មកដឹងអំពី! ប្រវត្តិតស៊ូដ៏កម្សត់របស់ ឯកឧត្តម ហ៊ុន ណេង បានបន្សល់ទុកនូវស្នាដៃជាច្រើន ជូនជាតិមាតុភូមិ

  • 2022-05-06 02:33:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម ហ៊ុន ណេង ជាសមាជិកអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មការទី៤ រដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលកំពង់ចាម ត្រូវជាបងប្រុសបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានទទួលមរណភាព ដោយសារតែជំងឺបេះដូង កាលពីរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ។

សពរបស់ ឯកឧត្តម ហ៊ុន ណេង បានតម្កល់ធ្វើបុណ្យនៅគេហដ្ឋានភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទៅតាមប្រពៃណីព្រះពុទ្ធសាសនា ។ នៅថ្ងៃចន្ទ ទី៩ ខែឧសភា ឆ្នាំ២០២២ សព ឯកឧត្តម ហ៊ុន ណេង នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕

ខាងក្រោមនេះគឺជាជីវប្រវត្តិសង្ខេប ឯកឧត្តម ហ៊ុន ណេង

ឯកឧត្តម ហ៊ុន ណេង មានឈ្មោះដើម ហ៊ុន ឡុងសេង កើតថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ១៩៥០ នៅភូមិពាមក ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅក្នុងគ្រួសារកសិករ មាន ឪពុកឈ្មោះ ហ៊ុន នាង និងម្តាយឈ្មោះ ឌី ប៉ុក ។ លោកជាកូនទី២ ក្នុងចំណោមបងប្អូន ៦នាក់ ក្នុង នោះ ស្រី ៣ នាក់។ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹង លោកជំទាវ លាង តួចឆេង នៅឆ្នាំ ១៩៧១ និងមានបុត្រ៦ នាក់ ក្នុងនោះស្រី ៣នាក់។ ក្នុងនាមជាកូនកសិករម្នាក់ នៅមុនឆ្នាំ ១៩៧០ លោកបានតស៊ូសិក្សារៀនសូត្រនៅសាលាបឋម សិក្សាពាមកោះស្នា និងបន្តអនុវិទ្យាល័យស្ទឹងត្រង់។លោកបានចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងសេដ្ឋកិច្ច និងរដ្ឋបាល នៅឆ្នាំ ១៩៩៧។ មិនតែប៉ុណ្ណេះ លោកក៏បានទទួលនូវសញ្ញាបត្របណ្ឌិតកិត្តិយសពីស្ថាប័នសាកលវិទ្យាល័យជាតិ និងអន្តរជាតិមួយចំនួន ផងដែរ។

ក្នុងចន្លោះឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត លោកបានចូលបម្រើក្នុងកងទ័ពនៃរណសិរ្ស សាមគ្គីសង្គ្រោះជាតិកម្ពុជា ដោយសារលោកមានបញ្ញាឈ្លាសវៃ និងមាន សមត្ថភាព លោកក៏ត្រូវបានតែងតាំងក្នុងមុខនាទីជាបន្តបន្ទាប់ រួមមាន ៖ ជាប្រធានមន្ទីរខេត្តកំពង់ចាមនៅ ឆ្នាំ១៩៧៩ ជាប្រធានមន្ទីរផែនការខេត្តកំពង់ចាមនៅឆ្នាំ១៩៨១ អភិបាលស្រុកក្រូចឆ្មារនៅឆ្នាំ១៩៨២ ជាអភិបាលខេត្តកំពង់ចាមនៅឆ្នាំ១៩៨៤ ជាអភិបាលខេត្តស្វាយរៀងនៅឆ្នាំ ១៩៩៩ និងវិលត្រឡប់មកធ្វើ ជាអភិបាលខេត្តកំពង់ចាមវិញនៅឆ្នាំ២០០៥ លោកបានចូលនិវត្តនៅឆ្នាំ២០១៣ និងត្រូវបានឈរ ឈ្មោះ និងជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងត្រូវបានជ្រើសតាំងជាសមាជិកគណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ និង រដ្ឋសភាពជាតិរហូតមកដល់បច្ចុប្បន្ន។

ក្នុងពលិកម្មដើម្បីជាតិ សាសនា និងព្រះមហាក្សត្រ លោកក៏ត្រូវបានប្រទាននូវគ្រឿងឥស្សរិយ យសជាច្រើនពីព្រះមហាក្សត្រ ក្នុងនោះ គ្រឿងឥស្សរិយយសខ្ពស់បំផុតរបស់ព្រះរាជាណាចក្រកម្ពុជា គឺ ថ្នាក់ជាតូបការ។

ពេញមួយជីវិតរបស់ឯកឧត្តម ហ៊ុន ណេង លោកតែងតែបំពេញការងារសង្គម ការងារមនុស្សធម៌ ជាអ្នកកសាងមូលដ្ឋាននៃការអភិវឌ្ឍ នៅខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។ តាមរយៈសកម្មភាពទាំងអស់នេះ បានធ្វើឲ្យលោកទទួលបាននូវការ គោរពស្រឡាញ់ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន៕

អត្ថបទដោយ៖ សាន សុធារដ្ឋ