​មិន​ធម្មតា អៀងឡេង យក​ឈ្នះ​កូន​ខ្លា​បាន​សម្រេច​ ដើម្បីបំពេញ​ក្ដី​ស្រមៃ​

  • 2022-05-20 03:30:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ​នេះ​ការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់ ​TVK Fighter ធន់ អៀង​ឡេង បាន​យក​ឈ្នះ​ទៅ​លើ​កីឡាករ​​ ខាំ​ កូន​ខ្លា ដើម្បី​សម្រេច​ក្ដី​ស្រមៃ​ឡើង​ទៅ​កាន់​​វគ្គ​​ផ្ដាច់​ព្រ័ត្រ​នៅ​សង្វៀន ទទក ។ ​​​​​

​​ការ​ប្រកួត​រវាង​​ ធន់ អៀង​ឡេង និង​ ខាំ កូន​ខ្លា បាន​ប្រកួត​គ្នា​យ៉ាង​ស្វិតស្វាញ​ ពោល​គឺ​៣​ទឹក​​ពេញ។ គូ​នេះ​​ អៀង​ឡេង​ ​ធ្វើ​បាន​ល្អ​ជាង​ថែមទាំង​វ៉ៃ កូន​ខ្លា ឲ្យ​រាប់​ម្ដង​ថែម​ទៀត​ផង ហើយ​គេ​អាច​ធ្វើ​បាន​សម្រេច​ក្ដី​ស្រមៃ​របស់​ខ្លួន​​មាន​ឱកាស​បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ដណ្ដើម​យក​ខ្សែក្រវាត់ និង​ទឹក​ប្រាក់​២០​លាន​រៀល​។ ​អៀង​ឡេង បាន​ប្រាប់​មក​កាន់​ Sabay ថា​បើ​គេ​ឈ្នះ​ខ្សែក្រវាត់ និង​ទទួល​បាន​ប្រាក់​រង្វាន់​នេះ​គេ​នឹង​យក​ទៅ​ទិញ​ស្រែ​បន្ថែម​ ដើម្បី​ចិញ្ចឹម​ជីវភាព ព្រោះ​ថា​ស្រែ​ដែល​កំពុង​ប្រកប​របរ​ដាំ​ដុះ​នា​ពេល​បច្ចុប្បន្ន​ហូប​មិន​គ្រប់​។

​យ៉ាង​ណា​ការ​​ឡើង​ទៅ​​ប៉ះ កូស៊ីន នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ​​​អៀង​ឡេង​ មិន​ហ៊ាន​រំពឹង​ថា​ឈ្នះ​ប៉ុន្មាន​ទេ ទាំង​ដែល​គេ​ដឹង​ថា កូស៊ីន ជា​អ្នក​លេង​គុន​ខ្មែរ​ដែល​មាន​សមត្ថភាព​ខ្លាំង ថែម​ទាំង​ធ្លាប់​ឈ្នះ​​ពិន្ទុ​ទៅ​លើ អៀង​ឡេង​ ម្ដង​ហើយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ ​ប៉ុន្តែ​​កូន​សិស្ស​លោក​ ធន់​ សុភា រូប​នេះ​​បាន​តាំង​ចិត្ត​ថា នឹង​ប្រឹងប្រែង​បើ​ទោះ​ដឹង​ថា កូស៊ីន គេ​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ​។

​រំលឹកថា ការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ TVK Fighter វគ្គ​ផ្ដាច់​ព្រ័ត្រ​​គឺ​ជា​ការ​ជួប​គ្នា​រវាង ឃួន ឡាំ​កូស៊ីន ​និង ធន់​ អៀង​ឡេង ក្រោយ​អ្នក​លេង​​​កណ្ដាប់​ដៃ​មក​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ​​ឈ្នះ​ពិន្ទុ យ៉ន ពិសី ក្រោយ​ការ​ប្រកួត​ប្រជែង​៣​ទឹក​ពេញ៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម