ការពិតពីព័ត៌មានស្នេហា ១៨ឆ្នាំមុនរបស់ Rain និង Song Hye Kyo

  • 2022-05-13 03:46:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង «Full House» ឬ «បំណុលផ្ទះជំពាក់ស្នេហ៍» បានទទួលជោគជ័យខ្លាំង​ជុំវិញអាស៊ី កាលពីឆ្នាំ ២០០៤។ ក្រៅពីសាច់រឿងប្លែកជក់ចិត្ត តួសម្ដែងទាំង ២ មាន Rain (លី យ៉ុងចេ) និង Song Hye Kyo (ហាន់ ជីអ៊ុន) ក៏ជា​មូលហេតុដែលធ្វើឲ្យអ្នកតាមដាន គាំទ្រមិនឲ្យដាច់ភាគ និងកោតសរសើរកប់ៗមាត់ ពីភាពស៊ីសង្វាក់របស់ពួកគេ។

ជាការពិត​ កាលពី១៨ឆ្នាំ មុន ដោយសារតែភាពឥតខ្ចោះរបស់ស្នេហាក្នុងរឿងរបស់ពួកគេ ក៏បាន​ធ្វើឲ្យមហាជន​ កើតការសង្ស័យ និងសង្ឃឹមថាថា Rain និង Hye Kyo ក្លាយ​ជា​គូស្នេហ៍ពិតប្រាកដនឹងគ្នា​នៅ​ក្រៅរឿងទៀតផង។

ចចាមអារ៉ាមស្នេហា កាន់តែពុះកញ្ជ្រោលឡើងមួយកម្រិត ពេល Rain និយាយក្នុងបទសម្ភាសថា​ នារីក្នុងក្ដីសុបិនរបស់ខ្លួន​ ជាមនុស្សដែលគួរឲ្យស្រឡាញ់ និងមុខប៉ោងតិចៗ រហូតមហាជន​មួយចំនួនគិតថា​ជា Song Hye Kyo

ទោះជាមានព័ត៌មាន​រីកសុសសាយ ថាពួកគេជាគូស្នេហ៍នឹងគ្នាក្ដី ក៏ Rain និង Hye Kyo នៅតែបដិសេធ ថាមិនមែនជាការពិតឡើយ ព្រោះ​ពួកគេត្រឹមជា​មិត្តរួមការងារនឹងគ្នាប៉ុណ្ណោះ។

តួ ហាន់ ជីអ៊ុន រូបនេះ​បាន​និយាយថា​ នាង និង Rain ព្រម​ទាំងក្រុមការងារ ឧស្សាហ៍ជួបជុំគ្នាហូបចុក ហើយពេល​ដែលកំពុង​ថត​ គ្រប់គ្នា​ពិតជា​រីករាយ និង​មានភាពកក់ក្ដៅខ្លាំង។

«គាត់ និងខ្ញុំ មានអាយុស្របាលៗគ្នា គ្រាន់តែគាត់ប្អូនខ្ញុំមួយឆ្នាំ ប៉ុន្តែពួកយើងចុះសម្រុងនឹងគ្នាបានល្អណាស់។ ពេល​ថតចប់ Rain អ្នកដឹកនាំរឿង និងក្រុមការងារផ្សេងទៀត ព្រមទាំងខ្ញុំ ឧស្សាហ៍ទៅក្រៅញ៉ាំអីជុំគ្នាណាស់ ពួកយើងតែងនៅជុំៗជាមួយគ្នា និងជាមិត្តល្អ»Song Hye Kyo និយាយ។

ក្រោយមកទៀត ពេលស្ថិតក្នុងសន្និសីទកាសែត Rain ក៏ធ្លាប់​បាន​និយាយ ដោយច្រានចោលពីចចាមអារ៉ាមស្នេហានោះដែរថា មនុស្សម្នានាំគ្នាចែកចាយរឿងនេះ​ច្រើនណាស់ ទាំងដែលខុសឆ្ងាយពីការពិតពេក។

ជាច្រើនឆ្នាំបាន​កន្លងផុតទៅ ទាំង Song Hye Kyo និង Rain សឹងតែបាត់ការទាក់ទងគ្នាទាំងស្រុងទៅហើយ ដូច្នេះ​ទើប​គ្រប់គ្នា​កាន់តែច្បាស់ថា ពួកគេ​ត្រឹមជាមិត្តរួមការងារ គ្មានអ្វីលើសនេះទេ។

មកដល់បច្ចុប្បន្ន Rain កំពុងរស់នៅយ៉ាងមានក្ដីសុខជាមួយនឹង​ Kim Tae Hee ដែលជាភរិយា និង​កូនៗ ២នាក់ ដោយមានទ្រព្យពេញ​ផ្ទះ។ ស្របពេល​ Song Hye Kyo ដ្បិតបរាជ័យនឹងជីវិតគូ ក្រោយរៀបការជាមួយនឹង​ Song Joong Ki មក​ ប៉ុន្តែនាង​នៅតែជានារីរឹងមាំ និងជោគជ័យដដែល​លើវិថីសិល្បៈ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី