រដ្ឋលើកទឹកចិត្តឲ្យងាកមកប្រើឡានអគ្គិសនី បញ្ចុះតម្លៃពន្ធនាំចូលជូន ៥០%

  • 2022-03-29 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លៀតក្នុងឱកាសនៃ ពិធីតាំងពិព័រណ៍យានយន្តអគ្គិសនី និងដាក់ឲ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលសម្រាប់យានយន្តអគ្គិសនី ឯកឧត្តម ឈួន វ៉ន់ បានឆ្លើយតបបំភ្លឺក្នុងបទសម្ភាសន៍ថា“ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្រេចបញ្ចុះពី ១២០% ដល់ ៦០% មានន័យស្មើនឹង ៥០% នៃតម្លៃពន្ធនាំចូលរថយន្តអគ្គិសនី ដើម្បីជាការលើកទឹកចិត្តឲ្យប្រជាពលរដ្ឋប្រើប្រាស់ឡានអគ្គិសនីឲ្យបានគ្រប់ៗគ្នា។ រថយន្ដ EV ដែលនាំចូលទាំងនោះ ក៏នឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យលើគុណភាព និងមានការធានាត្រឹមត្រូវ ព្រមទាំងមានតម្លៃសមរម្យផងដែរ។”

លោក​បន្ថែមទៀតថា ស្ថានីយ៍ទើបសម្ភោធនៅក្នុងទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន មានថាមពលអគ្គិសនីចំនួន ១២០kW សម្រាប់បម្រើការសាកថាមពល ហើយក្រសួងក៏នឹងបន្ដដំឡើងស្ថានីយ៍ ៣ បន្ថែមទៀតដោយមានជំនួយពី UNDP នៅបណ្ដាខេត្ត ៣ រួមមានព្រះសីហនុ បាត់ដំបង និងសៀមរាប ឲ្យលឿនបំផុតតាមតែអាចធ្វើទៅបាន។ ក្នុងនោះដែររដ្ឋាភិបាល ក៏កំពុងតែស្វែងរកការសហការពីក្រុមហ៊ុនស្ថានីយ៍ប្រេងឥន្ទៈធំៗលើការសាងសង់ស្ថានីយ៍សាកឡានអគ្គិសនីបន្ថែមទៀត ចំណែកឯតម្លៃសេវាវិញក្រសួងកំពុងពិភាក្សាសម្របសម្រួលជាមួយ EDC និងដៃគូធនាគារនានាដើម្បីកំណត់តម្លៃណាដែលទាបសមរម្យសម្រាប់ការប្រើប្រាស់។

បើយោងតាមរបាយការណ៍បង្ហាញឲ្យឃើញពីសន្ទុះប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា យានយន្តអគ្គិសនីដែលបានចុះបញ្ជីនៅឆ្នាំ ២០២០ មានត្រឹម ២គ្រឿងប៉ុណ្ណោះតែនៅឆ្នាំ២០២១ កើនដល់ ៦២គ្រឿង។ បីខែដំបូងឆ្នាំ២០២២ គេដឹងថាមានការចុះបញ្ជីបន្ថែមដល់ទៅ ៤៧ គ្រឿងឯណោះ។ កម្ពុជា នឹងដំឡើងស្ថានីយសាករថយន្តអគ្គិសនីយ៉ាងហោច ១០ទីតាំង នឹងបង្ហាញខ្លួននៅទីតាំងសំខាន់ៗនានាដូចជា ខេត្តបាត់ដំបង សៀមរាប ព្រះសីហនុ ស្ថានីយប្រេងនិងផ្លូវជាតិនានា៕

ស្ថានីយសាកយានយន្តអគ្គិសនីសាធារណៈដំបូងនៅកម្ពុជា
ស្ថានីយសាកភ្លើងឡានអគ្គិសនីរបស់​រដ្ឋ​ដំបូង​គេ
រូបតំណាង

អត្ថបទដោយ៖​ រក្សា

អត្ថបទថ្មី