ជីវិត​កាន់​តែ High Show មាន​ដំណឹង ហង្ស ឈា ហក់​ទៅ​រស់​នៅ​ក្នុង​ប្លុក​អភិជន​ដែល​មាន​ផ្ទះ​​តែ ១១គត់

  • 2022-04-01 04:15:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហង្ស ឈា ដែល​គេ​ដឹង​ថា បាន និង​កំពុង​រស់​នៅ​លើ​ទឹកដីមហាអំណាច​លេខ​១ នាម​ជា​ពាណិជ្ជកម្ម​ធុន​កណ្ដាល​មួយ​រូប​នោះ ឥឡូវ បាន​ផ្លាស់​ប្ដូរ​ជីវិត​កាន់​តែ High Show ​ថែម​ទៀត ក្រោយ​មាន​ដំណឹង​ថា លោក​បាន​ផ្លាស់​ទៅ​រស់​នៅ​ក្នុង​តំបន់​អភិជន​មួយ​ដែល​ក្នុង​នោះ​មាន​លំនៅ​ដ្ឋាន​តែ​១១ប៉ុណ្ណោះ។

ប្រភព​ពី​ពលរដ្ឋខ្មែរ-អាមេរិកាំង​ម្នាក់ ដែល​រស់​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​តារា​ប្រុស​កូន​៣ បាន​ខ្សឹប​ប្រាប់​ថា ហង្ស ឈា ដើម​ឡើយ​រស់​នៅ​ក្នុង​លំនៅដ្ឋាន​ធម្មតា​មួយ​កន្លែង​ស្ថិត​ក្នុង​ទីក្រុង Lynn រដ្ឋ​ម៉ាស្សាឈូសេត។ ប៉ុន្តែ​ថ្មី​ៗ​នេះ​បាន​ចាក​ចេញ​ពី​នោះ​ហើយ ហើយ​ទៅ​រស់​នៅ​ទី​កន្លែង​ថ្មី​មួយ​ទៀត​ក្នុង​តំបន់​នោះដែរ។ “ផ្ទះចាស់​របស់​គេ​នោះ លឺ​ថា​លក់​ហើយ ហើយ​ទៅ​នៅ​ផ្ទះ​ថ្មី ស្ថិត​នៅ​លើ​ភ្នំ និយាយ​ទៅ​សុទ្ធ​តែ​អ្នក​មាន​ជីវភាព High Show អ្នក​នៅ​ទី​នោះ"។ ប្រភព​ថ្លែង។

ទន្ទឹម​នឹង​ការ​បង្ហើប​ពី​ប្រភព​នៅ​មិន​ឆ្ងាយ នៅ​លើ​ហ្វេសប៊ុក​ឯណេះ គេ​ក៏​ឃើញ​លោក ហង្ស ឈា ក៏​បាន​បង្ហាញ​តម្រុយ​ជា​រឿយ​ៗ ក្នុង​នោះ គេ​ឧស្សាហ៍​ឃើញ​លោក បង្ហោះ​រូប​ក្នុង​ផ្ទះ​មួយ​កន្លែង ដែល​មិន​មែន​ជា​ទិដ្ឋភាព​ក្នុង​ផ្ទះ​ដែល​លោក​ធ្លាប់​បង្ហាញ​ពី​មុន​ៗ​មក​ទេ។ មិនត្រឹម​ប៉ុណ្ណឹង ​ទិដ្ឋភាពខាង​ក្នុង​ផ្ទះ​នោះ​​ទៀត​សោត មាន​ការ​តុប​តែងតាំង​លម្អ​ដោយ​គ្រឿង​សង្ហារិម​ប្រណិត​ៗ និង​មាន​តម្លៃ​ថ្លៃៗ ដែល​គេ​អាច​កាត់​ស្មាន​ថា នោះ​មិន​មែន​ជា​ប្រភេទ​លំនៅដ្ឋាន​ធម្មតា​ៗ​នោះទេ។

ជុំវិញ​បញ្ហា​នេះ សាមី​ខ្លួន​លោក ហង្ស ឈា តាម​រយៈ​សារ​អេឡិចត្រូនិក បាន​ប្រាប់​ថា នោះ​គឺ​ជា​គេហដ្ឋាន​ថ្មី​របស់​លោក​មែន ដោយ​លោក និង​គ្រួសារ​បាន​ផ្លាស់​មក​រស់​នៅ​បាន​ជាង ១ខែ​ហើយ។ លោក​បាន​លក់​ផ្ទះ​ចាស់​ក្នុង​តម្លៃ​មួយ​ដែល​សុំ​មិន​បញ្ចេញ ហើយ​ថែម​លុយ​មួយ​ចំនួន​មក​ទិញ​នៅ​លើ​ភ្នំ​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ជាមួយ​គ្នា​នឹង​ផ្ទះ​ចាស់​ដែរ តែ​ស្អាត​ជាង និង​មាន​ផាសុកភាព​ជាង។

