B.I ទម្លាយជាលើកដំបូង ពីពេលខ្លួន ផុងចូលពិភពងងឹតទាក់ទងនឹងករណីគ្រឿងញៀន
- 2022-05-20 10:02:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
B.I ទម្លាយជាលើកដំបូង ពីពេលខ្លួន ផុងចូលពិភពងងឹតទាក់ទងនឹងករណីគ្រឿងញៀន
ចន្លោះមិនឃើញ
នៅពេល B.I ចេញមុខដំបូង លោកពិតជាទទួលបានការគាំទ្រយ៉ាងច្រើនគិតចាប់ពីឆ្នាំ ២០១៥ មក ដោយសារតែសមត្ថភាពអស្ចារ្យ ភាពស្រស់សង្ហា និងមន្តស្នេហ៍មិនធម្មតា រហូតត្រូវបានគេចាត់ទុកថាជាគ្រាប់ពេជ្រម្នាក់ដែររបស់ YG។
ពេលផ្ដល់បទសម្ភាសជាមួយនឹង Billboard តារាប្រុសរូបនេះបានទម្លាយថា វាមិនមែនជារឿងងាយស្រួលទេ ដែលលោកត្រូវស៊ូនឹងរឿងមួយចំនួនក្នុងពេលធ្លាក់ចូលក្នុងសភាពខ្មៅងងឹតក្នុងជីវិត។
និយាយៗក៏ឈានដល់ចំណុចរសើប គឺពេលជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។ B.I លើកឡើងតាមលំដាប់លំដោយថា៖ «តាំងពីខ្ញុំនៅក្មេង ខ្ញុំមានអារម្មណ៍រំញោចខ្លាំងចំពោះលទ្ធផលអ្វីមួយ ព្រោះជាមនុស្សចូលចិត្តប្រកួតប្រជែងខ្លាំង។ ខ្ញុំជក់ចិត្ត និងត្រូវការសម្ដែងឲ្យបានល្អបំផុត ធ្វើបទចម្រៀងឲ្យបានល្អបំផុត។ ខ្ញុំមិនទាន់មានភាពចាស់ទុំគ្រប់គ្រាន់ក្នុងការទ្រាំទ្រនឹងសម្ពាធដែលខ្ញុំដាក់បន្ទុកមកលើខ្លួនខ្ញុំបានទេ»។
ក្នុងនោះ B.I ក៏បានលើកឡើងពី ការលង់ខ្លួនចូលក្នុងភពងងឹត ដោយជ្រើសផ្លូវខុសមួយពេល បណ្ដាលឲ្យមានវិប្បដិសារី ព្រោះតែគំនិតក្មេងខ្ចី និងភាពល្ងង់ខ្លៅកាលពីពេលនោះ ព្រមទាំងបន្ថែមទៀតថា៖
«ចិត្តខ្ញុំពេលនោះ ឡើងទទេ បន្ទាប់មកខ្ញុំចាប់ផ្តើមគិតអំពីមនុស្សដែលខ្ញុំអន់ចិត្ត និងធ្វើឲ្យ គ្រួសារខ្ញុំ មិត្តភ័ក្តិ អ្នកគាំទ្រខ្ញុំខូចចិត្ត ហើយខ្ញុំស្អប់ខ្លួនឯងណាស់។ គ្រួសារខ្ញុំមិននិយាយអ្វីច្រើនទេជាមួយខ្ញុំ ពួកគាត់គ្រាន់តែឱបខ្ញុំ ហើយយើងយំទាំងអស់គ្នា»។
«ក្រោយមកខ្ញុំក៏ព្យាយាមផ្លាស់ប្តូរការយល់ឃើញរបស់មនុស្សមកកាន់ខ្ញុំ មិនមែនត្រឹមតែនិយាយប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំបង្ហាញឲ្យឃើញតាមរយៈសកម្មភាពដែរ។ បន្តិចម្ដងៗ ខ្ញុំក៏ព្យាយាមបញ្ចុះបញ្ចូលអ្នកគ្រប់គ្នាដែលខ្ញុំបានជួប។ ខ្ញុំមិនអាចនិយាយថា វាពិតជាកើតឡើងនៅពេលនេះទេ ប៉ុន្តែខ្ញុំនឹងធ្វើឱ្យប្រាកដថាវាកើតឡើង។ ខ្ញុំក៏គិតថាខ្ញុំត្រូវចេញអាល់ប៊ុម ប៉ុន្តែខ្ញុំភ័យខ្លាច។ ខ្ញុំបានដើរទៅមុខដោយគំនិតមួយ — ដើម្បីសងដល់អ្នកទាំងអស់ដែលតែងនៅខាងខ្ញុំ»។ B.I បន្ថែម។
ទាំងនេះជាការលើកឡើងរបស់ B.I ជាលើកដំបូង ក្រោយជួបរឿងជាច្រើនក្នុងជីវិត ពិសេសពេលជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ដែលនាំឲ្យលោកត្រូវដកខ្លួនចេញពីក្រុមជាទីស្រឡាញ់ ប៉ុន្តែដោយសារបទពិសោធជីេះិតទាំងនេះ បានជម្រុញលោកឲ្យសាងចិត្តរឹងមាំ ព្រមទាំងវិលមកវិញបានលើវិថីមួយនេះ៕