ឡេង ណូរ៉ា បានតាំងចិត្តថា នឹងប្រឹងប្រែងឲ្យខ្លាំងជាងមុនទ្វេដង ដើម្បីបានជាប់ជម្រើសជាតិវិញ
- 2022-05-30 02:13:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡេង ណូរ៉ា បានតាំងចិត្តថា នឹងប្រឹងប្រែងឲ្យខ្លាំងជាងមុនទ្វេដង ដើម្បីបានជាប់ជម្រើសជាតិវិញ
ចន្លោះមិនឃើញ
ខ្សែការពារស្លាបរបស់ក្លឹបវិសាខា និងអតីតជម្រើសជាតិកម្ពុជា ឡេង ណូរ៉ា បានបង្ហាញការខកចិត្តក្រោយរូបគេរងរបួសមិនអាចជាប់ជម្រើសជាតិ U23 ទៅស៊ីហ្គេម និងកាលពីពេលថ្មីៗនេះគេក៏បានខកខានមិនបានជាប់ជម្រើសជាតិឈុតធំលេងមិត្តភាពទល់ទីម័រខាងកើតថ្ងៃទី២ខែមិថុនា ខាងមុខនេះទៀត។
ក្រោយខកខានឱកាសបានជាប់ជម្រើសជាតិចំនួនពីរលើកនេះធ្វើឲ្យកីឡាករកូនកាត់ខ្មែរ-នីហ្សេរីយ៉ារូបនេះងាកមកប្រឹងប្រែងហ្វឹកហាត់ឲ្យបានខ្លាំងជាងមុនទ្វេដង ដើម្បីអាចឲ្យគេមានការចាប់អារម្មណ៍ពីគ្រូបង្វឹកបានចូលលេងក្នុងក្លឹប និងទទួលបានការមើលឃើញពីលោក Honda អ្នកចាត់ការក្រុមគោព្រៃកម្ពុជា។
កីឡាករវ័យក្មេងដែលធ្លាប់រស់នៅក្នុងមណ្ឌលកុមារកំព្រារូបនេះបាននិយាយថា «វាពិតជារឿងសោកស្ដាយបំផុតមួយក្នុងការមិនបានជាប់ទៅលេងស៊ីហ្គេមនៅវៀតណាម។ ជាងនេះទៅទៀតវាបានធ្វើឲ្យខ្ញុំស្ដាយម្ដងទៀតក្រោយមិនបានជាប់ជម្រើសជាតិឈុតធំលេងមិត្តភាពថ្ងៃខាងមុខនេះ។ ខ្ញុំគិតថាវាជាឱកាសពិសេសមួយនៅពេលខ្ញុំបានជាប់ទៅ នឹងអាចទទួលបានបទពិសោធពីរៀមច្បងៗ។ តែយ៉ាងណាក្រោយខកខាននេះខ្ញុំនឹងប្រឹងប្រែងឲ្យបានខ្លាំងជាងមុនវិញ ទាំងការហ្វឹកហាត់និងការបង្ហាញលើទីលានឲ្យបានទ្វេដងក្រែងអាចបានជាប់វិញបង...»។
រំលឹកថា ឡេង ណូរ៉ា មិនបានជាប់ជម្រើសជាតិទៅលេងស៊ីហ្គេមនៅវៀតណាមក៏ព្រោះតែយុវជនឆ្នើមរបស់កម្ពុជារូបនេះបានរងរបួសចង្កេះ។ ប៉ុន្តែគេបានជាសះស្បើយឡើងវិញមួយរយៈពេលមកហើយ ព្រមទាំងបានចូលលេងឲ្យវិសាខាមួយប្រកួតផងដែរ៕