កុំបន្ទោស​​ខ្លួន​ឯង​ក្រ បើ​ដឹង​ទម្លាប់​ងើប​ពី​ដំណេក​សេដ្ឋី​​បច្ចេកវិទ្យា​ប៉ុន្មាននាក់នេះ

  • 2022-04-17 06:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​បុគ្គល​ល្បីៗ​ផ្នែក​បច្ចេកវិទ្យា​ក៏​មិន​ខុស​ពី​មនុស្ស​ទូទៅ គ្រាន់​ពួក​គេ​មាន​ការ​បែងចែក​ពេល​វេលា​ច្បាស់លាស់​ទាំង​ម៉ោង​​ធ្វើការ​ និង​ការ​ដើរ​កម្សាន្ត។ យ៉ាងណាមិញ​ចម្ងល់​មួយ​បាន​ចាក់​ដោត​លើ​បណ្ដាញ​អ៊ីនធឺណិត សួរ​ថា​ តើ​មេ​ខាង​បច្ចេកវិទ្យា​ ទម្លាប់​ងើប​ពី​ដំណេក​ម៉ោង​ប៉ុន្មាន?

+Tim Cook នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple:

អ្នក​ស្នង​តំណែង​ឲ្យ​លោក Steve Jobs រូប​នេះ ​ត្រូវ​បាន​គេ​ដឹង​ច្រើន​ងើប​ត្រួតពិនិត្យ​ Emails តាំង​តែ​ពី​ម៉ោង ៤ ៣០ នាទី​ទាប​ភ្លឺ ហើយ​ទម្លាប់​ទៅ​ធ្វើ​លំហាត់​ប្រាណ​នា​ម៉ោង ៥ ​ព្រឹក។ មួយ​វិញ​ទៀត​គាត់​រមែង​ទៅ​ការិយាល័យ​មុន​គេ​បង្អស់ ហើយ​ក៏​ធ្វើ​ការ​ដល់​យប់​ជ្រៅ​ជាង​គេ​ដែរ។​

+Steve Jobs ស្ថាបនិក Apple:

អាច​និយាយ​បាន​ថា Tim Cook ដើរ​តាម​គន្លង​ចាស់​នៃ​អតីត​ថៅកែ​ធំ​របស់​ខ្លួន ដោយ​ Jobs ធ្លាប់​ប្រាប់​ទៅ​សារព័ត៌មាន Time back កាល​ពី​ឆ្នាំ ១៩៩៩ ដោយ​ទម្លាប់​បុរស​សញ្ជាតិ​អាមេរិក​រូប​នេះ ច្រើន​ងើប​ម៉ោង ៦ ហើយ​ធ្វើ​ការងារ​មួយ​ចំនួន មុន​កូន​ទាំង​អស់​ភ្ញាក់ ប៉ុន្តែ​ក៏​ច្រើន​ធ្វើ​ការ​នៅ​ផ្ទះ​ប្រហែល ១ ម៉ោង កន្លះ ទៅ ២ ម៉ោង​សិន សឹម​ទៅ​ក្រុមហ៊ុន (Apple) ប្រហែល​ម៉ោង ៨ ឬ ៩ ព្រឹក។

+Jeff Jordan អតីត CEO ក្រុមហ៊ុន PayPal និង OpenTable:

ធ្លាប់​ជា​អតីត​ក្រុមហ៊ុន​ទូទាត់​ថ្លៃ​ទំនិញ​តាម Online បុរស​សញ្ជាតិ​អាមេរិក​រូប​នេះ ធ្លាប់​ប្រាប់​ទៅ The New York Times ថា​ខ្លួន​គាត់​ទម្លាប់​ងើប​ទៅ​ការិយាល័យ​តាំងតែ​ពី​ម៉ោង ៥ ព្រឹក ហើយ​មិន​ដែល​ចេញ​មុន​ម៉ោង ៧ យប់​នោះ​ទេ។​

+Tim Armstrong នាយក​ប្រតិបត្តិ​ក្រុមហ៊ុន AOL:

ឡើង​កាន់​តំណែង​ជា CEO នៃ​ក្រុមហ៊ុន AOL តាំង​ពី​ឆ្នាំ ២០០៩ បុរស​វ័យ ៤៧ ឆ្នាំ ធ្លាប់​ប្រាប់ The Guardian គាត់​រមែង​ងើប​ម៉ោង ៥:០០ ឬ ៥:១៥ នាទី​ព្រឹក ហើយ​ចាប់​ផ្ដើម​ពិនិត្យ Emails ក្បែរ​ម៉ោង ៧ ដោយ​អំឡុង​ ២ ម៉ោង​មុន​នេះ​បន្តិច លោក​ច្រើន​ធ្វើ​លំហាត់​ប្រាណ​និង​អាន​សៀវភៅ។

+Vittorio Colao នាយក​ប្រតិបត្តិ Vodaphone:

មេ​ធំ​ក្រុមហ៊ុន​អង់គ្លេស ក៏​ងើប​ពី​ដំណេក​ម៉ោង ៦ ព្រឹក មិន​ខុស​ពី Steve Jobs ហើយ​ហាត់ប្រាណ​បន្តិច មុន​ទៅ​ធ្វើ​ការ​ដល់​ម៉ោង ១០:៤៥ ទើប​បាន​អាហារ​ពេល​ល្ងាច​ជាមួយ​ក្រុម​គ្រួសារ និង​ចូល​ដំណេក​ទៅ​វិញ​នៅ​ម៉ោង ១១:៣០ នាទី​យប់។

+Marissa Mayer អតីត CEO ក្រុមហ៊ុន Yahoo:

ថ្វី​បើ Yahoo ទទួល​ភាព​បរាជ័យ ប៉ុន្តែ​អតីត​មេ​ស្រី​ម្នាក់​នេះ ក៏​រាប់​បញ្ចូល​ជា​មនុស្ស​ឧស្សាហ៍​ព្យាយាម​មួយ​រូប ដោយ​អ្នក​ស្រី​ពុំ​សូវ​បាន​សម្រាក​គ្រប់គ្រាន់​ឡើយ ដែល​ជា​ទូទៅ​គាត់​មាន​ពេល​ចូល​ដំណេក​តែ ៤ ម៉ោង​ប៉ុណ្ណោះ៕

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ម៉េងងី

អត្ថបទថ្មី