កាដូបែបបច្ចេកវិទ្យាមានប្រយោជន៍ទាំង៥ប្រភេទ ទុកជូនចាស់ៗរដូវចូលឆ្នាំ
- 2022-04-06 04:27:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាដូបែបបច្ចេកវិទ្យាមានប្រយោជន៍ទាំង៥ប្រភេទ ទុកជូនចាស់ៗរដូវចូលឆ្នាំ
ចន្លោះមិនឃើញ
ថ្ងៃចូលឆ្នាំជិតមកដល់ កំពុងពិបាកចិត្តមិនដឹងទិញអ្វីជូនពុកម៉ែមែនទេ? អ្នកអាចសាកល្បងទិញរបស់បច្ចេកវិទ្យាទាំងនេះជូនគាត់បាន ព្រោះវាទាំងនេះសុទ្ធតែអាច ជួយតាមដាន និងថែរក្សាសុខភាពរបស់មនុស្សជាទីស្រឡាញ់របស់អ្នកបាន។ អូចំណុចពិសេសមួយទៀត គឺរបស់ទាំងនេះសុទ្ធតែមានតម្លៃធូរថ្លៃថែមទៀតផង។ តោះទៅតាមដានទាំងអស់គ្នាថាតើមានអ្វីខ្លះ៖
១. នាឡិកាវៃឆ្លាត
នាឡិកាវៃឆ្លាត ប្រហែលជារបស់ដ៏ពេញនិយមមួយសម្រាប់អ្នកប្រើប្រាស់ដែលចូលចិត្តបច្ចេកវិទ្យា ព្រោះជួយសម្រួលក្នុងការងារបានច្រើន។ ប៉ុន្តែបើយើងមើលមួយជ្រុង ទៀត គ្រប់នាឡិកាវៃឆ្លាតគឺមានមុខងារតាមដានសុខភាពទាំងអស់គ្រាន់តែមានតិចឬច្រើនទៅតាមតម្លៃខ្លួនរបស់វានីមួយៗ។ មុខងារសុខភាពបែបសាមញ្ញដែលគ្រប់នាឡិកាតែងតែមាននោះគឺ រង្វាស់ចង្វាក់បេះដូង រង្វាស់កម្រិតអុកស៊ីសែនក្នុងឈាម មុខងារតាមដានដំណេក ជាដើម។ ដូច្នេះហើយអ្នកអាចតាមដានសុខភាពមនុស្សជាទីស្រឡាញ់របស់អ្នកបាន តាមរយៈកម្មវិធីសុខភាពនៃនាឡិកានីមួយៗតាមទូរសព្ទដៃរបស់អ្នក។
ចំពោះរង្វាស់ចង្វាក់បេះដូង វាហាក់នៅមានភាពល្អៀងប្រហែល ១ទៅ២ Bps ប៉ុន្តែវានៅតែមានភាពងាយស្រួលជាងការស្ពាយម៉ាស៊ីនវ៉ាស់ចង្វាក់បេះដូងដែលមានទំហំធំតាមខ្លួន។ ដោយឡែកនាឡិកាខ្លះដូចជា Mi Band 6 មានមុខងារក្រើនរំលឹកនៅពេលដែលបេះដូងលោតខុសប្រក្រតី ទៅតាមការកំណត់របស់មនុស្សម្នាក់ៗ។ ចំពោះតម្លៃខ្លួនរបស់នាឡិកាវៃឆ្លាតមានច្រើនជម្រើសចាស់ពីខ្ទង់ ៣០ដុល្លារ ដល់រាប់ពាន់ដុល្លារទៅតាមសមត្ថភាព និងបច្ចេកវិទ្យារបស់វា។
អានបន្ថែម
២. ម៉ាស៊ីនបន្សុទ្ធខ្យល់
កង្វក់បរិយាកាសផ្តល់ផលអាក្រក់យ៉ាងខ្លាំងដល់សុខភាពផ្លូវដង្ហើមរបស់យើង តួរយ៉ាងមានក្រុមហ៊ុនជាច្រើនក៏បានផលិតនូវឧបករណ៍បន្សុទ្ធខ្យល់សម្រាប់ប្រើប្រាស់នៅតាមបន្ទប់ផងដែរ។ អ្នកក៏អាចទិញវាជាកាដូរសម្រាប់ចាស់ៗ ឬខ្លួនឯង ដើម្បីជួយឲ្យសុខភាពកាន់តែប្រសើជាងមុន។ ម៉ាស៊ីនបន្សុទ្ធខ្យល់មានច្រើនម៉ាក ដែលមានតម្លៃចាប់ពីក្រោម ១រយដុល្លារ ដល់ ៣រយដុល្លារទៅតាមទំហំ និងសមត្ថភាព។
