ប្រយ័ត្នសម្រេចចិត្តខុស! ហេតុអ្វីត្រូវចំណាយលុយទិញ iPad Air5 ជាជាង iPad Pro?
- 2022-03-18 03:12:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រយ័ត្នសម្រេចចិត្តខុស! ហេតុអ្វីត្រូវចំណាយលុយទិញ iPad Air5 ជាជាង iPad Pro?
ចន្លោះមិនឃើញ
iPad Air5 គឺជាតារានៃត្រកូល iPad ប្រចាំឆ្នាំ ២០២២ នេះដោយសារតែវាជាថេប្លេត ដែលមានតម្លៃធូរថ្លៃប៉ុន្តែប្រើប្រាស់ឈីបកុំព្យូទ័រ M1 របស់ក្រុមហ៊ុនផ្លែប៉ោម។ iPad Air 5 M1 ក្នុងកញ្ចប់តម្លៃ ៥៩៩ដុល្លារ (តម្លៃបរទេស) ធៀបនឹង iPad Pro 11 M1 ៧៩៩ដុល្លារ (តម្លៃបរទេស) ខុសគ្នាដល់ទៅ២០០ដុល្លារ ប៉ុន្តែវាទាំងពីរមិនសូវមានលក្ខណៈសម្បត្តិខុសគ្នាច្រើនឡើយ ជាពិសេសគឺប្រើឈីប M1 ដូចគ្នា។ អញ្ចឹងថ្ងៃនេះ Sabay នឹងបង្ហាញថាហេតុអ្វីត្រូវចំណាយប្រាក់លើ iPad Air 5 ជាជាង iPad Pro 11 ដែលមានតម្លៃថ្លៃជាង។ តោះទៅតាមដានទាំងអស់គ្នា៖
និយាយពីតម្លៃរបស់វាមុនសិន ព្រោះមុននឹងសម្រេចិត្តទិញអ្វីមួយនោះ កត្តាតម្លៃជារឿងដែលត្រូវពិចារណាមុនគេ។ ទន្ទឹមនឹងនោះ តម្លៃនៃឧបករណ៍ក៏ត្រូវតែសមាមាត្រនឹងគុណភាពផងដែរ តួរយ៉ាង iPad Air 5 នេះមានតម្លៃខ្លួនសមល្មម និងបំពាក់ដោយឈីបកុំព្យូទ័រ M1 ដូចទៅនឹង iPad Pro និង Macbook ដែលមានតម្លៃខ្លួនថ្លៃជាវាប្រហែល ២ ទៅ ៣សន្លឹក។
ទៅលើកម្លាំងម៉ាស៊ីនឈីប M1 អាចទ្រទ្រង់កម្មវិធីដែលមានសព្វថ្លៃបានយ៉ាងរលូន និងប្រហែលជាអាចបន្តប្រើ ទៅថ្ងៃអនាគតបានច្រើនឆ្នាំថែមទៀត។ ឈីបនេះជាប្រភេទ Silicon ដំណើរការដោយ 8 Core CPU, 8 Core GPU និង 16 Core Neural Engine បំពាក់ដោយ RAM 8GB។ ក្នុងកញ្ចប់ទឹកលុយ ៥៩៩ដុល្លារ ថោកជាង iPad Pro ដល់ទៅ ២០០ដុល្លារបែបនេះ វានៅតែអាចធ្វើការងារដូចនឹង iPad Pro។ អ្នកអាចបោះការងារធំៗដូចជា កាត់តវីដេអូ 4K កែរូបភាព File RAW ចេញពីកាមេរ៉ា ឬឌីហ្សាញ Poster សម្រាប់ Facebook Page បានដូចគ្នា។ បើនិយាយពីការងារស្រាលៗប្រភេទ Office ឬសម្រាប់សិស្ស និស្សិត គឺវាលើសពីតម្រូវការទៅហើយ ដែលគ្មានថេប្លេតតម្លៃស្រដៀងនេះ អាចមកប្រៀបធៀបនឹងវាបានឡើយ។
