កូនស្រី គង្គ ប៊ុនឈឿន ប្រតិកម្មអ្នកច្រៀងបទ “ខ្ចីលុយម៉ែក្មេក” ក្នុងកម្មវិធីដ៏ធំមួយរបស់ហង្សមាស

  • 2022-05-10 09:30:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូនស្រីរបស់កវីដងស្ទឹងសង្កែ គង្គ ប៊ុឈឿន ប្រតិកម្មបេក្ខជន-បេក្ខនារីក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកឈ្មោះ “Cambodia Idol” ដែលបានលើកយកបទជំនាន់ដើមដែលជាស្នាដៃប៉ារបស់ខ្លួនទៅកាឡៃ ឬកែទំនុកច្រៀងខ្លះ ហើយយកមកច្រៀងឡើងវិញធ្វើឲ្យប៉ះពាល់ដល់ម្ចាស់ស្នាដៃ។

ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពីបេក្ខជនម្នាក់ឈ្មោះ ភៀន ភារិន បានលើកយកបទ "ខ្ចីលុយម៉ែក្មេក” មកច្រៀងក្នុងកម្មវិធីប្រឡងចម្រៀង “Cambodia Idol” រដូវកាលទី៤ របស់ស្ថានីយទូរទស្សន៍ហង្សមាស កាលរាត្រីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២។

អ្នកស្រី ប៊ុនឈឿន សូរីវិល័យ បានបង្ហោះសារមួយដោយមានភ្ជាប់រូបថតអាល់ប៊ូមចាស់ដែលមានរូបប៉ា និងអ្នកនាង រស់ សេរីសុទ្ធា នៅរសៀលថ្ងៃទី១០ ខែឧសភា ថា រូបនាង និងគ្រួសារ ទទួចម្ដងហើយម្ដងទៀតសូមបញ្ឈប់ការយកស្នាដៃមរតកដើមមកច្រៀងបំពានបំផ្លាញសិទ្ធិស្នាដៃម្ចាស់កវីស្ទឹងសង្កែ គង្គ ប៊ុនឈឿន។

ដូចជាបទ “សែនឈឺចិត្ត” ឬ“ម្តាយក្មេកមកលេង” ច្រៀងដោយ រស់ សេរីសុទ្ធា ច្រៀងមានដាក់ក្នុងប្រលោមលោករឿងពិតរបស់ភរិយាលោក គង្គ ប៊ុនឈឿន ត្រូវគេយកមកកាឡៃដាក់ពាក្យថ្មីថា “ខ្ចីលុយម៉ែក្មេក” ដើម្បីច្រៀងក្នុងកម្មវិធីប្រឡងមួយដែលធ្វើឲ្យក្មេងជំនាន់ក្រោយយល់ច្រឡំ។

អ្នកស្រី ប៊ុនឈឿន សូរីវិល័យ ស្នើឲ្យដកសាច់ភ្លេង និងទំនុកច្រៀងនេះចេញវិញ ដោយអ្នកស្រីបញ្ជាក់ថាមិនអនុញ្ញាតឡើយ បើពុំដកចេញទេ អ្នកប្រព្រឹត្ដនឹងប្រឈមចំពោះមុខច្បាប់កម្មសិទ្ធបញ្ញា។ ទន្ទឹមគ្នានេះ អ្នកស្រីក៏បញ្ជាក់ថា គ្រួសារកវី គង្គ ប៊ុនឈឿន គាំទ្រស្នាដៃកូនខ្មែរបង្កើតថ្មី តែមិនគាំទ្រការក្រឡៃបទម្ចាស់ដទេ។

កូនស្រីកវីរូបនេះ រំលឹកថា ដូចករណីនាយចឺម យកបទ “នឹកភូមិភ្នំធំ” មកក្រឡៃ ធ្វើឲ្យក្រុមគ្រួសារអ្នកស្រីចេញមុខ តវ៉ា ហើយមានមនុស្សជាច្រើនគិតថា ម្តាយនាងប្ដឹងបានលុយ ហើយដើរតែរករឿងគេ គ្រាន់តែយកបទចម្រៀងមក ច្រៀងថ្មី សោះ ប៉ុន្ដែតាមការពិតក្រុមគ្រួសារនាងគ្រាប់តែការពារស្នាដៃមរតកដើម គឺមិនដែលប្ដឹងអ្នកណា ឬបានសំណងពីអ្នកណាមកឡើយ៕

ជិន សុភ័ក្ដ្រ

អត្ថបទពេញនិយម