៣. ឧបករណ៍ហាត់ប្រាណ
ត្រឹមតែខ្យល់បរិសុទ្ធក្នុងបន្ទប់មិនគ្រប់គ្រាន់ទេ ចាស់ៗក៏ត្រូវការហាត់ប្រាណផងដែរ ដើម្បីទទួលបានសុខភាពល្អ។ ប៉ុន្តែបច្ចុប្បន្ននេះ ការចេញក្រៅហាត់ប្រាណហាក់នៅមិនទាន់មានសុវត្ថិភាពសម្រាប់ចាស់ៗនៅឡើយទេ ដូច្នេះហើយម៉ាស៊ីនហាត់ប្រាណ ក៏នឹងក្លាយជាកាដូដ៏ល្អសម្រាប់ចាស់ៗផងដែរ។ ហើយបើមិនទាន់ដឹងថាគួរទិញម៉ាស៊ីនអ្វី អ្នកអាចសាកសួរគាត់សិនដើម្បីដឹងថាគាត់ចូលចិត្តធ្វើអ្វី ព្រោះកីឡាមានច្រើនរបៀប ដើម្បីជៀសវៀងខាតលុយទិញបានរបស់ដែលគាត់មិនចូលចិត្ត។
៤. ម៉ាស៊ីនម៉ាស្សា
ហាត់ប្រាណរួចឈឺខ្លួនល្មម បើមានម៉ាស៊ីនម៉ាស្សាទៀតអេមហ្មង! ម៉ាស៊ីនម៉ាស្សា មិនមែនសំដៅទៅលើកៅអីម៉ាស្សា ដែលមានទំហំធំ តម្លៃរាប់ម៉ឺនដុល្លារនោះទេ ប៉ុន្តែបើមានសមត្ថភាពទិញ ពិតជាល្អណាស់។ អ្នកអាចងាកមកមើល ម៉ាស៊ីនម៉ាស្សាតូចៗ ដែលផលិតឡើងមកតម្រូវតាមទីតាំងនៃរាងកាយតែម្តង។ ឧទាហរណ៍ថាគាត់ឈឺចង្កេះ អញ្ចឹងអ្នកអាចទិញម៉ាស៊ីនម៉ាស្សាចង្កេះ។ ធ្វើបែបនេះអាចអាចសន្សំលុយបានខ្លះ និងអាចព្យាបាលឲ្យចំកន្លែងតែម្តង។
៥. ថេប្លេតទុកស្តាប់ធម៌តាមយូធូប
ហាត់ប្រាណរួចហត់ ក៏ប្រើម៉ាស៊ីនម៉ាស្សាសម្រួលសសៃ ហើយចុះអារម្មណ៍អផ្សុកវិញ ដោះស្រាយយ៉ាងណា? អ្នកអាចទិញថេប្លេតខ្នាតមធ្យមមួយសម្រាប់ចាស់ៗ ក្នុងការតាមដានធម៍ដែលមាននៅលើបណ្តាញសង្គមទាំង Facbook និង Youtube។ លើសពីនេះ ថេប្លេតក៏អាចជួយឲ្យអ្នកអាចជួបគាត់បានកាន់តែញឹក តាមរយៈវីដេអូខល។ បើទិញទូរសព្ទ អេក្រង់ហាក់នៅមានកម្រិតបើប្រៀបនឹងថេប្លេត ដូច្នេះហើយថេប្លេតគឺស័ក្តិសមបំផុតសម្រាប់ភ្នែករបស់មនុស្សចាស់។ សព្វថ្ងៃថេប្លេតក៏កាន់តែមានតម្លៃធូរថ្លៃផងដែរ ចាប់ពីខ្ទង់ ១រយដុល្លារជាង ដល់រាប់ពាន់ទៅតាមសមត្ថភាព និងតម្រូវការ។
អានបន្ថែម
ជាចុងក្រោយ ក្រៅពីទិញកាដូជូនពួកគាត់ហើយ អ្នកគួរតែផ្តល់ក្តីស្រឡាញ់ជូនគាត់ផង ព្រោះមានតែក្តីស្រឡាញ់ប៉ុណ្ណោះដែលអាចបង្កើតភាពរីករាយច្រើនជាងអ្វីៗទាំងអស់៕