ឆ្នេរខ្សាច់កោះទន្សាយតំបន់រ៉ាមសារ! ឆ្នេរធម្មជាតិស្រស់ស្អាតបំផុតនៅស្ទឹងត្រែង ប្រៀបដូចឋានសួគ៌លើដី

  • 2022-04-28 07:39:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នេរខ្សាច់កោះទន្សាយ ក្នុងភូមិសាស្ត្រ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ បានកំពុងក្លាយជារមណីយដ្ឋាន អេកូទេសចរណ៍ធម្មជាតិដ៏សម្បូរបែប តាមបណ្ដោយទន្លេមេគង្គលើនៃតំបន់រ៉ាមសារ ពោលគឺភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិកំពុងតែជាប់ចិត្តដិតអារម្មណ៍ជាមួយនឹងទិដ្ឋភាពដ៏ស្រស់ស្អាត នៃវាលខ្សាច់សក្បុស និងព្រៃលិចទឹកដែលបង្កើតបានជាទស្សនីយ៍ប្លែកៗ មិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសកម្ពុជា។

ភ្ញៀវទេសចរមកលេងកម្សាន្តនៅទីនេះ អាចបោះតង់នៅកោះទន្សាយយ៉ាងសប្បាយរីករាយ ក៏ដូចជាទស្សនាសត្វស្លាបនៅតាមដងទន្លេមេគង្គ ពេលថ្ងៃលិច ឬក៏ថ្ងៃរះ ទស្សនាព្រៃលិចទឹក មានដើមរំចេក ត្រែង រាំង ដើមជ្រៃ និងថ្មប៉ប្រះទឹក ពំនូកខ្សាច់សក្បុសអមជាមួយនឹងធាតុអាកាសធាតុត្រជាក់ស្រស់ស្រាយ ជាពិសេសក្នុងពេលរាត្រីស្ងប់ស្ងាត់រួមជាមួយនឹងខ្យល់ជំនោរទឹករលកបោកបក់មកប៉ើយៗត្រជាក់ស្រេបគួរជាទីមនោរម្យ ពោលគឺឆ្នេរខ្សាច់កោះទន្សាយសម្បូរទៅដោយ ធនធានសក្តានុពលធម្មជាតិ អំណោយផលទៅលើវិស័យទេសចរណ៍និង ទាក់ទាញភ្ញៀវឱ្យមកលេងកម្សាន្តម្ដងហើយចង់មកម្តងទៀត.។

លោកលី មីណា អភិបាលស្រុកខាងលើ បានបញ្ជាក់ថា សក្តានុពលធម្មជាតិទាំងនេះ បានអំណោយផលល្អទៅលើវិស័យទេសចរណ៍ ហើយអាជ្ញាធរស្រុកកំពុងជំរុញឱ្យប្រជាសហគមន៍យកចិត្តទុកដាក់អនុវត្តទៅតាមគោលការណ៍របស់មន្ទីរទេសចរណ៍ ធ្វើយ៉ាងណា យកចិត្តទុកដាក់បម្រើសេវាកម្ម ជូនភ្ញៀវឱ្យពេញចិត្ត ពេលបានមកទស្សនាម្ដងហើយ ចង់មកម្ដងទៀត ពោលគឺនឹងលើក កម្ពស់សេវាកម្មគ្រប់បែបយ៉ាងសម្រាប់លើកស្ទួយវិស័យទេសចរណ៍ ទាំងវិស័យដឹកជញ្ជូន ការរៀបចំលក់ដូរអាហារមានគុណភាព អនាម័យ រសជាតិឆ្ងាញ់ លក់តម្លៃសមរម្យនិងរៀបចំទីតាំងស្នាក់នៅមានបរិស្ថានស្អាត ប្រកបដោយផាសុកភាព។

ចំណែក លោក ស៊ីន សុភា សមាជិកសហគមន៍អេកូទេសចរណ៍បុរីអូរស្វាយបានទទួលយកការក្រើនរំលឹកនេះ ព្រោះជាកិច្ចការប្រចាំគ្រួសាររបស់យើងនៅពេលមានភ្ញៀវទេសចរមកលេងច្រើន ការលក់ដូរក៏បានប្រាក់ចំណូលដោយប្រយោលពីវិស័យទេសចរណ៍នេះផងដែរ។ លោកទទួលស្គាល់ថា ភ្ញៀវទេសចរ បន្ទាប់ពីរាជរដ្ឋាភិបាល បើកឡើងវិញនូវវិស័យទេសចរណ៍សង្កេតឃើញមានភ្ញៀវទេសចរជាតិរបស់យើងមកលេងកម្សាន្តជាហូរហែ នេះហើយជាការជំរុញឱ្យវិស័យសេដ្ឋកិច្ចមានការរីកចម្រើនឡើងវិញនៅតាមទីជនបទ៕

ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទដោយ៖ សាន សុធារដ្ឋ