កុំព្យូទ័រគាំងៗចង់ទិញថ្មី តែអត់ចេះទិញខ្លាចប្រើមិនបានប៉ុន្មានយឺតដូចអាចាស់? តាមពិតងាយរើសសោះ!

  • 2022-06-02 03:04:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុំព្យូទ័រគាំងៗ ចង់ទិញថ្មី តែអត់ចេះទិញ ខ្លាចប្រើមិនបានប៉ុន្មានយឺតដូចអាចាស់ អញ្ចឹងមកអានអត្ថបទនេះសិន អ្នកនឹងដឹងរបៀបទិញឲ្យបានត្រឹមត្រូវទៅតាមកម្រិតថវិកា ចំណាយលុយម្តងប្រើបានយូរ។

តាមពិតការជ្រើសរើសកុំព្យូទ័រគឺមិនពិបាកឡើយ មួយណាថ្លៃគឺល្អជាងហើយ ប៉ុន្តែបើចង់ចំណាយតិច តែបានរបស់ល្អនោះទើបពិបាក។ ដើម្បីអាចរើសកុំព្យូទ័រឲ្យបានល្អ យើងត្រូវយល់ពីបច្ចេកវិទ្យាកម្លាំងកុំព្យូទ័រខ្លះផងដែរ ដែលមានដូចខាងក្រោម៖

១. ប្រព័ន្ធប្រតិបត្តិការ

ប្រព័ន្ធប្រតិបត្តិការប្រៀបដូចជាបេះដូងនៃកុំព្យូទ័រអញ្ចឹង! ត្រង់ចំណុចនេះ ប្រហែលជាមិនស៊ាំញាំនោះទេ ព្រោះបច្ចុប្បន្ន ប្រព័ន្ធប្រតិបត្តិការធំៗមានតែ ៣ប៉ុណ្ណោះមានដូចជា Window ដែលគេប្រើទូទៅ, Mac OS និង Linux ដែលគេច្រើនឃើញមានអ្នក Programmer ក៏ដូចជាអ្នក IT ប្រើប្រាស់។ Mac និង Window ពេញនិយមដូចគ្នា ប៉ុន្តែ Mac ហាក់ពិបាកប្រើជាងបន្តិច ពិបាកវាយអក្សរខ្មែរ និងមានតែនៅលើ Apple ប៉ុណ្ណោះ ដោយឡែក Window ងាយស្រួលប្រើជាងច្រើន និងងាយស្រួលរៀនដែរ ព្រោះគេតែងយក Window មកបង្រៀន ដែលធ្វើឲ្យអារម្មណ៍ពេលប្រើប្រាស់មិនសូវយល់ថាពិបាក។

មូលហេតុចំបងដែលត្រូវរើសយក Mac OS នោះគឺដោយសារតែមានការងារខ្លះ Window គឺមិនអាចធ្វើបានឡើយដូចជាកម្មវិធីកាត់តវីដេអូ Final Cut និងកម្មវិធីសរសេរកម្មវិធីសម្រាប់ប្រើលើ iOS ជាដើម។

Mac OS

ចំពោះ Window វិញគេរើសវាដោយសារភាពងាយស្រួល ស្គាល់ Font ខ្មែរពេញលេញ ងាយស្រួល Crack កម្មវិធីដែលគិតលុយឲ្យប្រើបានដោយឥតគិតថ្លៃ។

Window 11

២. CPU

បន្ទាប់មកគឺខួរក្បាលនៃកុំព្យូទ័រ ដែលហៅថា CPU។ CPU វានឹងដើរតួរនាទីជាអ្នកគិត ដូច្នេះល្បឿនលឿនពាក់កណ្តាលគឺពឹងលើវា។ របៀបនៃការជ្រើសរើសខ្ញុំលើកយកតែ Intel មកនិយាយសិន ព្រោះវាពេញនិយមជាងគេ និងមាននៅលើគ្រប់ laptop។

CPU ល្បីៗដែលតែងតែឮគេនិយាយរត់មាត់នោះគឺ Core i3, Core i5 និង Core i7 របៀបចំណាំគឺងាយយល់ទេ i3 ខ្សោយជាងគេ ហើយ i7 ខ្លាំងជាងគេ។ ដោយឡែក Core i នីមួយៗមានលេខនៅខាងក្រោយបញ្ជាក់ពីស៊េរី និងប្រភេទផងដែរ។

