តើ ចោម ច័ន្ទ ប្រមូលតួចាស់ៗ មិនសូវល្បីមកថត ដោយតម្លៃខ្លួនតួថោក? ចម្លើយមានហើយ!

  • 2022-04-05 04:25:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចោម ច័ន្ទ ត្រូវបានមហាជនស្គាល់កាន់តែច្រើន បន្ទាប់ពីអ្នកនាងលេចមុខក្នុងការសម្ដែងរឿង និងបានកៀរគរតារាសម្ដែងចាស់ៗ និងមិនសូវល្បីឲ្យទទួលបានឱកាសសម្ដែង និងប្រាក់ចំណូលឡើងវិញ។ តាមរយៈសកម្មភាពនេះ បានធ្វើឲ្យប្រិយមិត្ដខ្លះយល់ថា មូលហេតុដែលធ្វើឲ្យ ចោម ច័ន្ទ ហៅតួចាស់ៗមកថត ព្រោះតែពួកគាត់មានតម្លៃខ្លួនថោក និងខ្លះថាមកពីនាងគិតពីតម្លៃសិល្បៈ។

គិតមកដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ នេះ Sabay មិនទាន់ទទួលបានចម្លើយចេញពីមាត់សាមីខ្លួននៅឡើយទេ ប៉ុន្ដែតាមរយៈតួចាស់ៗបានជួប ធ្វើការងារផ្ទាល់ជាមួយអ្នកនាង ចោម ច័ន្ទ បានលាន់មាត់ស្ទើរគ្រប់គ្នា ហើយអះអាងផ្ទុយពីការយល់ឃើញរបស់ប្រិយមិត្ដមួយចំនួន។ តារាកំប្លែង ឈុំ ប៊ុនឈឿន ហៅតាចេក ក្នុងចំណោមតារាសម្ដែងវ័យជរា និងមិនសូវមានមុខក្នុងអាជីពសម្ដែងដូចតារាមួយចំនួនទៀត និយាយថា ការពិតរូបលោកមកថតឲ្យ ចោម ក្វាន់ ទទួលបានកម្រៃច្រើនជាងផលិតកម្មដទៃផង។

តាចេក៖ “យើងនៅក្នុងក្រុមគាត់ហ្មង(ក្រុមចោម ច័ន្ទ) ពេលមានការងារគាត់ហៅថត ហើយតម្លៃខ្លួនវិញល្អណាស់…ដូចថាខ្ញុំនៅគេបាន១ថ្ងៃ១០០(ដុល្លារ) មកនេះបាន២០០។ មើលចិត្ដគាត់ស្រឡាញ់ ហើយចង់ជួយតួចាស់ៗណាស់ មើលដូចខ្ញុំ…ដូចខ្មឹប អត់សូវមានឱកាស គាត់ជួយទាំងអស់”។

ក្រោយថតរឿងខ្លីៗដោយខ្លួនឯង ដើម្បីផ្សព្វផ្សាយតាមបណ្ដាញសង្គម ចោម ច័ន្ទ ដែលគេស្គាល់ថាជាបងអ្នកនាង ដេននី ក្វាន់និងត្រូវជាអុំស្រីរបស់ កុមារីល្អហួស បានលូកកាន់តែជ្រៅក្នុងវិស័យសិល្បៈ បន្ថែមលើអាជីពលក់ផលិតផលថែសម្រស់ ហើយថ្មីៗនេះអ្នកនាង ក៏បានអញ្ជើញតួចាស់ៗ និងមិនសូវល្បីជាច្រើនរូប ដើម្បីថតបទថ្មី សម្រាប់អបអរពិធីបុណ្យចូលឆ្នាំថ្មី គឺមានដូចជា៖ តារាកំប្លែង តាចេក កាតុ និងនាងខ្មឹប ជាដើម៕

ជិន សុភ័ក្ដ្រ