​សុស៊ីដាន ​​ចាប់​ផ្ដើម​លេង​ក្លឹប​អាជីព​ត្រឹម​២​ឆ្នាំ​សោះ​​ តែ​វិវឌ្ឍន៍​ខ្លួន​លឿន​បាន​ជាប់​ជម្រើសជាតិ

  • 2022-03-16 03:15:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​ខ្សែ​បម្រើ​ប្រយុទ្ធ​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ​២៣​ឆ្នាំ​ និង​ទ័ព​ ញាណ សុស៊ីដាន ​បាន​ចាប់​ផ្ដើម​លេង​ក្លឹប​អាជីព​​ត្រឹម​២​ឆ្នាំ​ ពោល​គឺ​ចាប់​ផ្ដើម​លេង​ឈុត​យុវជន​របស់​ទ័ព​បាន​មួយ​ឆ្នាំ និង​​​លេង​​ឈុត​ធំ​១​​ឆ្នាំ​ក៏​បាន​ជាប់​ជម្រើសជាតិ​ក្រោម​អាយុ​២៣​ឆ្នាំ និង​ឈុត​ធំ​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

​​​កីឡាករ​ដែល​​មាន​ដើម​កំណើត​មក​ពី​ខេត្ត​ស្វាយរៀង​ខាង​លើ​​បាន​រៀបរាប់​ពី​​ប្រវត្តិ​នៃ​ការ​លេង​បាល់​របស់​ខ្លួន​ថា ​កាល​​នៅ​ក្មេង​ៗ​លេង​ធម្មតា​ៗ​តាម​ភូមិ​ស្រុក​​គ្រាន់​តែ​ចូល​​ចិត្ត​លេង​បាល់​ និង​ទទួល​បាន​ការ​បង្ហាត់​បង្រៀន​តិចតួច​ពី​គ្រូ​បង្វឹក​នៅ​ស្រុក​កំណើត​។ ដល់​វ័យ​១៤-១៥​ឆ្នាំ​ ស៊ីដាន ក៏​បាន​ចាប់​ផ្ដើម​លេង​​​ឲ្យ​​ក្រុ​ម​អធិការ​ក្រុង​បាវិត​ដែល​ពេល​នោះ​លេង​ក្នុង​ពាន ស្វាយរៀង​ខាប់​ នា​ឆ្នាំ​២០១៨​។

​យុវជន​ខាង​លើ​បាន​និយាយ​ថា «​​កាល​ហ្នឹង​ឆ្នាំ​២០១៨ ខ្ញុំ​លេង​ឲ្យ​ពាន​​ស្វាយរៀង​ខាប់​ ហើយ​គិត​ថា​ចង់​ស្វែង​រក​​ក្លឹប​អាជីព​១​ដើម្បី​​​​លេង​ហ្នឹង​គេ​។ ​គាប់ជួន​ពេល​នោះ​ទ័ព​គេ​ប្រកាស​ជ្រើ​ស​រើស​យុវជន​ក៏​មក​ធ្វើតេស្ត​ ហើយ​​បាន​ជាប់​ក៏​​លេង​ឈុត​យុវជន​​របស់​ទ័ព​​​ដោយ​លេង​លីគ​ទី​២​។ ​ការ​ចាប់​ផ្ដើម​លេង​លីគ​ទី​២​នោះ​គឺ​នៅ​ឆ្នាំ​២០២០​។ ក្រោយ​មក​​លេង​លីគ​ទី​២​បាន​មួយ​ឆ្នាំ​គ្រូ​ឃើញ​ថា ខ្ញុំ​ល្អ​ក៏​ចុច​ឈ្មោះ​ឲ្យ​លេង​លីគ​កំពូល​​នៅ​ឆ្នាំ​២០២១​តែ​ម្ដង ហើយ​ក៏​បាន​ជាប់​ជម្រើសជាតិ​ជាតិ U23 ទៅ​លេង​ពាន​ AFC U23 Asian Cup និង ឈុត​ធំ​ទៅ​លេង Suzuki Cup​ ព្រម​ទាំង​​បាន​ជាប់​ជម្រើសជាតិ​​ឈុត​យុវជន​លេង​ពាន AFF ​ថ្មី​ៗ​នេះ​»។

ស៊ីដាន កើត​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ ២០០២ ទី​កន្លែង​កំណើត​នៅ​ភូមិ​បាវិត​ ខេត្ត​ស្វាយរៀង​។ គេ​មាន​បង​ប្អូន​ពីរ​នាក់​ជា​កូន​ទី​១​ក្នុង​គ្រួសារ​មាន​​ឪពុក​ឈ្មោះ សាំង​ ដា ម្ដាយ​​ឈ្មោះ ឌុក សុភ័ក្ត្រ ៕ ​​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី