ខ្នាតយក្សតែម្តង!កម្ពុជានឹងមានកំពង់ផែទឹកជ្រៅកម្រិតអន្តរជាតិនៅកំពត ចាយទុនជិត២ពាន់លានដុល្លារ

  • 2022-05-06 03:34:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពង់ទឹកជ្រៅកម្រិតអន្តរជាតិដ៏ថ្មីសន្លាងមួយមានទុនវិនិយោគ ១,៥០០លានដុល្លារអាមេរិក នៅក្នុងខេត្តកំពតត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមអធិបតីរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អមដំណើរដោយ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ កំពង់ផែកម្រិតអន្តរជាតិដែលមានផ្ទៃដីរហូតដល់ទៅ ៦០០ហិកតានេះ ត្រូវបានរំពឹងថានឹងក្លាយជាសរសៃឈាមដ៏សំខាន់សម្រាប់ការដឹកជញ្ជូនផ្លូវសមុទ្ររបស់កម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កំពង់ផែពហុបំណងកំពត នឹងក្លាយជាកំពង់ផែទឹកជ្រៅ ធំមួយទៀតនៅកម្ពុជា និងដ៏ទំនើបលំដាប់អន្តរជាតិនៅក្នុងតំបន់អាស៊ាន។ គម្រោងនេះនឹងជួយបំពេញបន្ថែមទៅលើកំពង់ផែដែលមានស្រាប់ដូចជា៖ កំពង់ ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ហើយក្រសួងមានផែនការបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ ផ្លូវជាតិលេខ៤១ នៅក្នុងពេលដ៏ខ្លីខាងមុខ ដែលនឹងមានអំណោយផលល្អ ក្នុងការតភ្ជាប់កំពង់ផែពហុបំណងកំពត ជាមួយតំបន់ផ្សេងៗនៅទូទាំង ប្រទេស និងជាមួយប្រទេសជិតខាង។

កំពង់ផែពហុបំណងកំពត មានកត្តាអំណោយផលពីធម្មជាតិរួមមាន៖ ជាតំបន់សមុទ្រទឹកជ្រៅ ពុំសូវរងផលប៉ះពាល់ពីគ្រោះធម្មជាតិ ដោយមានរបាំងការពារព្យុះ រលក ពីកោះថ្មី កោះសេះ និងកោះត្រល់ ជាពិសេស ក្រុមហ៊ុនក៏បានសាងសង់ឃ្លងនាវាចរណ៍រួចជាស្រេចផងដែរ។ ទីតាំងគម្រោងនេះ ស្ថិតនៅក្នុងតំបន់ដែលមានអំណោយផលក្នុងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹក ផ្លូវគោក និងផ្លូវដែក មកកាន់រាជធានីភ្នំពេញ និងបណ្តាខេត្តនានា តាមរយៈផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវជាតិលេខ៤៨ និងតភ្ជាប់ផ្លូវដែកភាគខាងត្បូង ទៅភាគខាងជើងនៃប្រទេស។

ជាពិសេស គម្រោងនេះ ទីលានកុងតឺន័រ តំបន់សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្មសេរី មជ្ឍមណ្ឌល ភស្តុភារកម្ម ឃ្លាំងស្តុកទំនិញគ្រប់ប្រភេទ ឃ្លាំងភណ្ឌាគារគយ រោងចក្រផលិត និងចែកចាយ រោងចក្រចម្រាញ់ប្រេងឥន្ធនៈ និងមជ្ឈមណ្ឌលប្រេងឥន្ធនៈ តំបន់លំនៅឋាន និងចំណតនាវាដឹកអ្នកដំណើរទេស ចរណ៍ ព្រមទាំងចំណតនាវាប្រភេទជាសាឡង់ ដែលភ្ជាប់ការដឹកជញ្ជូនជាមួយកំពង់ផែស្វយ័តភ្នំពេញ ក្នុងករណីរាជរដ្ឋាភិបាលអភិវឌ្ឍគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់។

ចំពោះទីតាំងកំពង់ផែពហុបំណងមានជម្រៅទឹកប្រមាណ១៥ម៉ែត្រ និងអាចឱ្យនាវាចំណុះ១០០.០០០ តោន អាចចូលចតបាន និងមានសមត្ថភាពខ្ពស់ក្នុងការលើកដាក់ទំនិញចេញ-ចូល បានចំនួនប្រមាណ ៣០០.០០០ TEU នៅក្នុងឆ្នាំ២០២៥ និងប្រមាណ ៦០០.០០០ TEU នៅក្នុងឆ្នាំ២០៣០៕

អត្ថបទដោយ៖ សាន សុធារដ្ឋ

អត្ថបទពេញនិយម