របៀបជ្រើសរើសកែវថតសម្រាប់ផលិតរូបភាពព្រិលខាងក្រោយ (អ្នកទើបចាប់ផ្តើម)

  • 2022-05-10 08:02:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកទាំងអស់គ្នាធ្លាប់ចាប់អារម្មណ៍អំពីរូបភាពបែបអាជីពមានលក្ខណៈច្បាស់ចំពោះវត្ថុដែលគេចង់បង្ហាញ ហើយផ្ទៃខាងក្រោយបែជាមានភាពព្រិលខ្លាំងដែរឬទេ? នោះគឺដើម្បីនាំក្រសែភ្នែកអ្នកមើលដើម្បីផ្តោតទៅលើវត្ថុ ឬមនុស្សដែលគេចង់បង្ហាញ។ សព្វថ្ងៃទូរសព្ទភាគច្រើនអាចថតរូបបែបនេះបាន ដោយមានដំបូងនៅលើទូរសព្ទ iPhone 7 Plus ប៉ុន្តែវាគ្រាន់តែជាការកែឆ្នៃពី Software របស់ទូរសព្ទប៉ុណ្ណោះ។ ចុះសម្រាប់រូបភាពព្រាលពិតៗវិញមានលក្ខណៈបែបណា ថ្ងៃនេះ Sabay នឹងណែនាំអំពីមូលហេតុដែលបង្កើតភាពព្រាលនេះ ក៏ដូចជាប្រាប់ពីរបៀបសម្រាប់ជ្រើសរើសកាមេរ៉ាសម្រាប់ថតរូបបែបនេះ។

រូបភាពប្រភេទបែបនេះគេហៅថា Portrait ចំណែកឯភាពព្រាលនៅខាងក្រោយគេហៅថា Bokeh។ រូបភាពបែបនេះវាកើតឡើងនៅពេលដែលយើងប្រើប្រាស់កែវលេនដែលមានទំហំបើកស្រូបពន្លឺធំ (Aperture) គួបផ្សំនឹងទំហំសេនស័រ ក៏ដូចជាប្រវែងរបស់កែវលេនផងដែរ។ គ្រប់ផ្នែកទាំង៣នេះ ប្រសិនបើមានផ្នែកណាមួយធ្វើបានល្អ នោះវានឹងបង្កើតជារូបភាព Blur បានដូចគ្នា។

សម្រាប់អ្នកដែលមានកាមេរ៉ារួច ហើយចង់ផលិតរូបបែបនេះ វិធីងាយស្រួលជាងគេនោះគឺផ្លាស់ប្តូរកែវលេន រីឯអ្នកកំពុងត្រៀមទិញ គួរពិចារណាជ្រើសរើសយកកែវលេនដែលអាចថតបែបនេះតែម្តង។ អញ្ចឹងតើយើងត្រូវមើលលើអ្វីខ្លះពេលទិញ?

១. កម្រិត Aperture

ដូចបានលើកឡើងខាងលើ Aperture ជាចំណុចសំខាន់ អញ្ចឹងវាជាកន្លែងដែលត្រូវគិតមុនគេ។ កម្រិត Aperture តាងដោយអក្សរ F នៅខាងមុខ និងមានលេខនៅខាងក្រោយ។ ជាឧទាហរណ៏ F1.4 មានទំហំបើកធំជាង F3.5 អញ្ចឹងមានន័យថាយើងត្រូវជ្រើសរើសយកកែវដែលមានលេខ F1.4។ ប៉ុន្តែតម្លៃក៏ជាកត្តាមួយដែរ ដោយលេខកាន់តែតិច តម្លៃកាន់តែថ្លៃ ដោយ F1.4 ថ្លៃជាង F1.8។

ចុះប្រសិនបើចង់ថតឲ្យច្បាស់គ្រប់ជ្រុងតើត្រូវធ្វើដូចម្តេច? លោកអ្នកគ្រាន់តែតម្លើងលេខ F ទៅកាន់លេខធំបំផុត នោះវានឹងច្បាស់គ្រប់ជ្រុងលែងមានភាពព្រិលខាងក្រោយ។

២. ប្រវែង Focal Length

វាជាកត្តាគួបផ្សំផងដែរ ព្រោះបើសិនមានទំហំ F ធំហើយ ប៉ុន្តែប្រវែង Focal Length ខ្លីពេកក៏មិនអាចផលិតរូបភាពព្រាលផ្ទៃក្រោយបានស្អាតដែរ។ ប្រវែង Focal Length បញ្ជាក់ពីកម្រិត Zoom ជាឧទាហរណ៍ កែវលេន 16mm ប្រៀបដូចការប្រើលេន Ultrawide ហើយ 24mm ដូចលេនដើម និងប្រវែង 70mm ដូចនឹងការ Zoom 2x ដែលមាននៅលើស្មាតហ្វូន។

ចំពោះកែវលេនដែលគេពេញនិយមប្រើ និងមានតម្លៃធូរជាងគេបំផុតនោះ គឺពពួក 50mm F1.8 ដែលជាទូទៅមានតម្លៃត្រឹមតែក្រោម ១រយដុល្លារ សម្រាប់ប្រភេទ Canon និងអាចលោតដល់ ជាង២រយដុល្លារចំពោះម៉ាក Sony៕

អត្ថបទ៖ Thea Sothun