កម្ពុជា រៀបចំការប្រកួតកីឡាម៉ូតូទឹកអន្ដរជាតិ ក្នុងគោលបំណងធំៗ៣
- 2022-05-21 03:36:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា រៀបចំការប្រកួតកីឡាម៉ូតូទឹកអន្ដរជាតិ ក្នុងគោលបំណងធំៗ៣
ចន្លោះមិនឃើញ
កម្ពុជារៀបចំព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹកកម្រិតអន្តរជាតិ គឺជាការដុសខាត់សមត្ថភាព កីឡាករ គណកម្មការបច្ចេកទេស ជាពិសេសចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកទស្សនាកម្ពុជា។
មួយវិញទៀតបើតាម ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះ សីហនុ បានបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹកកម្រិតអន្តរជាតិ ឆ្នាំ២០២២ ( Cambodia International JET SKI Championship 2022 ) ធ្វើឡើងក្នុងគោលបំណងធំៗ ចំនួន៣ គឺ៖
១. វាស់ស្ទង់សមត្ថភាពកីឡាករ និងគុណផលកីឡា សម្រាប់ត្រៀមដណ្តើមមេដាយ នៅស៊ីហ្គេម ឆ្នាំ២០២៣
២.វាស់ស្ទង់សមត្ថភាពគណៈកម្មការបច្ចេកទេសរៀបចំព្រឹត្តិការណ៍ប្រកួត របស់សហព័ន្ធត្រៀមធ្វើជា ម្ចាស់ផ្ទះនៅកម្ពុជា ឆ្នាំ២០២៣
៣. ចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និកទស្សនាកម្ពុជា ជាពិសេសបង្ហាញពី ការចាប់ផ្តើមស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្នុង និងក្រោយស្ថានភាពវិបត្តិជម្ងឺកូវីដ-១៩។
ឯកឧត្តម អភិបាលខេត្ត បន្តថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយកត្តិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ។ ក្នុងនោះវិស័យកីឡា ក៏បានយកចិត្តទុកដាក់ សំដៅកសាងធនធានមនុស្សឱ្យមានសុខភាពល្អ សមត្ថភាព និងសីលធម៌ខ្ពស់ ក្នុងការត្រៀមធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ។ ឯកឧត្តម គួច ចំរើន បន្ថែមទៀតថា ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃវិស័យកីឡាជាតិ ក្នុងតំបន់ កម្ពុជាបានរៀបចំការប្រកួតកម្រិតជាតិ និងអន្តរជាតិ ដើម្បីជ្រើសរើសបានកីឡាករ កីឡាការិនីល្អៗ ចូលក្នុងក្រុមជម្រើសជាតិហ្វឹកហាត់ ជាពិសេសសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានត្រៀមខ្លួនជាស្រេច ក្នុងការហ្វឹកហាត់ពង្រឹងសមត្ថភាពកីឡាករ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ ជាមួយគ្នានេះ ឯកឧត្តម ក៏អំពាវនាវដល់វិស័យឯកជនសប្បុរសជនចូលរួមឧបត្ថម្ភគាំទ្រជាស្មារតី សម្ភារៈថវិកាដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡាជាតិយើង ។ ក្រោមពាក្យស្លោក រួមគ្នាធ្វើអ្វីៗ ទំាង អស់គ្នា ដើម្បីកីឡាឆ្ពោះទៅជោគជ័យ ស៊ីហ្គេម ឆ្នាំ២០២៣។
ឯកឧត្តម ណុះ ស្លេះ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹកកម្រិតអន្តរជាតិឆ្នាំនេះ មានប្រតិភូ កីឡាករ កីឡាការិនីខ្លាំងៗចំនួន៦០ នាក់កម្រិតអន្តរជាតិ និងពិភពលោក មកចូលរួមប្រកួតដណ្ដើមពានរង្វាន់ និងប្រាក់រង្វាន់ជាង ៣ម៉ឺនដុល្លារ ក្នុងនោះមាន៖ កីឡាករកម្ពុជា វីរៈកីឡាករ សលី អ៊ូមើត មេដាយមាស អាស៊ីហ្គេម ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី កីឡាករជម្រើសជាតិ ម៉ឹន មូសស្តាន កៃ វ៉ាន់ស៊ីដែន សាលី ហ្វីលីន ម៉ីន អូស្មាន់ ជាដើម មកពី៤ប្រទេសគឺ កម្ពុជាម្ចាស់ផ្ទះ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រទេសថៃ ប្រកួតលើ ៧វិញ្ញាសា និងមានគណៈកម្មការបច្ចេកទេសអន្តរជាតិមាន ១៣នាក់ និងគណៈកម្មការថ្នាក់ជាតិ ៣៥នាក់។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹកកម្រិតអន្តរជាតិ ឆ្នាំ២០២២ ធ្វើរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ហើយពិធីបើកក៏មានការដង្ហែម៉ូតូ ឡាន និងក្រុមម៉ូតូទឹកកីឡាករលើកទឹកផងដែរ ៕