ស្រីមុំ តបផាំងៗចំពោះអ្នកថា នាងចូលចិត្តត្រាប់ Chompoo និងធ្វើបុណ្យមុខកាមេរ៉ា

  • 2022-05-11 08:12:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គង់ ចាន់ស្រីមុំ ត្រូវ​បាន​គេស្គាល់ថា ជាតារា​ស្រី​ដែល​មាន​ជីវិតហាយសូ​ ក្រោយប្រឹងប្រែងធ្វើការទាំងយប់ទាំងថ្ងៃ និងមាន​កេរ្តិ៍ឈ្មោះ​ខ្លាំង​ប្រចាំប្រទេស​កម្ពុជា។

ទោះជាយ៉ាងណា​ ស្របពេល​មាន​ជីវិតថ្កុំថ្កើង និងមាន​ភាពល្បីល្បាញ​ ក៏ដូចជាទទួលបាន​ក្ដី​ស្រឡាញ់ខ្លាំងបែប​នេះ​ ស្រីមុំ ក៏ត្រូវ​បាន​រង​នូវ​មតិរិះគន់ខ្លះដែរ។ មាន​រឿង​ច្រើន ដែល​កន្លងមក​ Hater ឬ​មហាជន​មួយចំនួន​ លើកពីការ​មិនពេញ​ចិត្តមក​លើនាង ប៉ុន្តែតារាស្រីរូបនេះ​មិន​ដែលតប​នោះទេ ទើបតែពេល​នេះ​នាង​បាន​បកស្រាយ​ទាំងអស់។

និយាយក្នុង​វីដេអូ Live នៅ​រសៀល​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ គង់ ចាន់ស្រីមុំ បាន​លើកឡើង​និយាយពី​រឿង​របស់ ផេនខេក ដែល​ទើប​រើឥវ៉ាន់ចូលក្នុងផ្ទះថ្មី ដែល​នាង​សម្រេចឲ្យស្នាក់ជាបណ្ដោះអាសន្នសិន ទម្រាំមាន​លទ្ធភាព​រកផ្ទះនៅ​ដោយខ្លួនឯង។

និយាយៗក៏ចូលដល់រឿង​អ្នករិះគន់មួយចំនួន ចំពោះ​នាង​កន្លងមក ដែល​លើកឡើងថា​ ស្រីមុំ​ ចូលចិត្តធ្វើនេះ ធ្វើនោះ តាម​តារា​ថៃ Chompoo Araya។ ជាឧទាហរណ៍ដូចជាកាល​ពីរដូវចូលឆ្នាំ នាង​បានបង្រៀនកូនឲ្យចេះប្រណិបតន៍​ឪពុកម្ដាយ ដោយលាងជើង យ៉ាង​សុភាពរាបសារ។ ទង្វើ​នេះ​ធ្វើឲ្យមនុស្សមួយចំនួនគិតដល់ Chompoo Araya ដែល​ធ្លាប់ឲ្យកូនៗធ្វើទង្វើបែប​នេះ​ដែរ។

តបទៅ​​នឹង​មតិលើកឡើងនេះ ស្រីមុំ បាន​និយាយថា​ ខ្លួនមិន​បាន​ទៅ ត្រាប់ពីអ្នកណានោះទេ ពោល នេះ​គឺជាទំនៀមទម្លាប់ ដែល​ប្រជាជន​កម្ពុជាធ្វើតាំងពីដើម​មក​ ហើយជនជាតិយើងក៏​មាន​ដល់ថ្នាក់ធ្វើបល្ល័ង្កជូនឪពុកម្ដាយ ដែលមានអាយុ ៦០ឆ្នាំឡើងទៅ និងលាងជើង ក៏ដូចជាស្រង់ទឹកជូនទៀត។ ដូច្នេះនាង​មិនទទួល​ឡើយ ពាក្យថា Copy គ្រប់យ៉ាងពីតារាស្រុកគេ។

ចូល​ដល់ចំណុចមួយទៀតនោះគឺ ការធ្វើបុណ្យ ចែកទាន តែនៅពីមុខកាមេរ៉ា ស្រីមុំ តបក្នុងន័យ មិនភ្លេចអរគុណ​ដល់សប្បុរសជន​ទាំងឡាយដែលតែងជួយដល់ទុរគតជន ជាឧទាហរណ៍ដូចជាលោក​ស្រី​ ទ្រី ដាណា និង អ្នកនាង ស្រីអូនសម្រស់ធម្មជាតិ ជាដើម។

អ្នកនាងបន្តថា៖ «ត្រូវគិតឡើងវិញ ថា អត់មានកាមេរ៉ាហ្នឹងយើងអត់មានអីហូបទេណា៎ ត្រូវអរគុណកាមេរ៉ារបស់គាត់ និងអរគុណទឹកចិត្តរបស់គាត់ បើសិនជាគាត់មិនចេញចែកអំណោយ និងថតវីដេអូឲ្យអ្នក​​ទាំងអស់គ្នាបានឃើញ តើមានមនុស្សប៉ុន្មាននាក់នឹងធ្វើអំពើល្អបែបនេះដូចគាត់?»

ទាំងនេះ​គឺជាអ្វីដែល​ ពិធីការិនីហាយសូរូបនេះ​បាន​លើកឡើង ហើយក៏​បាន​ស្រាយបញ្ជាក់នូវអ្វីដែល​ខ្លួន​ចង់និយាយ​តបនឹងមតិរិះគន់ទាំងឡាយ ដែល​លើកឡើងព្រាតចំពោះ​រូបនាងនាពេល​កន្លងមកឲ្យបាន​ច្បាស់។ ដូច្នេះពីពេលនេះទៅ ស្រីមុំនឹងធ្វើអ្វីដែល​ខ្លួនចង់ធ្វើ និងឈប់ខ្វល់ពីមតិលើកឡើងយ៉ាងណាហើយ ព្រោះ​អ្វីដែល​នាង​ធ្វើមិនបានធ្វើឲ្យអ្នកណាម្នាក់ឈឺចាប់ឡើយ ម្យ៉ាងនេះក៏ជាជីវិតនាង​ដែរ៕