ឧទាហរណ៍ Core i5 1240u លេខខាងមុខតំណាងឲ្យជំនាន់ទី១២របស់វា ហើយកន្ទុយខាងក្រោយជាប្រភេទ CPU។ ការជ្រើសរើសជំនាន់នេះវាទាមទារបទពិសោធ និងការប្រើប្រាស់ជាក់ស្តែង ព្រោះជួនកាល intel Core i5 ជំនាន់ទី១២ អាចខ្សោយ ឬខ្លាំងជាង Intel Core i7 ជំនាន់ទី១០ ផងដែរ។ ក្រៅពី ៣ស៊េរីខាងលើ CPU នៅមានច្រើនប្រភេទ ច្រើនម៉ាកថែមទៀត ដែលត្រូវស្វែងយល់បន្ថែម។

ម៉្យាងទៀត CPU ក៏មានចំនួនអង្គគណនារបស់ខ្លួនផងដែរ ប្រសិនការងារទូទៅគេអាចប្រើត្រឹម 4Cores 4threds បាន ប៉ុន្តែបើត្រូវការកម្លាំងខ្លាំង ចំនួន Core ក៏ត្រូវការច្រើនដែរទៅតាមតម្រូវការជាក់ស្តែង។

៣. RAM

នៅពេលដែល CPU គណនារួច គឺវានឹងមិនរក្សាទុកជាអចិន្ត្រៃយ៍នោះឡើយ ដោយវានឹងត្រូវការ RAM ដើម្បីរក្សាទុកបណ្តោះអាសន្ន។ RAM មានទំហំផ្ទុកធំអាចឲ្យអ្នកឆ្លាស់កម្មវិធីទៅមកបានរលូន និងជាពិសេសនោះគឺអាចប្រើកម្មវិធីធំៗបានស្រួល។

ចំពោះកុំព្យូទ័រដែលមានទំហំ RAM តូចអាចនឹងប្រឈមនឹងការពេញពេលកំពុងធ្វើការ បណ្តាលឲ្យមិនអាចបន្តរការងារបាន។ បញ្ហានេះកើតឡើងលើអ្នកប្រើ Word Exel ធំៗ កាត់តវីដេអូច្រើន និងអ្នកដែលចូលចិត្ត Research តាម Browser។

ជាមធ្យមចំពោះឆ្នាំ ២០២២នេះ 8GB គឺជាទំហំមួយល្មម ហើយបើនៅតែមិនគ្រាន់អ្នកអាចតម្លើងបានរហូតដល់ប្រើគ្រាន់ ឲ្យតែមានលុយ ប៉ុន្តែវាក៏អាស្រ័យថាតើ CPU អ្នកគាំទ្រដល់កម្រិតណា។

៤. អង្គផ្ទុកទិន្នន័យ

ដូចដែលបានលើកឡើងមកខាងលើ CPU អាចធ្វើឲ្យល្បឿនកុំព្យូទ័រលឿនតែពាក់កណ្តាលប៉ុណ្ណោះ ដោយទុកឲ្យ RAM និង អង្គផ្ទុកទិន្នន័យជួយជ្រោមជ្រែងបន្ថែម។ អង្គផ្ទុកទិន្នន័យមានពីរប្រភេទធំៗ មានល្បឿនបញ្ជូនខុសគ្នា ហើយតម្លៃក៏ខុសគ្នាទៅតាមនោះដែរ។ HDD មានល្បឿនយឺតជាង ប៉ុន្តែមានតម្លៃធូរថ្លៃ និងមានទំហំផ្ទុកបានធំ ផ្ទុយទៅវិញ SSD ជាប្រភេទមានល្បឿនលឿន តម្លៃថ្លៃ និងមានទំហំផ្ទុកតូច។ និយាយឲ្យចំទៅ ចំពោះតម្លៃរបស់វាគឺប្រហាក់ប្រហែលគ្នាទេ គ្រាន់តែថាក្នុងតម្លៃមួយដូចគ្នាអ្នកអាចទិញ SSD បានត្រឹម 256GB តែបើទិញ HDD គឺបានដល់ 1TBឯណោះ។

