តើអ្វីជា ChromeBook ហើយហេតុអ្វីវាធូរថ្លៃ? ស្វែងយល់បន្ថែមអំពីកុំព្យូទ័រមានតម្លៃធូរថ្លៃមួយនេះ

  • 2022-05-02 03:14:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើនិយាយអំពីកុំព្យូទ័រ គេប្រាកដជានឹកឃើញដល់ពពួក Window ឬ Mac ជាដើម ប៉ុន្តែប៉ុន្មានឆ្នាំក្រោយនេះវត្តមាននៃកុំព្យូទ័រតម្លៃធូរថ្លៃ ChromeBook បានចេញលក់លើទីផ្សារ ហើយវាសុទ្ធតែមានតម្លៃធូរថ្លៃភាគច្រើនគឺក្រោម ៣០០ដុល្លារ។ អញ្ចឹងតើកុំព្យូទ័រនេះមានលក្ខណៈពិសេសយ៉ាងណា ហើយហេតុអ្វីវាមានតម្លៃធូរថ្លៃជាងគេ?

តោះមកតាមដានទាំងអស់គ្នា៖

និយាយឲ្យងាយយល់ ChromeBook គឺជាឡេបថបជំនាន់ក្រោយដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Chrome OS បង្កើតឡើងជាពិសេសសម្រាប់ការងារដែលធ្វើនៅលើ Browser។ កុំព្យូទ័រនេះ អាចគាំទ្រកម្មវិធីជាច្រើន ប៉ុន្តែជាប្រភេទស្រាលៗ មិនមែនសម្រាប់ការងារធ្ងន់ៗនោះទេ។ មានន័យថាប្រសិនបើការងាររបស់អ្នកភាគច្រើនត្រូវប្រើ Browser នោះ ChromeBook នឹងអាចជួយអ្នកបំពេញការងារបានយ៉ាងរលូន ផ្ទុយទៅវិញបើអ្នកត្រូវធ្វើការងារធ្ងន់ៗ នោះវាប្រហែលជាមិនមែនជាជម្រើសល្អនោះទេ។

ចំពោះរូបរាង និងរចនាសម្ព័ន្ធរបស់វាវិញ គឺមិនខុសគ្នាពីឡេបថបនោះទេ ពោលគឺមានក្តារចុច និងអេក្រង់ ហើយចំពោះ ChromeBook ខ្លះក៏មានជម្រើស Touch Screen និងជាប្រភេទ 360 ដឺក្រេ ផងដែរ។ ហើយកម្លាំងម៉ាស៊ីន វាប្រើប្រាស់គ្រឿងរបស់កុំព្យូទ័រទាំងអស់ ខុសគ្នាតែថា ChromeBook មានទំហំផ្ទុកតូចជាង ព្រោះកុំព្យូទ័រនេះមិនត្រូវការទំហំផ្ទុកច្រើនឡើយ។

ដោយសារតែវាមានទំហំផ្ទុកតូច និងមិនត្រូវការកម្លាំងខ្លាំងដើម្បីដំណើរការ ដូច្នេះហើយ CPU ដែលបំពាក់មកលើនេះនៅជាប្រភេទមធ្យមផងដែរ ដែលធ្វើឲ្យវាមានតម្លៃធូរថ្លៃ។ យ៉ាងណាក៏ដោយ ទោះបីជាវាប្រើឈីបខ្សោយមែន ប៉ុន្តែអ្នកមិនចាំបាច់បារម្មណ៍លើល្បឿនឡើយ ព្រោះ Chrome OS មិនត្រូវការកម្លាំងម៉ាស៊ីនខ្លាំងទេ។ ឧទាហរណ៍ងាយយល់ ម៉ាស៊ីនឡាន Pruis គឺវាមានកម្លាំងម៉ាស៊ីនគ្រប់គ្រាន់សម្រាប់ខ្លួនវា តែបើយកម៉ាស៊ីននេះទៅបំពាក់លើរថយន្ត Pick Up វាប្រាកដជាខ្សោយ វាដូចគ្នាដែលយើងយកកុំព្យូទ័រកម្លាំងទាបទៅតម្លើង Window ផងដែរ ប៉ុន្តែបើកុំព្យូទ័រកម្លាំងម៉ាស៊ីនទាបនោះដំណើរការដោយ Chrome OS នោះវានឹងដំណើរការបានរលូន។

អញ្ចឹងហើយបានជាសព្វថ្ងៃក្រុមហ៊ុនផលិតកុំព្យូទ័រមានកម្លាំងម៉ាស៊ីនមធ្យមភាគច្រើនជ្រើសរើសប្រព័ន្ធប្រតិបត្តិការ Chrome OS ជាជាង Window។

ហេតុអ្វីគួរទិញវា?

  • វាល្អសម្រាប់អ្នកធ្វើការការងារការិយាល័យ រៀនសូត្រ និងការងារស្រាលៗ
  • កម្លាំងថ្មកាន់បានយូរជាង បើប្រៀបនឹង Window Laptop ដែលមានតម្លៃថ្លៃជាង
  • ធូរថ្លៃជាង Window Laptop

ហេតុអ្វីមិនគួរទិញ?

  • មិនមែនសម្រាប់អ្នកលេងហ្គេម ឬឌីហ្សាញ
  • កម្មវិធីប្រើប្រាស់ មិនសូវទូលំទូលាយ

សរុបមកវិញ ប្រសិនបើអ្នកជាសិស្ស ឬជាអ្នកធ្វើការ ដែលចង់បានឡេបថបមួយ ទុកគ្រាន់ជំនួសការងារដែលទូរសព្ទមិនអាចធ្វើបាន ហើយមិនសម្រាប់ធ្វើការងារធំៗ និងមិនចង់ចំណាយច្រើន នោះ ChromeBook គឺជាជម្រើសដ៏ល្អ ព្រោះវាមានតម្លៃធូរថ្លៃ និងមានថ្មកាន់បានយូរ។ បច្ចុប្បន្ននៅស្រុកយើងអ្នកអាចរកទិញវាបានក្នុងតម្លៃចន្លោះ ៣០០ដុល្លារ (Chrome OS ឡេបថបធម្មតា Spec ទាប) ទៅ ៦០០ដុល្លារ (Chrome OS Spec ខ្ពស់មាន Touch Screen) សម្រាប់ម៉ាស៊ីនថ្មី។ ប៉ុន្តែបើអ្នកទាំងអស់គ្នាមិនចង់ចំណាយច្រើន អ្នកអាចរកមើលម៉ាស៊ីនមួយទឹកស្រុកក្រៅបាននៅតាមហាងទូរសព្ទ និងកុំព្យូទ័រមួយចំនួនដូចជាហាង K1 Phone shop ជាដើម៕

អត្ថបទ៖ Thea Sothun

អត្ថបទថ្មី