គួរឲ្យសង្វេគ! អ្នកផ្សេងបានធូរស្បើយពីជំងឺ ទើបចេញមកផ្ទះ តែ រិទ្ធ សារី ស្ថានភាពកាន់ដុនដាប សុំពេទ្យចេញមកផ្ទះ
- 2022-05-25 03:37:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរឲ្យសង្វេគ! អ្នកផ្សេងបានធូរស្បើយពីជំងឺ ទើបចេញមកផ្ទះ តែ រិទ្ធ សារី ស្ថានភាពកាន់ដុនដាប សុំពេទ្យចេញមកផ្ទះ
ចន្លោះមិនឃើញ
ស្ថានភាពជំងឺរបស់តារាសម្ដែងជើងចាស់ រិទ្ធ សារី កាន់តែដុនដាប ហើយគ្រួសារក៏អស់លទ្ធភាពយកបន្ដការព្យាបាល។ ទន្ទឹមគ្នានេះលោក ស៊ុក សុភា បានប្រកាសរកជំនួយសប្បុរសធម៌ ដើម្បីជួយដល់លោកតា រិទ្ធ សារី ដែលលោកហៅថាលោកពុកៗ ព្រោះកន្លងទៅលោកធ្លាប់ថតរឿងជាមួយគ្នាក្នុងតួអង្គឪពុក និងកូន ឬជាចាស់ព្រឹទ្ធាចារ្យជាច្រើនរឿង។
លោក ស៊ុក សុភា និយាយថា តារាភាពយន្ដដ៏ល្បី គឺលោកពុក រិទ្ធ សារី ដែលសព្វថ្ងៃមានវ័យជាង ៨០ឆ្នាំ បានសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយក្នុងខេត្ដបាត់ដំបង តែឥឡូវគ្រួសារបានសុំមកសម្រាកព្យាបាលនៅផ្ទះវិញ ដោយអស់លទ្ធភាពក្នុងការព្យាបាលជំងឺ។ ប៉ុន្ដែលោក ស៊ុក សុភា ឲ្យដឹងថា ស្ថានភាពជំងឺរបស់លោកតាម្ដងនេះ គឺយ៉ាប់ខ្លាំងហើយ។
សំណេរដោយមានភ្ជាប់រូបថតជាច្រើនសន្លឹកបង្ហាញពីសកម្មភាពសម្ដែងរួមគ្នារវាងលោក និងលោកតា រិទ្ធ សារី កាលពីអតីតនិងរូបថតលោក រិទ្ធ សារី កំពុងត្រូវបានគ្រូពេទ្យរុញចូលក្នុងម៉ាស៊ីនស្កែន ត្រូវបានបង្ហោះដោយតារារូបនេះ ឲ្យដឹងថា រូបលោក និងភរិយា ព្រមទាំងកូនៗ បានជូនថវិការមួយចំនួនដល់លោក រិទ្ធ សារី ក្នុងគ្រាដ៏លំបាកនេះ ហើយលោកក៏បានអំពាវនាវដល់សប្បុរសជនដទៃទៀតដែរ។
ចូលដល់វ័យ ៨០ឆ្នាំ ស្ថានភាពជំងឺរបស់លោក រិទ្ធ សារី កាន់តែធ្ងន់ធ្ងរ ហើយលោកតែចូលពេទ្យព្យាបាលញឹកញាប់។ កន្លងទៅសម្ដេចតេជោ ហ៊ុន សែន ក៏ធ្លាប់ឧបត្ថម្ភចំនួន១ម៉ឺនដុល្លារដែរ ហើយក្រោយមកទៀតក៏មានសិល្បករ-សិល្បការិនីខ្មែរមួយចំនួនទៀត ក៏បានរួមចំណែកក្នុងការចេញថ្លៃព្យាបាលជំងឺរបស់លោកដែរ៕