ចំពោះអ្នកដែលចង់បានល្បឿនលឿនគួររើសប្រភេទ SSD ហើយបើមានឯកសារច្រើនអាចរើសម៉ូឌែលកុំព្យូទ័រណា ដែលមានរន្ធទាំង SSD និង HDD ជៀសវាងរើសយកតែម៉ូឌែលដែលមានតែ HDD។

ត្រង់ចំណុចនេះខ្ញុំចង់សង្កត់ធ្ងន់បកស្រាយទៅលើមូលហេតុដែលមានកុំព្យូទ័រខ្លះស្រាប់តែដើរយឺតបន្ទាប់ពីប្រើបាន១ឆ្នាំ ឬយូរជាងនេះ គឺដោយសារតែ HDD មានល្បឿនមិនស្ថិតស្ថេរឡើយ ដោយវានឹងធ្លាក់បន្តិចម្តងៗ មួយថ្ងៃទៅមួយថ្ងៃ ខុសពី SSD ដែលរក្សាគម្លាតនៃការធ្លាក់ល្បឿនបានល្អ។ ដូច្នេះហើយបើចង់ឲ្យកុំព្យូទ័ររក្សាល្បឿនលឿនដដែលដូចកាលទើបទិញនោះ អ្នកដាច់ខាតត្រូវជ្រើសរើសកុំព្យូទ័រដែលមាន SSD តែម្តង។

៥. GPU

ចំណុចនេះគ្រាន់តែជាមុខងារបន្ថែមប៉ុណ្ណោះមិនជួយលើល្បឿននោះទេ។ វាមានតួនាទីជំនួយដំណើរការក្រាហ្វិក 3D ដែលបង្ហាញមកលើអេក្រង់។ ស្តាប់ទៅដូចសំខាន់ដែរ ប៉ុន្តែវាមិនសំខាន់ពេកទេ ព្រោះនៅជាប់នឹង CPU គឺមាន GPU មកស្រាប់ គ្រាន់តែវាមិនខ្លាំងឡើយ ល្មមសម្រាប់ការងារស្រាលៗ។ ជាឧទាហរណ៍ ការងារបែបគូរប្លង់គឺត្រូវការ CPU សម្រាប់ដំណើរការ បន្ទាប់ពីរគូររួចគេត្រូវការកម្លាំង GPU ស្ទើងទាំងស្រុង Render ចេញជារូបភាព ដូច្នេះហើយគេត្រូវរកម៉ូឌែលដែលមាន GPU ខ្លាំងៗ។ រូបភាព Render កាន់តែច្បាស់ ត្រូវការកម្លាំង GPU កាន់តែច្រើន។ ក៏ដូចគ្នាទៅលើការងារបែបកាត់តវីដេអូ ដោយវាជួយឲ្យការកាត់តមានភាពរលូន មិនទាក់។ រីឯការលេងហ្គេមវិញ គឺពឹងផ្អែកទាំងស្រុងលើ GPU នេះតែម្តង។

របៀបនៃការជ្រើរើសខ្ញុំសុំលើកយក GPU Nvidia មកបង្ហាញ។ ឧទាហរណ៍ RTX3050 មានន័យថា GPU នេះស្ថិតក្នុងត្រកូល 30 និងមានកម្រិតស៊េរី 50 ហើយម៉ូឌែលកំពូលគឺ RTX3090Ti ។ ការរើស GPU ស្រដៀងនឹង CPU ដែលដោយវាស្ថិតលើការងារជាក់ស្តែង ជួនកាល RTX2090 អាចខ្លាំងជាង RTX3070 ក៏ថាបាន ព្រោះ RTX2090 ជាមូឌែលកំពូល ហើយ RTX3070 ជាមូឌែលកណ្តាលប៉ុណ្ណោះ។

៦. អេក្រង់

GPU បង្ហាញរូបមកហើយ ចុះបើអេក្រង់អន់មិនវីវទៅហើយទេ? មែនហើយបើអ្នកគ្រាន់តែវាយឯកសារ អេក្រង់មិនសំខាន់ទេ តែសម្រាប់អ្នកដែលត្រូវការពណ៌ច្បាស់ដូចជាអ្នក Design គឺប្រាកដជាត្រូវការចាំបាច់ ហើយណាមួយទោះទុកធ្វើការក៏ដោយ ក៏ប្រហែលជាត្រូវប្រើសម្រាប់មើលខ្សែរភាពយន្តកម្សាន្តដែរ។

