ទោះសង្ឃឹមត្រឹម១ភាគរយ ដួង ហ្សូរីដា ក៏ត្រូវតែការពារជីវិតម្ដាយ ពីយមរាជ
- 2022-05-16 06:59:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទោះសង្ឃឹមត្រឹម១ភាគរយ ដួង ហ្សូរីដា ក៏ត្រូវតែការពារជីវិតម្ដាយ ពីយមរាជ
ចន្លោះមិនឃើញ
អតីតតារាសម្ដែង ដួង ហ្សូរីដា ទម្លាយរឿងក្រៀមក្រំ ក្រោយឆ្លងកាត់យ៉ាងលំបាក អំឡុងពេលនាំអ្នកម្ដាយទៅព្យាបាលជំងឺមហារីក នៅប្រទេសថៃ។
ឆ្លៀតក្នុងឱកាសចូលរួមក្នុងកម្មវិធី V Talk តារាសម្ដែង និងជាពិធីការិនី ដួង ហ្សូរីដា បានថ្លែងអំពីរឿងរ៉ាវដែលបានជួបប្រទះក្នុងការមើលថែអ្នកម្ដាយមានជំងឺមហារីក។ ជារឿងដែលកូនៗគ្រប់រូបមិនចង់ឱ្យជំងឺកាចសាហាវកើតលើអ្នកមានគុណ ប៉ុន្តែតារាស្រីរូបនេះមិនបាក់ទឹកចិត្ត មិនបោះបង់ក្ដីសង្ឃឹម ចំពោះអ្នកម្ដាយ នាងបានប្រឹងអស់ពីលទ្ធភាព ក្នុងការនាំអ្នកម្ដាយទៅព្យាបាលដល់ប្រទេសថៃ។
ដួង ហ្សូរីដា បន្តថាជំងឺនេះពិតជាសាហាវណាស់ ធ្វើម្ដាយនាងជ្រុះសក់ទាំងដៃៗ ឈឺងើបមិនរួច។ ដើម្បីឱ្យអ្នកជំងឺមានអារម្មណ៍កក់ក្ដៅ នាងតែងតែព្យាយាមលួងលោមលើកទឹកចិត្តជានិច្ច និងធ្វើគ្រប់វិធីសាស្ត្រដើម្បីការពារជីវិតអ្នកម្ដាយពីយមរាជ ទោះបីសង្ឃឹមត្រឹម១ភាគរយក៏ដោយក៏ត្រូវតែប្ដេជ្ញាចិត្តព្យាបាលម្ដាយឱ្យជាសះស្បើយ។
ដួង ហ្សូរីដា ថ្លែង៖ “បទពិសោធន៍ការថែទាំអ្នកម្តាយកើតជំងឺមហារីក រហូតទទួលបានជោគជ័យ នៃការព្យាបាល ត្រូវតែមានមានការអត់ធ្មត់ខ្លាំងបំផុតពីក្រុមគ្រួសារ កូនៗ និងការផ្តល់កំលាំងចិត្តជូន ដល់អ្នកជំងឺសំខាន់បំផុត ទោះបីសង្ឃឹមត្រឹមតែ ១% ក៏ដោយ ក៏យើងត្រូវតែព្យាយាមធ្វើអោយល្អ ដល់ទីបំផុត កុំអោយមានពាក្យថា «ស្តាយក្រោយ»”។
ជាលទ្ធផល ផ្អែកលើការមើលថែបានយ៉ាងល្អពីកូនៗ និងយកចិត្តទុកដាក់ផ្ដល់ភាពកក់ក្ដៅ និងភាសាលើកទឹកចិត្តដល់អ្នកជំងឺ ដួង ហ្សូរីដា ទទួលបានជោគជ័យលើការយកឈ្នះជំងឺកាចសាហាវមួយនេះ និងបានការពារអាយុជីវិតរបស់អ្នកម្ដាយ ឱ្យរស់នៅផ្ដល់ជាម្លប់ត្រជាក់ដល់កូនគ្រប់រូប៕