ម៉ូតូ​អគ្គិសនី Yamaha ទើបចេញ​ថ្មី សាកភ្លើង​ពី ០ ដល់ ៩០% ប្រើពេល​តែ១ម៉ោង

  • 2022-03-21 10:00:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ ក្រុមហ៊ុន Yamaha បាន​បញ្ចេញ​ជាផ្លូវការ​នូវម៉ូតូ​អគ្គិសនី​របស់ខ្លួន​ម៉ូដែល E01 បន្ទាប់ពី concept ម៉ូតូនេះ ត្រូវបាន​ទម្លាយចេញ​អស់ប៉ុន្មាន​ឆ្នាំ​មកហើយ។

ម៉ូតូ Yamaha E01 នឹង​ត្រូវដាក់លក់​ក្នុងទីក្រុង​ធំៗមួយចំនួន ហើយមាន​ការដំឡើង​ស្ថានីយសាកភ្លើង​ទៀតផង ដូចជានៅជប៉ុន អឺរ៉ុប តៃវ៉ាន់ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​ថៃ ដែល​គ្រោង​នឹង​ចាប់ផ្តើម​នៅ​អំឡុងខែកក្កដា ឆ្នាំ​២០២២​ខាងមុខ។

អាគុយ​របស់​វា​នឹង​ត្រូវដាក់ជាប់​ក្នុងម៉ូតូតែម្តង ដោយ​ការសាកអាគុយ​មាន​ ៣ជម្រើស។ ទីមួយ គឺតាមរយៈការសាកលឿន នៅតាមស្ថានីយ​ដែលត្រូវបានដំឡើង ដោយប្រើពេលតែ១ម៉ោង សាកពី ០ ដល់ ៩០%។ ទីពីរ គឺការសាកធម្មតា​នៅតាមផ្ទះរៀងខ្លួន ប្រើពេល ៥ម៉ោង សាកពី ០ ដល់ ១០០%។ និងទីបី តាមរយៈដុំសាកដែលអាចដាក់តាមខ្លួនដូច powerbank ដែរ ប៉ុន្តែសាកយឺតណាស់ ដោយត្រូវចំណាយពេល​រហូតដល់ ១៤ម៉ោងឯណោះ ក្នុងការសាកពី ០ ដល់ ១០០%។

Yamaha លើកឡើងថា តួគ្រោង​របស់​ម៉ូតូ scooter នេះ ត្រូវបាន​អភិវឌ្ឍ​ចេញ​ពី​តួគ្រោង​របស់​ម៉ូតូស្ព័រ ដែល​ស្រាល ខ្លាំង និងធុន។ កម្ពស់ពីដី មកកែបម៉ូតូ គឺ ៧៥៤មម ហើយ​ប្រវែងពីកង់មុខទៅកង់ក្រោយ​គឺ ១៣៧៩មម និង​កង់ទំហំ ១៣អ៊ីញ។ ចង្កៀងជាប្រភេទ LED និង​កុងទ័រជាប្រភេទឌីជីថល ដែល​បង្ហាញ​សញ្ញាផ្សេងៗពីស្ថានភាពម៉ូតូ។ កន្លែងដោតសាកភ្លើង គឺស្ថិតនៅ​ចន្លោះកណ្តាលចង្កៀងមុខ។

តែយ៉ាងណា ចំពោះព័ត៌មានលម្អិតបន្ថែម និងតម្លៃនៃម៉ូតូអគ្គិសនី​នេះ ក្រុមហ៊ុន Yamaha នឹងបញ្ជាក់​នៅអំឡុងខែឧសភាខាងមុខ៕

អត្ថបទ៖ សំភី