អេក្រង់ច្បាស់មិនច្បាស់ មិនអាស្រ័យលើកម្រិតបង្ហាញ 1080p, 2K, 4K ទាំងស្រុងនោះឡើយ ដោយប្រភេទបន្ទះបង្ហាញ និងកម្រិតបង្ហាញទឹកពណ៌ក៏ជាអ្នករួមចំណែកដែរ។ បើចង់បានអេក្រង់ដែលមានពណ៌ត្រឹមត្រូវគួរររើសប្រភេទ 2K មានកម្រិតបង្ហាញ SRGB 100% ។ សព្វថ្ងៃបន្ទះបង្ហាញមានច្រើនប្រភេទដូចជា NT, IPS, AMOLED ជាដើម ប៉ុន្តែសូមជៀសប្រភេទប្រើអេក្រង់ NT ព្រោះវាមិនអាចបង្ហាញពណ៌ស្អាតទេ យ៉ាងហោចណាស់គួររើសប្រភេទដែលមានអេក្រង់ IPS។

៧. តម្លៃ និងការសម្រេចចិត្ត

ម៉ាស៊ីនដែលខ្លាំងប្រាកដជាថ្លៃ ប៉ុន្តែបើចង់កាត់បន្ថយការចំណាយ គួរកុំកាត់ថ្លៃ SSD ចោលអី ព្រោះវានឹងដើរតួរយ៉ាងសំខាន់លើល្បឿនកុំព្យូទ័រ។ ប្រសិនបើអ្នកត្រូវការកុំព្យូទ័រខ្លាំង ប៉ុន្តែខ្វះថវិកា ខ្ញុំគិតថាគួរតែសន្សំលុយបន្ថែម ទិញម្តងប្រើរហូតជៀសជាងទិញអាថោកសិន ទើបទិញអាថ្លៃ អស់លុយពីរដង ហើយប៉ះពាល់អារម្មណ៍ព្រោះមិនអាចបំពេញការងារតាមតម្រូវចិត្ត។

ប៉ុន្តែមិនមែនអស់ផ្លូវទេ ព្រោះរូបរាងខាងក្រៅក៏ប៉ះពាល់ដល់តម្លៃដែរ ដោយកុំព្យូទ័រកាន់តែស្តើង តម្លៃកាន់តែថ្លៃ បើសិនបន្ទាន់ប្រើហើយ តែរូបរាងខាងក្រៅ ទម្ងន់ មិនមែនជាបញ្ហា អ្នកអាចរើសយកអាក្រាស់បន្តិច ផលិតឡើងដោយជ័រ ទម្ងន់ធ្ងន់បន្តិចក៏បាន។ ហើយបើចង់បានស្អាត ខ្លាំងហើយថោកទៀត គឺមានតែជម្រើសម៉ាស៊ីន១ទឹកប៉ុណ្ណោះ ប៉ុន្តែសូមនាំអ្នកជំនាញទៅជាមួយផង ព្រោះរបស់មួយទឹកមិនមានធានានោះទេ។

សង្ឃឹមថាក្រោយពីបានអានរួច ប្រិយមិត្តនឹងអាចមានទំនុកចិត្តបន្ថែម ក្នុងការជ្រើសរើសកុំព្យូទ័របន្ទាប់របស់ខ្លួន ដោយភាពជឿជាក់។ យ៉ាងណាក៏ដោយបើសិនមិនទាន់មានលុយ តែចង់ឲ្យកុំព្យូទ័រដើរលឿនជាងនេះ អ្នកក៏អាចជ្រើសរើសវិធីប្តូរ HDD របស់កុំព្យូទ័រអ្នកមកប្រើ SSD វិញ ហើយបន្ថែមទំហំ RAM។ ក៏សូមបញ្ជាក់ផងដែរថា វិធីនេះដោះស្រាយបានតែបញ្ហាយឺតបណ្តាលមកពី HDD ធ្លាក់ល្បឿនប៉ុណ្ណោះ ហើយប្រសិនបើវាយឺតពេលដំណើរការការងារ នោះមានន័យថាអ្នកដល់ពេលប្តូរថ្មី ជ្រើសរើសយកម៉ាស៊ីនដែលមាន CPU ធំជាងនេះវិញម្តង៕

អត្ថបទ៖ Thea Sothun