ចំណុចខ្លាំងរបស់វាមួយទៀត គឺអាចប្រើប្រាស់នូវសម្ភារៈបន្ថែម ( Accessories ) របស់ iPad Pro បានទាំងអស់ ដោយសារតែវាមានរូបរាងដូចគ្នា។ ប្រសិនបើអ្នកជាបុគ្គលដែលចូលចិត្តគូររូប កត់ត្រា និងឌីហ្សាញ នោះអ្នកអាចប្រើ Apple Pencil 2 ហើយបើចូលចិត្តការសេរសរអត្ថបទ Magic Keyboard ក៏ជាការចំណាយដ៏ត្រឹមត្រូវ។ បន្ថែមពីលើនេះ ក្រុមហ៊ុនផ្សេងៗជាច្រើនក៏បានបញ្ចេញសម្ភារៈបន្ថែម ដូចជាប៊ិច និងក្តារចុច ដែលអាចធ្វើការបានដូចគ្នា ហើយមានតម្លៃធូរជាងច្រើន។ មិនតែប៉ុណ្ណោះ iPad Air 5 ប្រើរន្ធ USB-C មានល្បឿនកូពីលឿន ដែលអាចអនុញ្ញាតិ្តឲ្យអ្នកអាចប្រើប្រាស់សម្ភារៈបន្ថែមដូចជា USB-C Hub ដើម្បីប្រើ SC Card, បន្តរូបភាពចូលក្នុងអេក្រង់ធំ និងអាចធ្វើរឿងជាច្រើនដែល USB-C អាចធ្វើបានដូចកុំព្យទ័រអញ្ចឹងដែរ។
ចំពោះអ្នកដែលចូលចិត្ត Live Video ឬ Video Call ប្រាកដពេញចិត្ត ជាមួយនឹងកាមេរ៉ាមុខប្រភេទថ្មីរបស់ iPad Air 5 ជាប្រភេទ Center Stage ប្រើប្រាស់លេន Ultra wide កម្រិត 12mp។ កាមេរ៉ាប្រភេទនេះ មានលក្ខណៈឆ្លាតវៃ អាចរេតាមសកម្មភាពរបស់មនុស្សបាន មើលទៅរស់រវើកជាងមុន។
ចូលដល់ចំណុចខ្សោយដែល iPad Air 5 មិនអាចស៊ីដាច់ iPad Pro នោះ គឺមានចំណុចធំៗ ៣ មានដូចជាឧបករណ៍បំពងសំឡេង៤គ្រាប់, អេក្រង់រអិល Pro Motion 120Hz និងកាមេរ៉ាក្រោយ២គ្រាប់ ជាមួយនឹងសេនស័រ Lidar ១គ្រាប់។ ក្រៅពីនេះ ចំណុចតូចៗដែលអាចមើលរំលងបាននោះគឺ អេក្រង់ដែលតូចជាងបន្តិច ១០,៩អ៊ីញ មានពន្លឺខ្សោយជាងបន្តិច 500nits នៅលើ Air 5 ប្រៀបធៀបនឹង ១១អ៊ីញ 600nits ដែលមាននៅលើ iPad Pro។
សរុបមកវិញ iPad Air 5 គឺជាជម្រើសដ៏ល្អក្នុងទឹកលុយ ៥៩៩ដុល្លារ អ្នកប្រហែលជាអាចអាចរកទិញ iPad 10,2 បានក្នុងតម្លៃធូរជាងច្រើន ប៉ុន្តែអ្នកត្រូវលះបង់កម្លាំងម៉ាស៊ីនដ៏ខ្លាំង, សមត្ថភាពនៃការប្រើប្រាស់គ្រឿងបន្ថែមដ៏ទូលំទូលាយ និងគ្មានរន្ធ USB-C។ ហើយអ្នកក៏ប្រហែលជាមិនចាំបាច់ត្រូវបន្ថែមលុយដើម្បីយកម៉ូឌែល Pro នោះដែរ ប្រសិនបើចំណុចលើសគ្នា ដែលមាននៅ iPad Pro មិនសំខាន់សម្រាប់អ្នក ព្រោះតម្លៃរបស់វាទាបជាងច្រើន ហើយអាចធ្វើការដូចគ្នាទៅហើយ៕