ផ្ទះ​នេះ លោក​ទិញ និង​បាន​កុម្មង់​ការ​សាងសង់​តាម​គំនិត​របស់​លោក ដោយ​ចំណាយ​ពេល​ប្រមាណ​ជិត១​ឆ្នាំ ទើប​នឹង​បាន​ចូល​នៅ​ថ្មី​ៗ​នេះ យ៉ាង​ណា អ្វី​ៗ​មិន​ទាន់​ស្រេច​​បាច់​នោះ​ទេ​។ "អត់​រួចរាល់​១០០% ទេ ដូច​នៅ​ខាង​មុខ​ផ្ទះ សួន​អត់​ទាន់​រៀប ថ្នាំ​ក៏​អត់​ទាន់លាប​​ផង ដោយ​សារ​ខែ​នេះ​វា​ត្រជាក់ អីចឹង​ជាង​អត់​ទាន់​លាភ ព្រោះ​បើ​លាភ​ថ្នាំ​នឹង​ទៅ​ជា​កក​ខូច​អស់ អីចឹងទាល់​តែ​ខ្ទង់​ខែ ៥-៦ អាកាសធាតុ​រាង​ក្ដៅ​វិញ​បាន​ចាប់​ផ្ដើម​លាភ "។

ត្បិត​ថា បាន​ទទួល​ស្គាល់​ពី​ការ​ផ្លាស់​ប្ដូរ​ស្ថានភាព​រស់​នៅ​មក​តំបន់​មួយ​ដែល​មាន​កម្រិត​ប្រសើរ​ជាង​ឆ្ងាយ ប៉ុន្តែ​លោក​បាន​បដិសេធន៍​ក្នុង​ការ​អធិប្បាយ​ទៅ​លើ​កញ្ចប់​ថវិកា​ចំណាយ​លើ​ផ្ទះ​នេះ។ តែ​យ៉ាង​នេះ​ក្ដី ប្រភព​ពី​ជិត​ខាង​ដដែល បង្ហើប​ថា តំបន់​ថ្មី​ដែល ហង្ស ឈា មក​តាំង​លំនៅ​នេះ គឺ​លំដាប់​អភិជន នៅ​ទី​នោះ មាន​ផ្ទះ​តែ ១១ផ្ទះគត់។

ចំពោះ​តម្លៃ​គេ​មិន​ច្បាស់ ១០០% ទេ តែ​អ្វី​ដែល​គេ​ដឹង​នោះ លំនៅដ្ឋាន​ទាំង​នោះ មិន​មាន​តម្លៃ​ក្រោម​១លាន​ដុល្លារ​អាមេរិក​នោះ​ឡើយ។

ហង្សឈា ត្រូវ​បាន​គេ​ដឹង​ថា លោក​ជា​ពាណិជ្ជករ​មួយ​រូប​នៅសហរដ្ឋអាមេរិក ដោយមាន​ជំនួញ២ក្នុង​ដៃ ទី​១​អាជីវកម្ម​ផ្នែក​ភេសជ្ជៈ​យីហោ Boba Tea ដែល​ពង្រីក​បាន​ជា​ច្រើន​សាខា និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​កម្លាំង​ពលកម្ម។

អាជីវកម្ម​ទាំង​ពីរ​ផ្ដើម​មាន​ការ​ល្អ​តាំង​ពី​កូវីដ១៩ ស្ថិត​ក្នុង​ការ​គ្រប់​គ្រង​បាន ពិសេស​ពេល​ដែល​កូន​ស្រី​ពៅ ហង្ស ពេជ្រនិលលី បាន​មក​តាំង​គភ័​ក្នុង​ផ្ទៃ​ម្ដាយ។ ហង្ស ឈា ថា តាំង​ពី​ការ​មក​ដល់​របស់​កូន​ពៅ រូប​នេះ អ្វី​ៗ​ស្រស់​បំព្រង​ដូច​ផ្កា ពោល​គឺ​ធ្វើ​អ្វី គិត​អ្វី តែង​បាន​ផល​ល្អ​ដូច​ចិត្ត៕

រូបថត៖ ហ្វេសប៊ុក ហង្ស ឈា

អត្ថបទ៖ ទារិកា