ហេតុផលប៉ាម៉ាក់របស់ Jackson Wang មិនចង់ឲ្យចូលសិល្បៈពីដំបូង ព្រោះខ្លាចគេចាប់កូនញាត់រូងភ្នំ

  • 2022-05-05 04:57:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បង្ហាញ​មុខ​ក្នុង​កម្មវិធី The Kelly Clarkson Show លើកដំបូងនៅពេលនេះ​ Jackson Wang ទទួល​បាន​ការស្វាគមន៍យ៉ាងកក់ក្ដៅពី Kelly ក៏ដូចជាភ្ញៀវកិត្តិយសដូចគ្នា គឺ តារា​សម្ដែង/ផលិតករអាមេរិក Jake Johnson និង តារាកំប្លែងអាមេរិក Natasha Leggero

ចេញមុខភ្លាម Kelly មិនទុក​ឲ្យ Jackson ទំនេរមាត់យូរទេ ដោយនាង​បាន​សំណេះសំណាលច្រើន និងសួរសំណួរជា​ច្រើន ដោយទទួល​ត្រឡប់ទៅវិញនូវចម្លើយដ៏ក្បោះក្បាយដូចគ្នាពី JacksonKelly នៅ​មិនភ្លេច សរសើរពីប្រវត្តិរបស់សមាជិក GOT7 រូបនេះ​ ដោយដឹង​ថា​លោកគឺជា​អតីត​កីឡាករគុនដាវផង។

ប៉ាម៉ាក់របស់ Jackson

Jackson ក៏បានរៀបរាប​ថា​ គ្រួសាររបស់លោក សុទ្ធ​សឹង​ជា​អ្នកអត្តពលិក ដោយមាន​ឪពុកជា អ្នកគុនដាវ និងម្ដាយជាអត្តពលិក។ បន្ថែមពីលើនោះ លោកក៏មាន​ឱកាស​បាន​ទទួល​អាហារូបករណ៍ទៅរៀននៅសាកលវិទ្យាល័យ Stanford ទៀត ប៉ុន្តែលោក​បោះបង់ឱកាសនេះ ដោយសារ​ប្រឡងជាប់ពីការប្រកួតចូលជា​តារារបស់ JYP កាល​នោះ។

យ៉ាងណា​មិញ ពីដំបូង​ឪពុកម្ដាយរបស់លោក បដិសេធមិនចង់ឲ្យកូនចូលទេ គឺហេតុផលដំបូង ពួកលោកចង់ឲ្យកូន​ក្លាយជាអត្តពលិក​ដ៏ជោគជ័យ​សិន។ ហេតុផលបន្ទាប់គឺ លោកទាំង ២ ខ្លាច​និងបារម្ភថា​ប្រសិន​បើ​ចូលសិល្បៈ កូនប្រុសម្នាក់នេះ​អាច​នឹង​ត្រូវ​គេចាប់ជំរិត ឬចាប់ចូលរូងភ្នំ ឬប្រឈម​នឹង​បញ្ហា​ផ្សេងៗទៀត ប៉ុន្តែគ្រប់យ៉ាង​គឺ​សុទ្ធតែជា​ការបារម្ភទាំងអស់ ណាមួយកូនត្រូវឃ្លាតឆ្ងាយពីផ្ទះតែឯងបែបនេះទៀត។

ប៉ុន្តែហេតុតែចិត្តស្រឡាញ់ទប់លែងបាន Jackson ក៏អង្វរឪពុកម្ដាយ ដោយលើកហេតុផលច្បាស់ៗថា​ នេះ​ជា​ក្ដីសុបិនរបស់លោក និងជាអ្វី​ដែល​លោកស្រឡាញ់ពិតប្រាកដ។ ទម្រាំតែអ្នកមានគុណចិត្តទន់ ព្រម​តាម​ Jackson ត្រូវ​អង្វរទាំងយប់ទាំងថ្ងៃដល់ទៅ​ ៨ខែ ឯណោះ។

រហូត​ពេល​នេះ​ Jackson បាន​ធ្វើឲ្យឪពុកម្ដាយមាន​មោទកភាពពេញទំហឹង ព្រោះ​ទីបំផុតលោកអាច​ស្វែង​រកភាពជោគជ័យ និងជម្នះឧបសគ្គបាន​អស់ហើយ មានន័យថា​ក្ដីស្រមៃជា​តារាក៏សម្រេច​បាន ហើយក៏បានធ្វើជាកូនល្អលើកកិត្តិយសឲ្យអ្នកមានគុណរបស់លោកទាំង ២ដែរ៕

ទស្សនាវីដេអូខាងក្រោម៖