គ្រប់បទចម្រៀងទាំងអស់ មានតែនារីម្នាក់គត់ ដែល វណ្ណដា ផ្ញើឱ្យស្ដាប់មុនគេ គឺម្ដាយ

  • 2022-05-08 04:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ងាកទៅ ការប្រគុំតន្ត្រីដ៏កក្រើក ដែលបានធ្វើនៅដើមឆ្នាំ ២០២២ កំពូលតារារ៉េបកម្ពុជា វណ្ណដា បានរម្លឹកទៅដល់រឿង ២យ៉ាងជាមួយមនុស្សស្រីម្នាក់ ដែលតែងតែថា ស្ដីប្រដៅ មើលថែតាំងពីកូននៅតូច រហូតដល់ពេញវ័យ គឺម៉ែ

ឆ្លៀតឱកាសជួបជុំអ្នកគាំទ្រក្នុងការប្រគុំតន្រី្តពេលនោះ វណ្ណដា បានបង្ហាញវត្តមានយ៉ាងពិសេសរបស់ អ្នកម្ដាយ លោកឪពុក និងបងប្រុសជាទីស្រលាញ់។ វណ្ណដា លុតជង្គង់មុខម្ដាយ និងទម្លាយទៅកាន់ អ្នកគាំទ្ររាប់រយនាក់ថា មនុស្សតែម្នាក់គត់ដែលលោកតែងតែផ្ញើគ្រប់ស្នាដៃផលិតរួច ឱ្យស្ដាប់មុខគេ គឺអ្នកម្ដាយរបស់លោក

សម្ដីមួយឃ្លាដ៏សែនចាក់ដោតពីតារារ៉េបរូបនេះ ធ្វើឱ្យមហាជនមានការស្ញប់ស្ញែងនូវក្ដីស្រលាញ់ និងការដឹងគុណយ៉ាងធំធេង ដែល វណ្ណដា មានចំពោះក្រុមគ្រួសារ។

ដោយឡែករឿងមួយទៀតដែល វណ្ណដា បានរម្លឹកទៅកាន់អតីតកាលខ្លួនថា លោកធ្លាប់ប្រឆាំង ឪពុក ម្ដាយ ដើម្បីដេញតាមចាប់ក្ដីស្រមៃ។ វណ្ណដា ថ្លែងថាខ្លួនបានជម្នះការតម្រង់ផ្លូវជីវិតដែល ឪពុក បានរៀបចំឱ្យ ដោយចង់ឱ្យកូនក្លាយជា គ្រូពេទ្យ ឬអ្នកច្បាប់

ចិត្តមិនស្រលាញ់ និងមានះ របស់កំលោះអ្នកព្រះសីហនុរូបនេះ បានរុញច្រានឱ្យខ្លួនចាកឆ្ងាយពីផ្ទះ មកភ្នំពេញ ដើម្បីបំពេញចន្លោះ ដែលតាំងចិត្តមកថា នឹងក្លាយជាតារាចម្រៀងល្បីឈ្មោះម្នាក់ឱ្យទាល់តែបាន។

ដោយមានការចង្អុលបង្ហាញពីបងប្រុសបង្កើត វណ្ណដា បានស្គាល់កាន់តែច្បាស់ពីអ្វីដែលហៅថា ចម្រៀង Hip Hop រហូតលោកអាចសិក្សាស្វែងយល់ពីតន្រ្តី ឱ្យកាន់តែស៊ីជម្រៅ ហើយក្លាយជាមិត្តដ៏ល្អជាមួយតន្ត្រី និងពាក្យពេចន៍ឃ្លោងឃ្លាចម្រៀង។

ផ្អែកទៅលើភាពប៉ិនប្រសប់ សមត្ថភាពខ្ពស់ ការតាំងចិត្ត ការតស៊ូខំប្រឹង និងជឿជាក់លើខ្លួនឯង បានកែ ប្រែក្មេងអ្នកកោសដូង ក្លាយជាក្មេងឆ្អឹងអណ្ដែត មានទាំងប្រជាប្រិយភាព កេរ្ដិ៍ឈ្មោះល្បីរន្ទឺក្នុង និងក្រៅប្រទេស។ មិនត្រឹមប៉ុណ្ណោះ លោកថែមទាំងបានសាងទំនុកចិត្តយ៉ាងធំសម្បើម សម្រាប់ប្រជាជនខ្មែរថា វណ្ណដា ជាសិល្បករកម្ពុជាមួយរូប ដែលអាចនាំអន្តរជាតិ ឱ្យស្គាល់ពីវិស័យចម្រៀងនៅកម្ពុជា

អត្ថបទ៖ Kesor