គិតតម្លៃភ្លើងនៅខ្មែរ បើសាកភ្លើងឡានអគ្គិសនីមួយពេញ ចំណេញជាងចាក់សាំង-ម៉ាស៊ូតមួយពេញ ឬអត់?

  • 2022-03-29 01:59:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក់ព័ន្ធជុំវិញការប្រើប្រាស់រថយន្តអគ្គិសនីនៅតែជាចម្ងល់ដ៏ធំមួយ ចំពោះអ្នកដែលកំពុងចាប់អារម្មណ៍លើរថយន្តប្រភេទសន្សំសំចៃនេះ។

បច្ចុប្បន្ននេះរថយន្តអគ្គិសនីត្រូវបានដាក់លក់ជាច្រើនម៉ូដែលនៅលើទីផ្សារប្រទេសកម្ពុជា ដោយក្នុងនោះរួមមានទាំង រថយន្ត MG ZS EV, BYD E2, JAGUAR i-PACE, HONGQI E-HS9 និង Tesla គ្រប់ម៉ូដែល។

ទោះជាយ៉ាងណាក៏ដោយ សំនួរចម្លើយដែលមនុស្សជាច្រើនចង់ដឹងបំផុតនោះគឺ តើវាអាចសាកភ្លើងបានដោយរបៀបណា? តើសាកភ្លើងម្តងត្រូវចំណាយអស់ប៉ុន្មាន? តើវាថោកជាងការប្រើប្រាស់ប្រេងឥន្ទនៈ ឬថ្លៃជាង?

ជាទូទៅ បើទោះបីជាវាស្ថិតនៅក្នុងប្រទេសណាក៏ដោយ រថយន្តអគ្គិសនីអាចសាកភ្លើងបានយ៉ាងហោចណាស់ ២ របៀប គឺ សាកភ្លើងនៅផ្ទះ តាមរយៈការដំឡើងដុំសាកផ្ទាល់ខ្លួន និង ស្ថានីយ៍សាកភ្លើងរថយន្តអគ្គិសនីនៅទីសាធារណៈ។ ជាក់ស្តែងថ្មីៗនេះ ស្ថានីយសាកយានយន្តអគ្គិសនីសាធារណៈដំបូងនៅកម្ពុជា ត្រូវបានបំពាក់នៅក្នុងទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន និងត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។

មុននឹងបកស្រាយចំពោះសំនួរខាងលើ Sabay សូមលើកយករថយន្ត Tesla Model X ម៉ូដែលកប់បំផុត P100D មកធ្វើជាឧទាហរណ៍ ដោយវាមានបំពាក់កញ្ចប់អាគុយទំហំ ១០០គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយប្រហែល ៥០០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

បើផ្អែកតាមតម្លៃភ្លើងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួន ប្រសិនបើការប្រើប្រាស់ប្រចាំខែចាប់ពី ៥១ ដល់ ២០០គីឡូវ៉ាត់ម៉ោង គឺគិតអាត្រា ៦១០រៀល/១គីឡូវ៉ាត់ម៉ោង។ ដូច្នេះប្រសិនបើអ្នកចង់សាកភ្លើងរថយន្ត Tesla Model X ដែលមានអាគុយទំហំ ១០០គីឡូវ៉ាត់ម៉ោង ឲ្យពេញ នោះអ្នកត្រូវចំណាយលុយ ៦១ ០០០រៀល។

ជាមួយនឹងតម្លៃ ៦១ ០០០រៀល អ្នកអាចបើករថយន្ត Tesla Model X បានចម្ងាយប្រហែល ៥០០គីឡូម៉ែត្រ ដូច្នេះបើប្រៀបធៀបទៅនឹងរថយន្តប្រើប្រេងឥន្ទនៈ ដែលចាក់សាំងធម្មតា ឬម៉ាស៊ូត (១លីត្រ = ៥៣០០៛ គិតត្រឹមខែមីនា ឆ្នាំ២០២២) អាចចាត់ទុកថា ចំណេញជាងគួរសមដែរ ព្រោះរថយន្តប្រើប្រេងឥន្ទនៈជាមធ្យម មានកម្រិតស៊ីប្រេងចន្លោះពី ៦-៨ លីត្រ/១០០គីឡូម៉ែត្រ (១០០គ.ម = ៣១៨០០៛ - ៤២៤០០៛ ឬ ៥០០គ.ម = ១៥៩០០០៛ - ២១២០០០៛)៕

អត្ថបទ៖ សេង ឡុង

អត្ថបទពេញនិយម