តម្លៃ​ថោក មាន​កម្រិត​អ៊ុកតាន​ខ្សោយ​ធ្វើ​ឲ្យ​ម៉ាស៊ីន​ត្រូវការ​សាំង​ច្រើន​ជាង​មុន ដើម្បី​បង្កើន​ល្បឿន។ ម៉្យាង​ទៀត វា​ក៏​មិន​អាច​ជួយ​លាង​សម្អាត​ម៉ាស៊ីន​រថយន្ត​ដូច​ពួក​សាំង ស៊ុបពែរ​ដែរ។

៤. ម៉ាស៊ីន​ត្រជាក់

វា​ជា​រឿង​ធម្មតា​ទៅ​ហើយ​ ដែល​ការ​បើក​ម៉ាស៊ីន​ត្រជាក់​ធ្វើ​ឲ្យ​រថយន្ត​ស៊ី​សាំង​ជាង​មុន​នោះ។ ប៉ុន្តែ បើ​មិន​ចង់​ឲ្យ​ការ​ប្រើប្រាស់​ម៉ាស៊ីន​ត្រជាក់​ស៊ី​សាំង​ខ្លាំងជាង​ធម្មតា​ទេ អ្នក​គួរ​បើក​កញ្ចក់​ចោល ២ ទៅ ៣ នាទី​ដើម្បី​ឲ្យ​ផ្នែក​ខាង​ក្នុង​ត្រជាក់​ជាង​មុន ងាយ​ស្រួល​ដល់​ម៉ាស៊ីន​ត្រជាក់​ធ្វើការ​បាន​ឆាប់​រហ័ស មិន​សូវ​ស៊ី​សាំង​ច្រើន។

៥. សម្បក​កង់​ចាស់​ពេក

បើ​សិន​ជាក្រឡា​សម្បក​កង់​សឹក​អស់​ហើយ​នោះ កង់​របស់​អ្នក​ត្រូវ​ការ​វិល​ខ្លាំង​ជាង​មុន ដើម្បី​ឲ្យ​រថយន្ត​អាច​បង្កើន​ល្បឿន​បាន។ ដូចនេះ អ្នក​គួរ​ប្ដូរ​សម្បក​កង់​ដែល​ចាស់​ខ្លាំង​ចោល ព្រោះ​មិន​ត្រឹម​តែ​អាច​ជួយ​សន្សំ​សំចៃ​សាំង​នោះ​ទេ តែ​វា​ក៏បន្ថែម​សុវត្ថិភាព​ក្នុង​ការ​បើកបរ​ផង​ដែរ។

៦. ជិះ​ជិត​ៗ​ពេក

នៅ​ពេល​បញ្ឆេះ​ម្ដង​ៗ ជា​ពេល​ដែល​រថយន្ត​ស៊ី​សាំង​ជាង​គេ។ មួយ​វិញ​ទៀត ពេល​ជិះ​រថយន្ត​តិច​ជាង ៥ គ.ម ម៉ាស៊ីន​របស់​រថយន្ត​មិន​ទាន់​ដំណើរ​ការ​បាន​ក្ដៅ​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ ហើយ​វា​ថែម​ទាំង​បំពុល​បរិស្ថាន​ទៀត​ ព្រោះ​ដុំ​បម្លែង​ផ្សែង​ពុល​ចេញ​ពី​រថយន្ត (Catalytic Converter) មិន​ទាន់​បាន​ធ្វើ​ការ​ពេញ​លេញ។ ដូច្នេះ​អ្នក​មិន​គួរ​យក​រថយន្ត​របស់​អ្នក​ជិះ​ជិតៗ​ពេក​ទេ ព្រោះ​ការ​បញ្ឆេះ​ច្រើន​ដង អាច​នាំ​ឲ្យ​ស៊ី​សាំង​លើស​ដើម និង​បំពុល​បរិស្ថាន​ថែម​ទៀត។

៧. មិន​សូវ​បាន​ថែទាំ

ការ​មិន​បាន​ថែ​ទាំ រថយន្ត​តាម​កាល​កំណត់​ ដូច​ជា​ការ​លាង​តម្រង​ខ្យល់ ប្ដូរ​ប្រេង​ម៉ាស៊ីន​តាម​ចម្ងាយ​កំណត់​នោះ សុទ្ធ​សឹង​តែ​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​រថយន្ត​ស៊ី​សាំង​ខុស​ធម្មតា។

