អ្នកណាទៅដឹង! ការខំប្រឹងរយៈពេល៤ឆ្នាំរបស់តារារ៉េប MC Sey ហុចផ្លែផ្កាស្មានមិនដល់បែបនេះ

  • 2022-04-01 08:06:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មានឆ្នាំចុងក្រោយនេះ MC Sey តារាចម្រៀងរ៉េបប្រចាំក្រុមរ៉េប CG Movement ហាក់លេចធ្លោយ៉ាង ខ្លាំងក្រោយសាងប្រជាប្រិយភាព និងកេរ្ដិ៍ឈ្មោះល្បីល្បាញតាមរយៈស្នាដៃបទចម្រៀងរ៉េបពីរោះៗ និង មានអត្តន័យអប់រំជាច្រើនបទ។

បច្ចុប្បន្ននេះ MC Sey ជោគជ័យយ៉ាងខ្លាំងលើអាជីពជាអ្នករ៉េបរបស់ខ្លួន ដែលលេចវត្តមានក្នុងកម្មវិធីធំនានា និងទទួលបានឱកាសការងារណែនដៃ។ នេះជាសមិទ្ធផលដ៏ល្អបំផុតសម្រាប់កម្លោះអ្នកបាត់ដំបង ចំពោះការលះបង់នឹងខំប្រឹងទម្រាំមានមហាជនស្គាល់ច្រើន និងសម្រេចក្ដីស្រម៉ៃដូចសព្វថ្ងៃនេះ។

ថ្មីៗនេះ MC Sey បានផ្ដល់បទសម្ភាសជាមួយ Sabay ជុំវិញជីវិតតស៊ូ មុនចូលសិល្បៈ និងសម្រេច បានក្ដីស្រម៉ៃថា ពេលវេលាចង់ចាំមិនអាចបំភ្លេចបានអំឡុងពេលដែលលោកលាក្រុមគ្រួសារ ធ្វើដំណើរ មកកាន់រាជធានីភ្នំពេញខ្លួនមួយតែឯងដើម្បីតាមចាប់ក្ដីស្រម៉ៃ។ ដោយមានសមត្ថភាព និងទេពកោលសល្យផ្នែកចម្រៀងពីធម្មជាតិ ឆ្លៀតពេលពីការសិក្សា MC Sey បានតែងនិពន្ធបទរ៉េបបានពីបទជាលើក ដំបូងគឺបទ “ឈាមម៉ែ និងបទ ឈាមឳពុក”។

ទាំងពីរបទបានប្រែក្លាយឱ្យ MC Sey មានមហាជនស្គាល់លោកកាន់តែច្រើន និងមានចំនួនអ្នកចូលទៅស្ដាប់រាប់លាននាក់នៅលើ You Tube។ ថ្វីដ្បិតជោគជ័យលើចម្រៀងទាំងពីរបទប៉ុន្តែ MC Sey ត្រូវបោះចោលក្ដីស្រម៉ៃខ្លួនឯងចោល ក៏ព្រោះតែលោកគ្មានទីផ្សារ ងាកបង្ខំចិត្តទៅធ្វើការឱ្យគេប្ដូរបាយដើម្បីក្រពះ។

MC Sey ថ្លែង៖ “បាទ! បងកាលនោះបទចម្រៀងខ្ញុំមានការគាំទ្រច្រើន ប៉ុន្តែខ្ញុំដឹងធ្វើម៉េចព្រោះវាអត់ មានទីផ្សារគ្មានអ្នកហៅច្រៀង ទើបខ្ញុំរត់មកធ្វើការឱ្យគេទាំងយប់ទាំងថ្ងៃហត់នឿយ ដូរការងារមួយទៅការងារមួយ គ្មានពេលធ្វើចម្រៀងទៀត ប៉ុន្តែក្នុងចិត្តរបស់ខ្ញុំតែងតែទន្ទឹញជានិច្ចថាវាគ្រាន់តែជំហ៊ានដំបូង វាគ្រាន់តែការងារដូរបាយ ចម្រៀងរ៉េបនៅតែជាក្ដីស្រម៉ៃក្នុងបេះដូងខ្ញុំ ថ្ងៃមួយវានឹងមកដល់”។

អាចថាជាសំណាង បូកផ្សំជាមួយទេពកោសល្យដ៏ពិសេស MC Sey ក៏ទទួលបានឱកាសឱ្យចូលក្រុម តារាចម្រៀងរ៉េប CG Movement បន្ទាប់ពីលោកបានស្គាល់មិត្តភក្ដិម្នាក់ ដែលធ្វើការនៅទីនោះ។ ដោយ ភាពប៉ុនប្រសប់ផ្នែករ៉េប ពូកែវោហាស័ព្ទប្រើប្រាស់ពាក្យចុងជួន សំឡេងធ្ងន់ល្អ និងមាន ថ្វីដៃល្អផ្នែកតែង និពន្ធ MC Sey ក៏បានប្រែមុខមាត់ពីធ្វើការឱ្យគេ ក្លាយជាតារាចម្រៀងរ៉េបប្រចាំ CG Movement ដែល តារារ៉េប ប្រុសឡា បានផ្ដល់ឱកាស។

បច្ចុប្បន្ននេះ MC Sey ក្លាយជាតារារ៉េបល្បីឈ្មោះក្នុងប្រទេសកម្ពុជា កែប្រែជីវភាពខ្លួនឯង លើកមុខមាត់គ្រួសារ និងសាងស្នាដៃក្នុងចម្រៀងពីរោះៗដូចជាបទ សារ៉ាវ៉ាន់ស្លៀកខ្យល់ និងបទ អាម៉ាក និងបទជាច្រើនទៀតដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីមហាជន៕

អត្ថបទ៖ Kesor