ឡូយ​ណាស់ ប្រុស​សង្ហា​ខ្ពស់​ស្រឡះ ឡៅ បញ្ញា និង យូ ថនវណ្ណៈ សម្រេច​លទ្ធផល​ធំ​រៀង​ខ្លួន

  • 2022-03-28 08:57:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រុស​សង្ហា​២​រូប​ដែល​មាន​រាង​ខ្ពស់​ស្រឡះ គឺ​លោក ឡៅ បញ្ញា បេក្ខភាពតំណាងខេត្តកំពង់ធំ និង យូ ធន​វណ្ណៈ តំណាងខេត្តព្រះវិហារ ថ្មី​ៗ​នេះ សម្រេច​បាន​សមិទ្ធផល​ធំ​ៗ​រៀង​ខ្លួន គួរ​ឲ្យ​សរសើរ ក្នុង​កម្មវិធី Mister Supranational Cambodia២០២២។

នៅ​ក្នុង​កម្មវិធីប្រកួតផ្តាច់ព្រ័ត្រដែលត្រូវបានធ្វើឡើងដោយផលិតកម្មមហាហង្សកាល​ថ្មី​ៗ​នេះ លោក ឡៅ បញ្ញាបានគ្រងមកុដ Mister Supranational Cambodia២០២២ ខណៈលោកយូ ថនវណ្ណៈ ជាលំដាប់រងទី១នៃកម្មវិធីប្រកួតខាងលើនិងត្រូវបានក្លាយជាម្ចាស់តំណែង Mister Grand Cambodia ដំបូងគេផងដែរ។

ចំណុច​គួរ​កត់​សម្គាល់ ពួក​គេ​ទាំងពីររូប បាន​កន្ទ្រាក់​យក​ការ​ចាប់អារម្មណ៍ តាម​រយៈ​រូបរាង​ដ៏​សង្ហា កម្ពស់​ខ្ពស់​កម្រ​រក​បាន​សម្រាប់​បុរស​កម្ពុជា។ តាម​ការ​បញ្ជាក់​របស់​សាមី​ខ្លួន ឡៅ បញ្ញា បុរស​​​មាន​សាច់ដុំធំណែន ខ្ពស់ស្រឡះ ​ធ្លាប់កាន់តំណែង​បុរសឯក​លេខ២ អាស៊ាន ឆ្នាំ២០១៩។ បន្ថែម​ពី​លើ​នេះ ពី​អតីតកាល​លោក​ក៏​ជាតារាក្បាច់គុនល្បុក្កតោ និងជាតារាសម្តែង និងបង្ហាញម៉ូដម្នាក់ផងដែរ។

លោក ឡៅ បញ្ញា

បញ្ញា បាន​លេច​មុខលើវិស័យសិល្បៈ ក្រោយពីបញ្ចប់ការងារនៅភូមិវប្បធម៌ខេត្តសៀមរាបជាទឹកដីកំណើត។ ងាក​មក​លោក យូ ថនវណ្ណៈ មាន​កំពស់ : 1.87m ហើយមុននឹងឈានដល់ការប្រកួត Mister Supranational Cambodia 2022 លោក ធ្លាប់បានចូលរួមតំណាងឱ្យកម្ពុជាប្រកួតក្នុងកម្មវិធី Asia model festival 2015 នៅឯប្រទេសកូរ៉េ។

បច្ចុប្បន្ន​លោក យូ ថនវណ្ណៈ គឺជាតារាបង្ហាញម៉ូដអាជីព ដែលមានទីផ្សារខ្លាំង។មិនតែប៉ុណ្ណោះលោកគឺជាអ្នកបម្រើការលើយន្តហោះ «បហុនិការ» ឬ Cabin Crewដែលលោកអាចនិយាយភាសា​អង់គ្លេស​យ៉ាងស្ទាត់ជំនាញផងដែរ។ ម្ចាស់ជ័យលាភីភី Mister Supranational Cambodia 2022នឹងទទួលបានឱកាសក្នុងការចេញទៅប្រកួតនៅប្រទេសប៉ូឡូញ ទទួលបានប្រាក់រង្វាន់ ឱកាសការងារសិល្បៈ និងការបណ្តុះបណ្តាលមុនពេលចេញទៅប្រកួតនៅក្រៅប្រទេស ខណៈម្ចាស់ជ័យលាភី Mister Grand Cambodia ២០២២ នឹងក្លាយជាម្ចាស់ជ័យលាភីចេញទៅប្រកួតនៅប្រទេសព័រតូរីកូនៅអំឡុងខែវិច្ឆិកាខាងមុខនេះ។

លោក យូ ថនវណ្ណៈ

កម្មវិធី Mister Supranational Cambodia២០២២ ត្រូវ​បាន​រៀប​ចំ​លើក​ដំបូង​នៅ​កម្ពុជា​ដោយ​ក្រុមហ៊ុន​មហាហង្ស។ លោក អ៊ិន សុភិន នាយក​ក្រុមហ៊ុន បាន​ប្រាប់​ថា កម្មវិធីលើកដំបូងនេះ​ឆ្លងកាត់ការលំបាកជាច្រើន ពិសេសស្ថិតក្នុងបរិបទនៃជំងឺកូវីដ១៩ ប៉ុន្តែកម្មវិធីនៅតែបញ្ចប់ដោយទទួលបានការគាំទ្រ និងពេញចិត្តច្រើនពីទស្សនិកជន ។ លោកថានឹងរៀបចំកម្មវិធីឲ្យកាន់តែល្អសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត ហើយលោករំពឹងថាកម្មវិធីនេះនឹងអាចលើមុខមាត់កិត្តិយសជាតិលើឆាកអន្តរជាតិជាក់ជាមិនខាន៕

អត្ថបទ៖ ទារិកា