សួ វិចិត្រ បង្ហើបរឿងគូស្រករ ក្រោយមានFanស្រីៗសុំញ៉ាំភេសជ្ជៈដែលមាត់

  • 2022-05-03 09:10:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់ពាន Beat The Best និងជាតារាចម្រៀងកុងត្រារបស់ផលិតកម្មរស្មីហង្សមាស សួ វិចិត្រ កំពុងបង្កើនប្រជាប្រិយភាពរបស់ខ្លួន ខណៈនារីៗលួចសម្លឹងក្នុងន័យស្នេហា ហើយចង់បានលោកធ្វើជាគូគាប់។ សម្រាប់ សួ វិចិត្រ មិនទាន់ដាក់ចិត្ដខ្លាំងលើនារីណាម្នាក់នៅឡើយ ប៉ុន្ដែលោកថាពេញចិត្ដនារីរកស៊ី ឬមានជំនួញក្រៅសិល្បៈច្រើនជាង។

តារាចម្រៀងវ័យ២៧ឆ្នាំរូបនេះ បានប្រាប់ Sabay ថា នារីដែលមានមុខជំនួញ ឬមានជំនាញរកស៊ីក្រៅសិល្បៈ អាចមានឱកាសក្លាយជាអ្នកមានលឿនជាង ហើយនារីម្នាក់នោះ គួរមានឥរិយាបទល្អ រួសរាយ លេងសើចច្រើនបន្ដិច ប៉ុន្ដែម៉ត់ចត់នឹងការងារ ហើយមិនចេះដើរលេងយប់។

ដូច្នេះ បើតាមអ្វីដែលលោកលើកឡើង គឺហ្វេនស្រីៗដែលតែងតែលេងយប់ ហើយតាមសម្លឹងលោកជារឿយៗនោះ មិនស្ថិតនៅក្នុងលក្ខណ្ឌលោកចង់បានឡើយ។ ប៉ុន្ដែលោកថា ពេញចិត្ដនូវក្ដីស្រឡាញ់ និងឲ្យតម្លៃចំពោះរូបលោកពីសំណាក់អ្នកគាំទ្រគ្រប់គ្នា មិនថាប្រុស ឬស្រី ដូចការបង្ហាញនូវក្ដីស្រឡាញ់មួយពេលលោកឡើងឆាកនៅខេត្ដកំពង់ចាម គឺលោកពេញចិត្ដខ្លាំងណាស់។

សួរ វិចិត្រ៖ “ឥឡូវទើបអាយុ២៧ឆ្នាំ ចាំតិចទៀតបង! ព្រោះខ្ញុំមានសង្សារច្រើនណាស់…ហាសៗ ប្អូននិយាយលេងទេមានសង្សារមកពីណា គ្រាន់តែលក្ខណៈថាគាត់ពេញចិត្ដយើង ថ្ងៃមុនភេសជ្ជៈដែលខ្ញុំគាស់ញ៉ាំនៅលើឆាក គាត់សុំយើងទៅញ៉ាំដដែលមាត់តែម្ដង ហេតុតែគាត់ស្រឡាញ់ ពេញចិត្ដយើង”។

សួ វិចិត្រ បានកំណត់គោលដៅថា យ៉ាងហោចលោកត្រូវចំណាយពេល ដើម្បីកសាងខ្លួនក្នុងអាជីពសិល្បៈពី២ ទៅ៣ឆ្នាំទៀត ទើបលោកគិតគូររឿងគូស្រករ ប៉ុន្ដែលោកនៅតែយល់ថារឿងគូព្រេង មិនអាចកំណត់បាន ឬដឹងជាមុនថានឹងជួបនៅពេលណា ហើយបានជួបអ្នកសិល្បៈដូចគ្នា ឬអ្នករកស៊ីនោះឡើយ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