អីយ៉ាស់! ឡាន​សាកភ្លើង​ទីមួយ​របស់ Cadillac ចេញរូបរាង​ពិតហើយ

  • 2022-03-22 02:39:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cadillac បាន​ធ្វើការ​អបអរ​សាទរ​នូវ​ការ​ចាប់ផ្តើម​ផលិត​​រថយន្ត​អគ្គិសនី​ទីមួយរបស់ខ្លួន គឺម៉ូដែល Lyriq ឆ្នាំ​២០២៣ នៅរោងចក្រ Spring Hill Manufacturing រដ្ឋ Tennessess ដែល​ជាទីតាំង​ផលិតរថយន្ត​អគ្គិសនីទីបីរបស់ GM។

រថយន្ត Lyriq នឹង​ត្រូវអភិវឌ្ឍ​លើគ្រោងឆ្អឹង Ultium BEV3 របស់ GM ដែល​ប្រើម៉ូទ័រ​អគ្គិសនី​មួយ ផ្តល់​នូវកម្លាំង ៣៤០សេះ និង​កម្លាំងរមួល ៤៤០ញ៉ូតុនម៉ែត្រ រត់ប៉ុងក្រោយ។ អាគុយ​វា​ជាប្រភេទ Ultium ទំហំ ១០០,៤គីឡូវ៉ាត់ម៉ោង ដោយពេលសាកពេញ​អាច​ធ្វើដំណើរបាន​ដល់ចម្ងាយ ៤៨៣គីឡូម៉ែត្រ។ ក្រុមហ៊ុន Cadillac អះអាងថា Lyriq គាំទ្រការ​សាកភ្លើងលឿន ១៩០គីឡូវ៉ាត់ DC Fast Charging ​ដែល​អាចសាកត្រឹម១០នាទីធ្វើដំណើរបានជាង ១២០គីឡូម៉ែត្រ ហើយសាក ៣០ានាទី ជិះបាន ៣១៥គីឡូម៉ែត្រ។

រថយន្ត Cadillac Lyriq ឆ្នាំ២០២៣ បាននាំយកការឌីហ្សាញស្ទើរតែដូចទៅនឹងគំរូរថយន្តទាំងស្រុង ជាមួយនឹងការបំពាក់ប៉ាណាមុខពណ៌ខ្មៅរលោង, ឡូហ្គូអាចពន្លឺភ្លើង, ចង្កៀងមុខ LED រាងស្លីម, ដៃទ្វារលិបចេញ-ចូល, ចង្កៀងក្រោយអោបផ្នែកចំហៀងរថយន្ត និងយ៉ាន់កង់ ២០អ៊ីញ ប៉ុន្តែក៏មាន Optoin យ៉ាន់កង់ ២២អ៊ីញផងដែរ។

លក្ខណៈពិសេសមួយចំនួនលើ SUV នេះមានដូចជា ប្រព័ន្ធបូម advanced five-link suspension system, ដំបូលកញ្ចក់ពេញ, យ៉ាន់កង់ ២០អ៊ីញស្តង់ដារ និង ២២អ៊ីញជា Option, ប្រព័ន្ធសំឡេង AKG Studio មាន Speaker ១៩គ្រាប់, មុខងារ active noise cancellation, ដៃចង្កូតមានមុខងារកម្តៅ ព្រមទាំង កុងទ័រ និងអេក្រង់កម្សាន្តទំហំ ៣៣អ៊ីញជាដើម។

ក្រៅពីនោះ វាមាន​មុខងារ​សុវត្ថិភាព​ជាច្រើនរួមមាន៖ ប្រព័ន្ធ​គ្រប់គ្រងល្បឿន​ស្វ័យប្រវត្តិ​ធៀបនឹង​រថយន្ត​ខាងមុខ, មុខងារជំនួយដៃចង្កូត​ពេល​មាន​យានយន្ត​នៅចំហៀង​ក្រោយ​វ៉ាជែង, ប្រព័ន្ធ​ជំនួយ​ចូលចត​ស្វ័យ​ប្រវត្តិ, ប្រព័ន្ធហ្វ្រាំង​បន្ទាន់​ស្វ័យប្រវត្តិ, ប្រព័ន្ធឱ្យសញ្ញា​ពេលមាន​អ្នកថ្មើរជើង និងអ្នកជិះកង់​នៅខាងមុខ និង​ប្រព័ន្ធហ្វ្រាំង​ស្វ័យប្រវត្តិពេលមានអ្វីមួយនៅពីក្រោយ ក្នុងអំឡុងពេលរឺយែរ។

គួររំលឹកថា Cadillac បាន​បើកឱ្យកក់​រថយន្ត​អគ្គិសនី​នេះ តាំងពីឆ្នាំមុន​មកម្ល៉េះ ដោយត្រឹម ១០នាទី គឺត្រូវបានកក់​អស់រលីង។ តែយ៉ាងណា ក្រុមហ៊ុន​នឹងបើកឱ្យកម្មង់ម្តងទឿត​នៅខែឧសភា​ ឆ្នាំ​២០២២ខាងមុខ ដោយសារតែតម្រូវការខ្ពស់។ ក្នុងនោះ Cadillac គ្រោង​បង្កើន​ចំនួន​រថយន្ត​ពី ៣២០០គ្រឿង រហូតដល់ ២៥ ០០០គ្រឿង៕

អត្ថបទ៖ សំភី