មូលហេតុដែលរុស្ស៊ី គឺជាប្រទេសធំជាងគេលើពិភពលោក គ្របដណ្ដប់រហូតដល់ ១ភាគ ៨នៃផ្ទៃដី
- 2022-05-11 08:26:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុដែលរុស្ស៊ី គឺជាប្រទេសធំជាងគេលើពិភពលោក គ្របដណ្ដប់រហូតដល់ ១ភាគ ៨នៃផ្ទៃដី
ចន្លោះមិនឃើញ
រុស្ស៊ី គឺជាប្រទេសមួយដែលលាតសន្ធឹងពីភូមិភាគអឺរ៉ុបខាងកើតមកដល់តំបន់អាស៊ីខាងជើង មានផ្ទៃក្រឡាសរុបចំនួន ១៧,១២៥,១៩១ គីឡូម៉ែត្រការ៉េដែលស្មើនឹងមួយភាគប្រាំបីនៃផ្ទៃដីដែលមានមនុស្សរស់នៅលើភពផែនដី។
ប្រទេសនេះមានព្រំប្រទល់ជាប់នឹងប្រទេសអធិបតេយ្យចំនួន ១៦ និងទំហំផ្ទៃដីធំជាងគេបង្អស់នៅលើពិភពលោកហើយជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេទី ៩ និងត្រូវជាប្រទេសដែលមានប្រជាជនច្រើនបំផុតនៅទ្វីបអឺរ៉ុប។ ទីក្រុងម៉ូស្គូគឺជារដ្ឋធានី និងជាទីក្រុងធំបំផុតនៅក្នុងប្រទេស ខណៈឯទីក្រុងសង់ពីទ័របួរគឺជាទីក្រុងធំបន្ទាប់ទីពីរ។
ផ្ទៃដីដ៏ធំរបស់រុស្ស៊ីផ្ដើមចេញពីចក្រភពរុស្ស៊ី គឺជារដ្ឋចក្រភពដែលចាប់មានឡើងពីឆ្នាំ១៧២១ រហូតដល់ បដិវត្តន៍រុស្ស៊ីនៃឆ្នាំ១៩១៧។ ចក្រភពនេះ គឺជារដ្ឋបន្តពីអាណាចក្រត្សាររុស្ស៊ី (Tsardom of Russia) និង ត្រូវបានបន្តដោយសហភាពសូវៀត (Soviet Union) ។ វាគឺជាចក្រភពដែលផ្សាជាប់គ្នាធំជាងគេទី២ ដែលគេបានស្គាល់នៅលើពិភពលោក បន្ទាប់ពីអតីតមហាចក្រភពម៉ុងហ្គោល។ នាពេលមួយ ក្នុងឆ្នាំ១៨៦៦ ចក្រភពរុស្ស៊ីបានលាតសន្ធឹងចាប់ពីអឺរ៉ុបខាងកើត កាត់ទ្វីបអាស៊ី រហូតដល់អាមេរិកខាងជើង។
រុស្ស៊ីក៏ដូចបណ្តាប្រទេសអឺរ៉ុបជាច្រើន គឺបានឆ្លងកាត់រយៈពេលនៃការពង្រីកទឹកដី។ នៅសតវត្សទី១៥ និងទី១៦ អ្នកដឹកនាំជាច្រើនបានបន្តធ្វើសង្រ្គាមជាមួយគ្នា រហូតទាល់តែទីក្រុងមូស្គូបានឈ្នះអំណាច ដោយបង្ក្រាបគូប្រជែងទាំងអស់របស់ខ្លួននិងបង្រួបបង្រួមទឹកដីដែលមានប្រជាជនរុស្ស៊ី។
ការពង្រីករបស់រុស្ស៊ី ហាក់មានភាពយឺតយ៉ាវនៅភាគខាងលិច និងភាគខាងត្បូង ព្រោះត្រូវប្រជែងជាមួយប៉ូឡូញ តួកគី និងមហាអំណាចដ៏មានឥទ្ធិពលផ្សេងទៀតនៅលើទឹកដីថ្មី។ ទោះយ៉ាងណាចក្រភពរុស្ស៊ីបានបន្តពង្រីក រហូតគ្របដណ្តប់លើផ្ទៃដីដ៏ធំ ២១.៨លានគីឡូម៉ែត្រការ៉េ ពោលគឺធំជាងប្រទេសរុស្ស៊ីបច្ចុប្បន្នទៅទៀត (បច្ចុប្បន្នជាង ១៧លានគីឡូម៉ែត្រការ៉េ)។
ចុងក្រោយបំផុតសហភាពសូវៀត បានជំនួសចក្រភពរុស្ស៊ី ហើយសូវៀត គ្របដណ្តប់លើផ្ទៃដី ២២.៤លានគីឡូម៉ែត្រការ៉េ។ បន្ទាប់ពីការដួលរលំនៃសហភាពសូវៀត ព្រំដែនបច្ចុប្បន្នរបស់ប្រទេសរុស្ស៊ី ត្រូវបានបង្កើតឡើង ជាមួយនឹងរដ្ឋឯករាជ្យចំនួន១៥ ប៉ុន្តែផ្ទៃដីរុស្ស៊ីនៅតែមានទំហំធំជាងគេដដែល៕