៨. ដាក់​លេខ​ខុស

ចំពោះ​រថយន្ត​លេខ​ដៃ ការ​សាង​លេខ (ដោះ​លេខ​ថយ​ក្រោយ) ពេល​ចាប់​ផ្ដើម​បង្កើន​ល្បឿនឡើង​វិញ ជា​រឿង​ចាំ​បាច់​ ព្រោះ​វា​មិន​សូវ​ធ្វើ​ឲ្យ​ម៉ាស៊ីន​ប្រឹង​ខ្លាំង។ ដោយ​ឡែក បើ​អ្នក​បើកបរ​រថយន្ត​លេខ​ដៃ មិន​សូវ​សាង​លេខ ពេល​បង្កើន​ល្បឿន​ឡើង​វិញ​ទេ វា​អាច​ឲ្យ​រថយន្ត​ស៊ី​សាំង​ខ្លាំង​ជាង​មុន​បាន។

៩. អំប្រ៊ីយ៉ា​ចាស់

អំប្រ៊ីយ៉ា ដែល​ចាស់​អាច​ធ្វើ​ឲ្យ​អ្នក​បើកបរ​ពិបាក​ស្មាន​ក្នុង​ការ​បន្ថយ​វា ដើម្បី​ឲ្យ​រថយន្ត​ទៅ​មុខ ធ្វើ​ឲ្យ​ពេល​ខ្លះ​អាច​ឲ្យ​រថយន្ត​រលត់ និង​ត្រូវ​បញ្ឆេះ​ឡើង​វិញ​ច្រើន​សារ ជា​ហេតុ​ធ្វើ​ឲ្យ​ស៊ី​សាំង​ជាង​មុន។

១០. ​បញ្ឆេះ​រថយន្ត​ចោល

ការ​បញ្ឆេះ​រថយន្ត​កម្ដៅ​ម៉ាស៊ីន ជា​រឿង​យល់​ខុស​មួយ​របស់​អ្នក​ប្រើប្រាស់​ភាគ​ច្រើន​ ដែល​ចង់​សន្សំ​សំចៃ​សាំង។ អ្នក​គួរ​បើកបរ​ភ្លាម​ៗ នៅ​ពេល​ដែល​បញ្ឆេះ​ម៉ាស៊ីន​រួច ហើយ​គួរ​ពន្លត់​ចោល ពេល​អ្នក​ឈប់​ ឬ​ចត​ទុក​ចោល​យូរ។

១១. របៀប​បើកបរ

ការ​បើកបរ​លឿន ជាន់​កន្ត្រាក់ និង​មិន​សូវ​សាង​លេខ (ចំពោះ​រថយន្ត​លេខ​ដៃ) ជា​ដើម ជា​ហេតុ​ផល ដែល​នាំ​ឲ្យ​រថយន្ត​របស់​អ្នក​ស៊ី​សាំង​ខ្លាំង​ជាង​ធម្មតា។

១២. ផ្ទុក​លើស​ចំនួន​កំណត់ និង​ការ​សណ្តោង

ការ​ដាក់​ឥវ៉ាន់​ច្រើន​លើស​កំណត់ ឬ​ក៏​សណ្ដោង​វត្ថុ​នានា ក៏​ជា​ដើម​ចម​ធ្វើ​ឲ្យ​រថយន្ត​ស៊ី​សាំង​ខ្លាំង​ជាង​មុន​ដែរ​ព្រោះ​ វា​ត្រូវ​ការ​កម្លាំង​ខ្លាំង​ជាង​មុន ដើម្បី​អូស​រថយន្ត​ទៅ​មុខ។

១៣. បើក​បរ​លឿន​ខ្លាំង

អ្នក​បើកបរ​ រថយន្ត ប្រាកដ​ជា​ដឹង​អំពី​បញ្ហា​នេះ ពី​ព្រោះ​ការ​ជាន់​បន្ថែម​ល្បឿន វា​នាំ​ឲ្យ​ម៉ាស៊ីន​មាន​ថាមពល​ខ្លាំង​ក្លា តែ​វា​ចាំ​បាច់​ណាស់​ត្រូវ​ការ​ឥន្ធនៈ​ច្រើន​ ដើម្បី​បង្កើន​អានុភាព និង​ល្បឿន​ រថយន្ត៕

ប្រភព៖ monitor