ហ៊ត ឈិន​​ជិន ៖ ខ្ញុំ​​ប្រឹង​​ដើម្បី​ខ្លួនឯង​…​ទោះ​ពេល​នេះ​គ្មាន​អ្នក​ណា​មើល​ឃើញ​ខ្ញុំ​ក៏​ដោយ​

  • 2022-03-17 07:52:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ខ្ញុំ​ប្រឹងប្រែង​ដើម្បី​ខ្លួន​ឯង និង​លេង​ដើម្បី​ឈ្មោះ​នៅ​លើ​អាវ​របស់​ខ្ញុំ​ ទោះ​ពេល​នេះ​គ្មាន​អ្នកណា​មើល​ឃើញ ប៉ុន្តែ​អ្នក​ទាំង​អស់​គ្នា​ នឹង​ចងចាំ​ខ្ញុំ​នៅ​ថ្ងៃ​ណាមួយ​» នេះ​ជា​សម្ដី​​របស់​កីឡាករ​មក​ពី​ខេត្ត​ប៉ៃលិន ហ៊ត ឈិន​ជិន ដែល​កំពុង​ប្រកប​អាជីព​នៅ​ក្លឹប​គីរីវង់​សុខ​សែន​ជ័យ​។

កីឡាករ​កើត​ឆ្នាំ​២០០១ រូប​​នេះ​​បាន​បន្ថែម​​ទាក់​ទង​សំនួរ​ដែល​បាន​សួរ​ថា ​​«​តើ​ការ​លើក​ឡើង​នេះ​​ប្អូន​ចង់​សំដៅ​លើ​​ក្លឹប និង​ជម្រើស​ជាតិ​?» គឺ​«និយាយ​រួម​ទាំង​ពីរ​​បង ព្រោះ​បច្ចុប្បន្ន​បង​ដឹង​ហើយ​ ខ្ញុំ​មិន​ទាន់​ទទួល​បាន​អ្វី​ជា​ផ្លែ​ផ្កា​ទេ​បង ចឹង​មាន​តែ​ការ​ខិតខំ​ទេ​បង ដើម្បី​នៅ​ថ្ងៃ​ខាង​មុខ​ទៀត​បង​ ដើម្បី​ឲ្យ​គេ​ចង​ចាំ​ខ្ញុំ​ខ្លះ​ដែរ​បង»។

​ខ្សែ​បម្រើ​​ពាក់​លេខ​៨​រូប​នេះ​លើក​ឡើង​ទៀត​ថា ​រូប​គេ​ពិត​ជា​រំពឹង​ថា ក្ដី​​​ស្រមៃ​​ដែល​ធ្វើ​​ឲ្យ​គេ​មើល​ឃើញ​​ខ្លួន​ទាំង​ក្នុង​ក្រុម និង​ជម្រើស​ជាតិ​មួយ​នេះ​នឹង​អាច​ក្លាយ​ជា​ការ​ពិត​ព្រោះ​អី​​នៅ​ពេល​នេះ​​មាន​ក្រុម​គ្រួសារ ​កំពុង​ចាំ​ជួយ​លើក​ទឹក​ចិត្ត​ពី​ក្រោយ​ខ្នង​​ជំរុញ​ដល់​ការ​ប្រឹងប្រែង​របស់​គេ​។

​​យុវជន​កើត​ថ្ងៃ​ទី​១៥ ខែ​សីហា​ ឆ្នាំ​២០០១ រូប​នេះ​បាន​ចូល​លេង​បាល់ទាត់​ដំបូង​​ជា​មួយ​យុវជន​ក្រោម​អាយុ ១៣ ឆ្នាំ​របស់​ខេត្ត​ប៉ៃលិន ​កាល​ឆ្នាំ​២០១៤ ក្រោយ​មក​ក៏​ទទួល​បាន​ឱកាស​ចូល​ហាត់​បាល់ទាត់​នៅ​បាទី​​នៅ​ឆ្នាំ២០១៦។ ​បន្ទាប់​ពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​នៅ​សាលា​បាល់ទាត់​ជាតិ​បាទី​​ចំនួន​​២​ឆ្នាំ ​ពោល​គឺ​ចុង​ឆ្នាំ​២០១៨​គេ​ក៏​ត្រូវ​បាន​ក្លឹប​អាជីព​បឹង​កេត​កោះ​​ហៅ​ឲ្យ​ចូល​លេង​នៅ​ឈុត​យុវជន​ក្រោម​អាយុ​១៨​ឆ្នាំ​​។ ​បង្ហាញ​ខ្លួន​ជា​មួយ​យុវជន​បឹង​កេត​បាន​តែ​មួយ​ឆ្នាំ​​កូន​ពៅ​ក្នុង​គ្រួសារ​រូប​នេះ​ក៏​បាន​ឡើង​មក​លេង​ឈុត​ធំ​តែ​ម្ដង។ លេង​ឲ្យ​ឈុត​ធំ​បឹង​កេត​ឆ្នាំ​២០២០​មិន​បាន​បង្ហាញ​ខ្លួន​លេង​ក្នុង​លីគ​ទេ ហើយ​រដូវ​កាល​ថ្មី​​២០២១​គេក៏​ផ្លាស់​មក​កាន់​គីរីវង់​សុខ​សែន​ជ័យ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​