ទើប​លេង​បាន​វិញ ឥឡូវ​របួស​ចង្កេះ​​​ស្មាត់​យុន​​រើ​ឡើង​ម្ដង​ទៀត និង​កាន់​តែ​ធ្ងន់ធ្ងរ

  • 2022-03-23 02:03:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​របួស​ចង្កេះ​​ធូរ​ស្រាល​បន្តិចកីឡាករ​ ទុយ កុសល ហៅ​ស្មាត់​យុន​ស្រែស្រែបាន​ចាប់​ដៃគូ​ជាមួយ​បងប្រុស​បង្កើត​ ទុយ រាជ ​បង្ក​ព្យុះភ្លៀង​​ម្ដង​ទៀត​កាល​ពី​ពេល​កន្លង​ទៅ​ដោយ​បាន​យកឈ្នះ​លើ​ក្រុម​ខ្លាំងៗ​ជា​ច្រើន ជាក់​ស្ដែង​ឈ្នះ​លើ​ក្រុម​ក្អែក​ពិឃាដ​ (3vs4) នៅ​​តារាង​បាល់ទះ​ 2Brother ​ស្រុក​ជុំ​គិរី ខេត្ត​កំពត និង​ក្រុម​ខ្លា​កំណាច​ខេត្ត​កំពង់ស្ពឺ​នៅ​តារាង F1 ម្ដុំ​វត្ត​សំរោង​អណ្ដែត​រាជធានីភ្នំពេញ។

​កាល​ពី​យប់​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០២២ ស្មាត់​ធំ​មក​ពី​​ក្លឹប​បាល់ទះ​រដ្ឋបាល​រាជ​ធានី​​ភ្នំពេញ បាន​ធ្វើ​បច្ចុប្បន្ន​ភាព​អំពី​ស្ថានភាព​របស់​ខ្លួន។ របួស​ចង្កេះ​របស់គេ​បាន​វិវឌ្ឍ​កាន់​តែ​ធ្ងន់​ធ្ងរ និង​​ត្រូវ​បង្ខំ​ចិត្ត​សម្រាក​លេង​​មួយ​រយៈ ដើម្បី​ព្យាបាល​របួស​​ពីរ​ខែ​សិន​។ នេះ​​​បើ​តាម​សំណេរ​សរសេរ​លើ​ផេក​ផ្លូវ​ការ​យុនស្រែស្រែ​។

កីឡាករ​វ័យ២៣​ឆ្នាំ កម្ពស់១,៨៤ម៉ែត្រ បាន​បង្ហោះ​ថា ៖«សួស្ដី​អ្នក​ទាំង​អស់គ្នា​ ខ្ញុំបាទយុន សូមជម្រាប​ដំណឹង​ជូន​បង​ប្អូននិ​ងហ្វេនៗ​របស់​ខ្ញុំ​ទាំង​អស់គ្នា ពេលនេះ​ចង្កេះរ​បស់​ខ្ញុំបាទ​មាន​បញ្ហាឡើង​វិញ​ហើយ។ មាន​ស្ថានភាពធ្ងន់​ ពេលនេះ​ខ្ញុំកំពុង​សម្រាក់ព្យាបាល សុំបាត់មុខ​ពី​ពិភពគុណ​១​រយះ​ធំហើយ ហើយ​ខ្ញុំសន្យា​ថា​នឹង​ខិតខំព្យាបាលអោយ​ឆាប់​ជា ដើម្បីវិលត្រឡប់​មកជួប​បង​ប្អូនហ្វេនៗ​ទាំងអស់គ្នា»។

យុន​បាន​បញ្ជាក់​ទៀត​ថា ចំពោះ​ការប្រកួតទាំងខាងក្រៅផ្លូវការនិ​ងផ្លូវការ គឺ​រូប​គេ​​មិន​ទាន់​អាច​លេង​បាន​ឡើយ។ ក្នុង​ការ​ប្រកួត​បើក​ឆាក​បាល់​ទះ​លីគ GANZBERK Special Volleyball League ថ្ងៃ​សុក្រ​ទី​២៥ ខែ​មីនា ឆ្នាំ​២០២២ ក្រុម​រដ្ឋបាល​រាជធានីភ្នំពេញនឹង​ត្រូវ​ជួប​ក្រុម​ខ្លាំង​ កង​ពល​ធំ​អន្តរាគមន៍​លេខ​៣ វេលា​ម៉ោង២​រសៀល​តទៅ ចំណែក​​ក្រុម​ខ្លាំង​វិសាខា នឹង​ជួប​ក្រុម​ខ្លាំង​ក្រសួង​មហាផ្ទៃនៅ​ម៉ោង​ ៣ កន្លះ​រសៀលនៅ​កីឡដ្ឋាន​ព្រីនស៍។

រូបភាព​យក​ពី​ហ្វេសប៊ុក​ផេក​ស្មាត់​យុន

គួរ​បញ្ជាក់​ថា ស្មាត់​យុន​​បាន​រង​របួស​ចង្កេះ​នៅ​ឆ្នាំ​២០២០ អំឡុង​ពេល​​លេង​បាល់​ទះ​ក្រៅ​ផ្លូវ​ការ​នៅ​ខេត្ត​កំពង់​ធំ។ របួស​ចង្កេះ​បាន​ធ្វើ​ឱ្យ​រូប​គេ​បាត់​មុខ​​ពី​ពី​ពិភព​បាល់​ទះ​មួយ​រយះ​ពេល​ធំ លុះ​ដល់​ឆ្នាំ​២០២១​ ទើប​គេ​អាច​ចេញ​ប្រឡូក​វិញ​ ក្រោយ​របួស​បាន​ធូរស្រាល​៕

អត្ថបទ៖ អ៊ុំ សុភក្តិ